អាមេរិកគ្រោងបញ្ជូននាវាមុជទឹកទៅជម្រៅទឹកកប៉ាល់ Titanic ជាថ្មី

ជាថ្មីម្តងទៀត មហាសេដ្ឋី មកពីរដ្ឋ Ohio សហរដ្ឋអាមេរិក គ្រោងបញ្ជូននាវាមុជទឹក ទៅកាន់ទីដែលកប៉ាល់ Titanic បានលិច ដើម្បីបង្ហាញថា ឧស្សាហកម្មនេះមានសុវត្ថិភាពជាងមុន ពោលគឺបន្ទាប់ពីកប៉ាល់ OceanGate បានជួបហេតុការណ៍អាក្រក់ ស្លាប់មនុស្ស កាលពីឆ្នាំមុន។ នេះបើតាម Technology Innovation។

ប្រភពដដែលនេះបានឲ្យដឹងថា លោក Larry Connor ដែលជាអ្នកវិនិយោគអចលនទ្រព្យ មកពីតំបន់ Dayton និងលោក Patrick Lahey ដែលជានាយកប្រតិបត្តិក្រុមហ៊ុនផលិតនាវាមុជទឹក Triton Submarines គ្រោងនឹងសហការគ្នា បញ្ជូននាវាទៅក្នុងជម្រៅទឹក ជិត៤គីឡូម៉ែត្រ ដើម្បីឲ្យបានទៅដល់កន្លែងលិចកប៉ាល់ Titanic ហើយនៅលើនាវា នឹងផ្ទុកមនុស្ស ចំនួនពីរនាក់។

ប្រភពបានបញ្ជាក់ថា ពួកគេនឹងផលិតកប៉ាល់មុជទឹកថ្មី តម្លៃ ២០លានដុល្លារ ដែលមានឈ្មោះថា Triton 4000/2 Abyssal Explorer ដែលជាការរចនារបស់ក្រុមហ៊ុន Triton Submarines ហើយមានសមត្ថភាពធ្វើដំណើរ ច្រើនដង។

ពួកគេមានបំណងបង្ហាញថា ការធ្វើដំណើរអាចត្រូវបានបញ្ចប់ ដោយសុវត្ថិភាព ទោះបីជាសោកនាដកម្ម នៃការបំផ្ទុះកប៉ាល់ Titan ក្នុងខែមិថុនា ឆ្នាំ២០២៣ ឆក់យកជីវិតមនុស្សទាំងប្រាំនាក់ នៅលើនាវា ដែលអ្នកស្លាប់ រួមមានទាំង នាយកប្រតិបត្តិរបស់ក្រុមហ៊ុន OceanGate គឺ លោក Stockton Rush ទៀតផង ក៏ដោយ។ យ៉ាងណាមិញ មិនទាន់មានការបង្ហាញពីពេលវេលាជាក់លាក់ នៃបេសកកម្មថ្មីនេះ នៅឡើយទេ៕

ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner