Microsoft ចាយទុនជាង ៣ពាន់លានដុល្លារ វិនិយោគលើ AI នៅស៊ុយអែត

ស្តុកខុល៖ ក្រុមហ៊ុន Microsoft បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួននឹងចាយទុនវិនិយោគ ៣.២ពាន់លានដុល្លារ ក្នុងរយៈពេល ២ឆ្នាំ ទៅលើហេដ្ឋារចនាសម្ព័ន្ធ cloud និងបញ្ញាសិប្បនិម្មិត AI នៅស៊ុយអែត ដែលវាជាការវិនិយោគដ៏ធំបំផុតនៅក្នុងប្រទេសនេះ។

ក្រៅពីការបោះទុនវិនិយោគ Microsoft ក៏នឹងបណ្តុះបណ្តាលមនុស្សចំនួន ២៥០,០០០នាក់នៅឆ្នាំ ២០២៧ ដើម្បីបង្កើនចំណេះដឹង និងសមត្ថភាព AI ព្រមទាំងបង្កើនសមត្ថភាពនៅមជ្ឈមណ្ឌលទិន្នន័យចំនួនបីរបស់ខ្លួននៅក្នុងប្រទេសស៊ុយអែត។

រីឯអង្គភាពក្រាហ្វិក (GPUs) ក្រុមហ៊ុន Microsoft ត្រូវការបុគ្គលិកជាង ២០,០០០នាក់ ដែលនឹងតម្រូវឱ្យទទួលការបណ្តុះបណ្តាលគំរូ AI ដើម្បីបង្កើនសមត្ថភាពនៅមជ្ឈមណ្ឌលទិន្នន័យរបស់ខ្លួននៅទីក្រុង Sandviken, Gavle និង Staffanstorp។

ប្រធានក្រុមហ៊ុន Microsoft លោក Brad Smith បានប្រាប់អ្នកយកព័ត៌មានក្នុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយនាយករដ្ឋមន្ត្រីស៊ុយអែត លោក Ulf Kristersson ថា នេះជាការវិនិយោគដ៏ធំបំផុតរបស់ Microsoft នៅក្នុងប្រវត្តិសាស្ត្រក្នុងប្រទេសស៊ុយអែត។ ហើយការរិនិយោគនេះ នឹងជួយឱ្យស៊ុយអែត បង្កើតហេដ្ឋារចនាសម្ព័ន្ធមជ្ឈមណ្ឌលទិន្នន័យ AI ឈានមុខគេលើពិភពលោក។

ជាមួយគ្នានេះ លោក Kristersson បាននិយាយថា AI គឺជាកាតាលីករសម្រាប់អ្វីៗជាច្រើន ហើយថា វាក៏នឹងជួយពន្លឿនការអភិវឌ្ឍន៍ក្នុងវិស័យផ្សេងៗទៀតផងដែរ។ លោកបន្ថែមថា ការវិនិយោគដ៏ធំរបស់ Microsoft នៅក្នុងប្រទេសស៊ុយអែត មានសក្តានុពល ក្នុងការត្រួសត្រាយផ្លូវសម្រាប់ការវិនិយោគផ្សេងៗបន្ថែមទៀត។

ក្រុមហ៊ុនបច្ចេកវិទ្យាកំពូលរបស់អាមេរិកមួយនេះក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ បានប្រកាសអំពីការវិនិយោគលើ AI ស្រដៀងគ្នានេះ នៅក្នុងប្រទេសផ្សេងៗទៀត រួមទាំងនៅក្នុងប្រទេសបារាំង ដែលខ្លួនបានប្តេជ្ញាថា នឹងបោះទុក វិនិយោគជាង ៤ពាន់លានដុល្លារ និងប្រទេសជប៉ុនជាកន្លែងដែលខ្លួនបានប្រកាសពីការជំរុញលើវិស័យ AI ចំនួន ២.៩ពាន់លានដុល្លារ៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner