ការស្រាវជ្រាវថ្មីបង្ហាញថា វៀតណាមប្រើប្រាស់ទឹកខ្ជះខ្ជាយ

កាសែតវៀតណាម VNexpress បានចេញផ្សាយ ដោយដកស្រង់របាយការណ៍ របស់ក្រសួងជំនាញ កាលពីថ្ងៃអាទិត្យថា ការប្រើប្រាស់ទឹកនៅវៀតណាម មានការខ្ជះខ្ជាយ។

ប្រភពបានបញ្ជាក់ថា ភាពខ្ជះខ្ជាយទឹក ឬ ការប្រើប្រាស់ទឹកមិនមានប្រសិទ្ធិភាព គឺត្រូវបានវាស់ស្ទង់លើផលចំណេញ ដែលបានពីការប្រើប្រាស់ទឹក ក្នុងមួយម៉ែត្រគូបៗ លើសកម្មភាពកសិកម្ម ឧស្សាហកម្ម និងសេវាកម្មផ្សេងៗ។ ក្នុងនោះ ជាមធ្យម នៅលើពិភពលោក ទឹកមួយម៉ែត្រគូប អាចផ្តល់តម្លៃសេដ្ឋកិច្ច ជាង១៩ដុល្លារអាមេរិក ប៉ុន្តែ វៀតណាមទទួលបានត្រឹមជាង ២ដុល្លារអាមេរិក ក្នុងមួយម៉ែត្រគូប។

ក្នុងរបាយការណ៍ ផ្ញើជូនគណៈប្រតិភូរដ្ឋសភា រដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថាន លោក Dang Quoc Khanh បាននិយាយថា វៀតណាមមិនបានប្រើប្រាស់ទឹក ប្រកបដោយប្រសិទ្ធភាពនោះទេ ជាពិសេសសម្រាប់វិស័យកសិកម្ម និងនៅតំបន់ទីក្រុង។

យោងតាមក្រសួងធម្មជាតិ និងបរិស្ថាន បានឱ្យដឹងថា ប្រទេសវៀតណាមមិនបានបង្កើតផែនការត្រឹមត្រូវ ទាក់ទិននឹងរបៀបគ្រប់គ្រង និងចែកចាយធនធានទឹក តាមដងទន្លេ ដែលនាំឱ្យការប្រើប្រាស់ទឹក ក្នុងតំបន់ មិនបានធ្វើឱ្យប្រសើរ សម្រាប់ផលប្រយោជន៍សេដ្ឋកិច្ច សង្គម។

ហេតុផលផ្សេងទៀត សម្រាប់ការប្រើប្រាស់ទឹកដោយខ្ជះខ្ជាយ រួមមានជម្លោះផលប្រយោជន៍ រវាងវិស័យផ្សេងៗគ្នា រួមមានវារីអគ្គិសនី កសិកម្ម ផលិតកម្ម និងការប្រើប្រាស់លក្ខណៈស៊ីវិល។

លោករដ្ឋមន្ត្រី បាននិយាយថា ការវិនិយោគក្នុងវិស័យទឹក នៅខ្វះខាត ហើយការបែងចែកធនធាន មិនមានតុល្យភាព។ ទន្ទឹមនឹងនេះ ទន្លេ និងអាងស្តុកទឹកជាច្រើនកំពុងបង្ហាញសញ្ញាពីការថយចុះ នៃលំហូរទឹក។

ក្រសួងបាននិយាយថា ប្រទេសវៀតណាមមានអាងស្តុកទឹកប្រហែល ជាង១ពាន់កន្លែង ដែលរងការខូចខាត ដែលមិនអាចគ្រប់គ្រងទឹកជំនន់ ហើយមិនមានមូលនិធិសម្រាប់កែលម្អ។

អាជ្ញាធរក៏មានការព្រួយបារម្ភអំពីហានិភ័យខ្ពស់ចំពោះបឹងនានា និងសុវត្ថិភាពទំនប់ទឹក ដោយសារការប្រែប្រួលអាកាសធាតុ និងការកាប់បំផ្លាញព្រៃឈើ ផងដែរ។ នេះបើតាម VNexpress ដដែល៕

ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner