ទិន្នន័យបង្ហាញថា ជាងពាក់កណ្តាលនៃប្រជាជនអាហ្សង់ទីនរស់នៅក្នុងភាពក្រីក្រ

ប៊ុយណូស៊ែ៖ យោងតាមទិន្នន័យដែលចេញផ្សាយកាលពីថ្ងៃអង្គារបានឱ្យដឹងថា ជាងពាក់កណ្តាលនៃប្រជាជនអាហ្សង់ទីន ដែលប្រហែល ៥៥.៥ភាគរយ ឥឡូវនេះរស់នៅក្នុងភាពក្រីក្រ ខណៈដែលតួលេខនេះបានកើនឡើងជាបន្តបន្ទាប់ចាប់តាំងពីមួយឆ្នាំមុន។

យោងតាមទិន្នន័យបំណុលសង្គមរបស់សាកលវិទ្យាល័យ Pontifical Catholic បានបង្ហាញថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ប្រជាជនអាហ្សង់ទីនរហូតដល់ ៥៥.៥ភាគរយនៃប្រជាជនសរុបទូទាំងប្រទេស បានរស់នៅក្នុងភាពក្រីក្រ តួលេខនេះ កើនឡើងពី ៤៤.៧ភាគរយកាលពីត្រីមាសទី៣ ឆ្នាំ២០២៣ និង ៤៩.៥ភាគរយកាលពីខែធ្នូឆ្នាំមុន។

យោងតាមទិន្នន័យនេះ ប្រជាជនប្រមាណ ១៧.៥ភាគរយនៃប្រជាជនសរុបចំនួន ៤៦លាននាក់របស់ប្រទេសអាហ្សង់ទីន រស់នៅក្នុងភាពស្រែកឃ្លាន ពោលកើនឡើងជិតពីរដង បើធៀបនឹងតួលេខនៅក្នុងត្រីមាសទីបីនៃឆ្នាំមុន។ កម្រិតនៃភាពក្រីក្ររបស់ប្រជាជនអាហ្សង់ទីន ត្រូវបានគេវាស់ស្ទង់តាមរយៈរកបានប្រាក់ចំណូលប្រចាំខែទាបជាង២៩២ដុល្លារ ឬ ៩០៤ដុល្លារសម្រាប់គ្រួសារដែលមានកូនពីរនាក់។

មនុស្សពេញវ័យដែលរកប្រាក់ចំណូលបានតិចជាង ១៣២ដុល្លារ ត្រូវបានគេចាត់ទុកថា រស់នៅក្នុងភាពក្រីក្រខ្លាំង។ តួលេខថ្មីនេះគឺអាក្រក់ជាងតួលេខព្យាករណ៍កាលពីពេលថ្មីៗ ដោយទីភ្នាក់ងារស្ថិតិជាតិ Indec ដែលបានរំពឹងថា អត្រានៃភាពក្រីក្រនឹងស្ថិតនៅត្រឹម ៤១.៧ភាគរយនៅចុងឆ្នាំ ២០២៣៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner