មហាសេដ្ឋីជប៉ុន និងក្រុមសិល្បៈល្បីៗលុបចោលផែនការហោះហើរទៅភពព្រះចន្ទ

តូក្យូ៖ មហាសេដ្ឋីជនជាតិជប៉ុន លោក Yusaku Maezawa រួមទាំងក្រុមសិល្បៈល្បីៗដែលគាត់បានជ្រើសរើស បានសម្រេចចិត្តលុបចោលបេសកកម្ម dearMoon ដោយសារតែការពន្យារពេលការអភិវឌ្ឍនៃយានអវកាស Starship megarocket របស់ក្រុមហ៊ុន SpaceX។

លោក Maezawa ដែលបានកក់ដំណើរកម្សាន្តជាលក្ខណៈឯកជនហោះជុំវិញភពព្រះចន្ទ តាមរយៈយានអវកាស Starship របស់ក្រុមហ៊ុន SpaceX ក្នុងឆ្នាំ ២០១៨ ឥឡូវនេះបានលុបចោលគម្រោងដែលគាត់ហៅថា បេសកកម្ម dearMoon បន្ទាប់ពីរ៉ុក្កែតផ្ទុកយានអវកាសរបស់លោក Elon Musk នេះ នៅមិនទាន់ត្រៀមខ្លួនរួចរាល់ ដើម្បីបញ្ជូនគាត់ និងមនុស្ស៨នាក់ទៀតទៅកាន់ភពព្រះចន្ទកាលពីចុងឆ្នាំ ២០២៣។

មហាសេដ្ឋីជនជាតិជប៉ុនរូបនេះបានបង្ហោះសារនៅលើបណ្តាញសង្គម X ថា ខ្ញុំបានចុះហត្ថលេខាលើកិច្ចសន្យាក្នុងឆ្នាំ ២០១៨ ហើយបេសកកម្ម dearMoon នឹងចាប់ផ្តើមនៅចុងឆ្នាំ ២០២៣។ ប៉ុន្តែឥឡូវបេសកកម្មនេះត្រូវបានលុបចោលហើយ ដោយយាន Starship megarocket កំពុងស្ថិតក្នុងគម្រោងអភិវឌ្ឍនៅឡើយ ដូច្នេះគេនៅតែមិនទាន់ច្បាស់ ថាតើនៅពេលណាដែលយានអវកាសនេះអាចចាប់ផ្តើមដំណើរការទេ។ យោងតាមគេហទំព័រ dearMoon បានឱ្យដឹងថា ការធ្វើដំណើរដែលបានគ្រោងទុកទៅកាន់ភពព្រះចន្ទនេះ នឹងមានរយៈពេលប្រហែល៦ថ្ងៃ។

គួរបញ្ជាក់ផងដែរថា លោក Maezawa និងក្រុមការងាររបស់គាត់ បានក្លាយជាអ្នកធ្វើដំណើរជាលក្ខណៈឯកជនដំបូងគេចាប់តាំងពីឆ្នាំ២០០៩ ដែលបានធ្វើដំណើរទៅឈប់សំចតនៅស្ថានីយអវកាសអន្តរជាតិ ISS តាមរយៈរ៉ុក្កែត Soyuz របស់រុស្ស៊ី កាលពីខែធ្នូ ឆ្នាំ២០២១។ លោក Maezawa មានមុខរបរជាអ្នកជំនួញផ្នែកម៉ូត។ លោកបានបើកហាងលក់អនឡាញដ៏ធំមួយនៅប្រទេសជប៉ុន ដែលមានឈ្មោះថា Zozotown៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner