ឯកឧត្តម ហេង សួរ និងប្រធានសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា (AmCham) ប្តេជ្ញារួមគ្នាបង្កើនផលិតភាពការងារសម្រាប់ទាក់ទាញការវិនិយោគបន្ថែម

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃចន្ទ ទី៣ ខែមិថុនា ឆ្នាំ២០២៤នេះ បានជួបពិភាក្សាការងារជាមួយលោក Carsey Burnett ប្រធានសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា (AmCham) នៅទីស្តីការក្រសួង។

ក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្ត្រី និងលោក Carsey Burnett បានពិភាក្សាលើការដោះស្រាយបញ្ហាប្រឈមដើម្បីបង្កើនផលិតភាពការងារក្នុងចង្វាក់ផលិតកម្មសំដៅធ្វើឱ្យកម្លាំងពលកម្មនៅកម្ពុជាកាន់តែមានផលិតភាពខ្ពស់ ក្នុងការទាក់ទាញបាននូវការវិនិយោគបន្ថែមទៀតពីសហរដ្ឋអាមេរិក។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ទៅកាន់សមភាគីផងដែរថា ដើម្បីបង្កើនផលិតភាពការងាររបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរបន្ថែមទៀតក្នុងការបំពេញតម្រូវការជូនវិស័យឯកជននោះ គឺក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានផ្តល់ការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈទៅដល់ប្រជាពលរដ្ឋទាំងអ្នកមិនទាន់មានការងារធ្វើ និងអ្នកដែលកំពុងប្រកបការងារ អាចចូលសិក្សាបានតាមវេនសិក្សាដែលមានភាពបត់បែន។

ទន្ទឹមនឹងនេះ ភាគីទាំងពីរ បានឯកភាពរួមគ្នាជំរុញការអភិវឌ្ឍជំនាញថ្មីៗនៅកម្ពុជាដែលទីផ្សារកំពុងត្រូវការបន្ថែមទៀតដើម្បីបង្កើនផលិតភាពការងារឱ្យស្របទៅតាមតម្រូវការចាំបាច់ក្នុងទីផ្សារដែលកំពុងប្រកួតប្រជែង និងដើម្បីទាក់ទាញការវិនិយោគធំៗមកកាន់កម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ភាពជោគជ័យរបស់សភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា គឺជាអ្វីដែលក្រសួងផ្ទាល់ ក៏ដូចជារាជរដ្ឋាភិបាលចង់បាន ៕

ប្រភព ៖ ក្រសួងការងារ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner