កាកបាទក្រហមកម្ពុជា ឧបត្ថម្ភថវិកាជាលើកទី៧ ដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ចំនួន ៥ម៉ឺនដុល្លារ

(សៀមរាប)៖ ដើម្បីចែករំលែកក្តីស្រឡាញ់ដល់កុមារ និងអបអរសាទរទិវាកុមារអន្តរជាតិ និងក្នុងឱកាសនៃការប្រារព្ធកម្មវិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ប្រចាំឆ្នាំ២០២៤ ដើម្បីរកមូលនិធិជួយដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាបផងនោះ នៅថ្ងៃអង្គារ ទី៤ ខែមិថុនា ឆ្នាំ២០២៤ កាកបាទក្រហមកម្ពុជា បានឧបត្ថម្ភជាលើកទី៧ នូវថវិកាចំនួន ៥០.០០០ដុល្លារ (ប្រាំម៉ឺនដុល្លារអាម៉េរិក) រួមជាមួយគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់មួយចំនួនទៀត ដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ដើម្បីចូលរួមចំណែកក្នុងការព្យាបាល និងថែទាំសុខភាពកុមារ-ទារក ប្រមាណ ៣០០-៤០០នាក់ ក្នុងមួយថ្ងៃដោយឥតគិតថ្លៃ។ ទន្ទឹមនឹងនេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ក៏បានចូលរួមឧបត្ថម្ភថវិកាចំនួន ១០លានរៀលផងដែរ។

លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ងួន ច័ន្ទភក្រ្តា នាយកនៃមន្ទីរពេទ្យកុមារអង្គរ បានឱ្យដឹងថា មន្ទីរពេទ្យកុមារអង្គរ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៩ ក្រោមកិច្ចសហការណ៍យ៉ាងជិតស្និទ្ធិជាមួយក្រសួងសុខាភិបាលកម្ពុជា ដើម្បីផ្តល់សេវាពិនិត្យព្យាបាល និងថែទាំសុខភាពកុមារក្រីក្រកម្ពុជាប្រកបដោយគុណភាពខ្ពស់ និងឥតគិតថ្លៃ ចូលរួមជួយពង្រឹងប្រព័ន្ធសុខាភិបាលតាមរយៈការបណ្តុះបណ្តាលវេជ្ជបណ្ឌិត គិលានុបដ្ឋាក និងបុគ្គលិកសុខាភិបាល ព្រមទាំងផ្ដល់ការអប់រំសុខភាព និងវិធានការការពារជំងឺដង្កាត់ផ្សេងៗដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍។

លោកជំទាវ ម៉ែន នារីសោភ័គ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក ជាពិសេស ការថ្លែងអំណរគុណ និងកោតសរសើរដ៏ជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យ និងបុគ្គលិកទាំងអស់នៃមន្ទីរពេទ្យកុមារអង្គរ ដែលបានខិតខំលះបង់កម្លាំងកាយ-ចិត្ត ជួយសង្រ្គោះព្យាបាល ផ្តល់ក្តីអាណិតស្រឡាញ់ ភាពកក់ក្តៅ និងក្តីសង្ឃឹមដល់កុមារ ក៏ដូចជាក្រុមគ្រួសារអាណាព្យាបាលទាំងអស់ប្រកបដោយស្នាមញញឹម និងចេញពីបេះដូង។

លោកជំទាវអគ្គលេខាធិការរងទី១ មានប្រសាសន៍បន្ថែមថា កាកបាទក្រហមកម្ពុជា ក៏បាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការទប់ស្កាត់ជំងឺមិនឆ្លងចម្បងធំៗចំនួន៤រួមមាន ជំងឺមហារីក ជំងឺរលាកផ្លូវដង្ហើមរ៉ាំរ៉ៃ ជំងឺទឹកនោមផ្អែម និងជំងឺសរសៃឈាមបេះដូង ដែលជំងឺទាំងអស់នេះបណ្តាលមកពីការបរិភោគអាហារប្រចាំថ្ងៃ ផ្អែមពេក ប្រៃពេក ខ្លាញ់ពេក ការជក់បារី ឬផឹកគ្រឿងស្រវឹងជាដើម។ លោកជំទាវ ក៏បានគូសបញ្ជាក់ពី ការសកម្មភាពអប់រំផ្សព្វផ្សាយរបស់កាកបាទក្រហមកម្ពុជា ជូនដល់ប្រជាជន ជាពិសេសក្នុងជួរយុវជន ឱ្យមានការយល់ដឹងរួមចំណែកធ្វើឱ្យសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុផងដែរ។

លោកជំទាវ សង្ឃឹមជឿជាក់ថា កម្លាំងមន្ទីរពេទ្យគឺជាផ្នែកមួយនៃការជួយសង្គ្រោះប្រជាជន ហើយប្រជាជនក៏ជាកម្លាំងចលករដ៏សំខាន់ក្នុងការលើកកម្ពស់ការយល់ដឹងពីបញ្ហាសុខភាពនេះដែរ ដើម្បីឱ្យកុមារកម្ពុជាមានសុខភាពល្អ ចាប់តាំងពីពេលចាប់កំណើតជាទារកក្នុងផ្ទៃ រហូតដល់កើតមកជាកុមារ ជាយុវជន ទៅជាធនធានមនុស្សរបស់សង្គមជាតិ ដែលប្រកបដោយសុខភាពល្អមាំមួន និងមានសមត្ថភាពខ្ពស់។

សូមបញ្ជាក់ថា អំណោយដែលកាកបាទក្រហមកម្ពុជា បានផ្តល់ជូនមន្ទីរពេទ្យកុមារអង្គរ ជាលើកទី៧នេះរួមមាន ៖ ថវិកា ៥ម៉ឺនដុល្លារ, អង្ករ ១តោន, មី ២០កេស, ត្រីខ ២០០កំប៉ុង, ឃីត (មុង ភួយ សារុង ក្រមា សាប៊ូដុំ) ចំនួន ២០កញ្ចប់។ ដោយឡែក សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ក៏បានឧបត្ថម្ភថវិកាចំនួន ១០លានរៀល ផងដែរ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner