ក្រុមហ៊ុនដឹកជញ្ជូនដាណឺម៉ាក Maersk បង្កើនការព្យាករណ៍ចំណេញ ដល់៩ពាន់លាន

ក្រុមហ៊ុនដឹកជញ្ជូន ប្រទេសដាណឺម៉ាក Maersk បានបង្កើនការព្យាករណ៍ ពីប្រាក់ចំណេញសុទ្ធរបស់ខ្លួន អាចកើនដល់ ៩ពាន់លានដុល្លារអាមេរិក បើទោះបីជា វិបត្តិនៅសមុទ្រក្រហម ដែលបន្តរំខានដល់ការដឹកជញ្ជូនពិភពលោក ក៏ដោយ។

ក្រុមហ៊ុនបានអះអាងថា ការព្យាករណ៍នេះ ត្រូវបានបង្កើន លើសពីការព្យាករណ៍ពីមុន ក្នុងនោះ កាលពីត្រីមាសដំបូង ក្រុមហ៊ុនគិតថា ការចំណេញសុទ្ធនឹងមានត្រឹមតែចន្លោះ ពី៤ ទៅ ៦ពាន់លានដុល្លារ ប៉ុន្តែ នៅពេលនេះ ខ្លួនបានបង្កើនការព្យាករណ៍ដល់ ចន្លោះពី ៧ ទៅ ៩ពាន់លានដុល្លារអាមេរិក ដោយសារតែសង្កេតឃើញមានការកកស្ទះខ្លាំង នូវសកម្មភាពដឹកទំនិញ នៅតាមកំពង់ផែ បង្ហាញពីការបន្តតម្រូវការទីផ្សារកុងតឺន័រ ដ៏រឹងមាំ។

ប៉ុន្តែ ក្រុមហ៊ុន Maersk បានអះអាង តាមរយៈសេចក្តីថ្លែងការណ៍ចុងក្រោយថា នៅតែមានការរំខានដល់ប្រតិបត្តិការដឹកជញ្ជូន ដោយសារតែវិបត្តិ នៅសមុទ្រក្រហម ដែលជាផ្លូវដឹកជញ្ជូន គ្របដណ្តប់ប្រមាណ ១២ភាគរយ នៃពាណិជ្ជកម្មពិភពលោក។

ជាច្រើនខែមកហើយ ដែលពួកឧទ្ទាមហ៊ូទី ធ្វើសកម្មភាពវាយប្រហារ នៅសមុទ្រក្រហម បង្ហាញពីការគាំទ្រចំពោះប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សា ប្រឆាំងនឹងអ៊ីស្រាអែល។ អាមេរិកនិងអង់គ្លេស ព្រមទាំងសម្ព័ន្ធផ្សេងទៀត បានចូលមកអន្តរាគមន៍ តាមកំចាត់ពួកបះបោរ នៅប្រទេសយេម៉ែន ទាំងនេះ។ កាលពី សប្តាហ៍មុន ក្រុមហ៊ូធី ដែលគេជឿថា មានការគាំទ្រពីអ៊ីរ៉ង់នោះ ទើបតែបានបាញ់បង្ហោះដ្រូន និងកាំជ្រួច សឹងសឹកនឹងការវាយប្រហារពេញមួយយប់ របស់កងកម្លាំងអាមេរិក និងអង់គ្លេស៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner