កាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ និងចែកអំណោយជាលើកទី២ ដល់ស្ត្រីមានផ្ទៃពោះត្រៀមសម្រាល និងស្ត្រីទើបសម្រាលកូនរួចចំនួន ២៨០នាក់ នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧

(ភ្នំពេញ)៖ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជាលើកទី២ ដល់គ្រួសារស្ត្រីមានផ្ទៃពោះត្រៀមសម្រាល និងស្ត្រីទើបសម្រាលកូនរួចចំនួន ២៨០នាក់ នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ (មន្ទីរពេទ្យកុមារគន្ធបុប្ផាទី៣ ខេត្តសៀមរាប) នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ ។

លោកជំទាវ ម៉ែន នារីសោភ័គ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក ជាពិសេស ការថ្លែងអំណរគុណ និងកោតសរសើរដ៏ជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យ និងបុគ្គលិកទាំងអស់នៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ ក៏ដូចជាមន្ទីរពេទ្យកុមារគន្ធបុប្ផា នៅភ្នំពេញ ដែលបានខិតខំលះបង់កម្លាំងកាយ-ចិត្ត ជួយសង្រ្គោះព្យាបាល ផ្តល់ក្តីអាណិតស្រឡាញ់ ភាពកក់ក្តៅ និងក្តីសង្ឃឹមដល់កុមារ ក៏ដូចជាក្រុមគ្រួសារអាណាព្យាបាលទាំងអស់ប្រកបដោយស្នាមញញឹម និងចេញពីបេះដូង ជាពិសេសចងចាំនូវគុណូបការៈដ៏ថ្លៃថ្លារបស់ លោក Beat Richner ដែលបានលះបង់កម្លាំងកាយចិត្តពេញមួយជីវិតដើម្បីមន្ទីរពេទ្យនេះ បើទោះបីជាលោកបានទទួលមរណភាពហើយក្តី ដ៏ប៉ុន្តែប្រជាពលរដ្ឋទាំងអស់ នៅតែចងចាំក្នុងបេះដូងជានិច្ច។ ទន្ទឹមនឹងនេះ លោកជំទាវ បានថ្លែងអំណរគុណដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលបានរឹតបន្តឹងចំណងសាមគ្គីភាពជាមួយមូលនិធិគន្ធបុប្ផាស្វីស ដើម្បីបន្តនិរន្តរភាពផ្តល់សេវាសុខភាពដោយឥតគិតថ្លៃដល់បងប្អូនប្រជាពលរដ្ឋ។

គ្រួសារស្ត្រីជាមាតាដែលទើបសម្រាលកូនទាំង ២៨០នាក់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ដែលបានចុះសួរសុខទុក្ខ គិតគូរពីសុខភាព និងជីវភាពរស់នៅដោយបានផ្តល់ជូនគ្រួសារនីមួយៗទទួលបាន ឃីត (មុង ភួយ សារុង ក្រមា សាប៊ូ) ១កញ្ចប់ និងថវិកា ៥ម៉ឺនរៀល។

សូមបញ្ជាក់ថា ជារៀងរាល់ថ្ងៃ មន្ទីរពេទ្យជ័យវរ្ម័នទី៧ មានគ្រែសម្រាកព្យាបាលសរុបចំនួន ១១៦៩គ្រែ ដោយក្នុងនោះ ផ្នែកសម្ភពមានចំនួន ២៦៦គ្រែ ដែលបម្រើសេវាព្យាបាលថែទាំ២៤ម៉ោង។ សកម្មភាពប្រចាំថ្ងៃនៅមន្ទីរពេទ្យរួមមាន
១/. ពិនិត្យពិគ្រោះនិងព្យាបាលជំងឺក្រៅ៖ – ផ្នែកកុមារជាមធ្យមពី ៨០០-១,២០០នាក់ – ផ្នែកសម្ភពជាមធ្យមពី ៣៥០-៥០០នាក់ – ផ្នែកចាក់ថ្នាំបង្ការជាមធ្យម ៥០-៨០នាក់។
២/. ផ្នែកជំងឺសម្រាកពេទ្យ៖ – ផ្នែកកុមារជាមធ្យម ១,២០០-១,៥០០នាក់ – ផ្នែកវះកាត់ជាមធ្យម មានចំនួនករណីវះកាត់ ៣០-៤០នាក់ ដែលក្នុងនោះមានការវះកាត់បេះដូង ចំនួន៣ករណី – ស្ត្រីសម្រាលកូនជាមធ្យមមានចំនួនពី ៥០-៧០នាក់។

ក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ មន្ទីរពេទ្យជ័យវរ្ម័នទី៧ បានពិនិត្យព្យាបាល ជំងឺកុមារនៅផ្នែកពិគ្រោះជំងឺក្រៅ (OPD) ចំនួន ៦.៤២១.០៩០ករណី, កុមារក្រោមអាយុ១៥ឆ្នាំ ចំនួន ១.១៥២.៧៥៥នាក់ (IPD) ត្រូវបានសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យ និងផ្នែកសម្ភព, បានពិនិត្យព្យាបាលស្ត្រីមានផ្ទៃពោះ ចំនួន ២.៣៤០.៥១២ករណី និងសម្រាល កូនបានចំនួន ៤០៨.១៤៤កំណើត។ រយៈពេល ៥ខែ ក្នុងឆ្នាំ២០២៤ កន្លងទៅនេះ មន្ទីរពេទ្យបានទទួលពិនិត្យតាមដានផ្ទៃពោះចំនួន ៤១.០៧៩ករណី និងសម្រាលកូនបានចំនួន ១០.៩២៨នាក់ ក្នុងអត្រាកើតដោយវះកាត់ (Cesarean Section) ចំនួន១៨% និងអត្រាមរណភាពមាតាឆ្លងទន្លេក្នុងមន្ទីរពេទ្យចំនួន ០,០២%។ ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ចំនួន ២.១៨៦នាក់ (មានបណ្ណសមធម៌ ១.៤១០ករណី និងមានបណ្ណ ប.ស.ស ៧៧៦ករណី) បានទទួលនូវអត្ថប្រយោជន៍សាច់ប្រាក់ឧបត្ថម្ភអំពីគោលនយោបាយសមធម៌ និងគាំពារសង្គមនៃរាជរដ្ឋាភិបាលកម្ពុជា៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner