សិស្សានុសិស្ស និង អ្នកស្ម័គ្រចិត្ត បង្ហាញការយល់ដឹងពីការទុកដាក់សំរាមនិងជំរុញកុំឱ្យមានការបោះសំរាមចូលក្នុងទឹកទន្លេ
(ភ្នំពេញ)៖ ក្នុងទិសដៅចូលរួមថែរក្សាទឹកទន្លេ និងអនាម័យតាមដងមាត់ទន្លេ បណ្តាយុវជន ដែលជាសិស្សានុសិស្ស និងអ្នកស្ម័គ្រចិត្តបានជំរុញឱ្យពលរដ្ឋ ពិសេសអ្នករស់នៅក្បែរតាមដងទន្លេចូលរួមថែរក្សអនាម័យដោយទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងចៀសវាចោលសំរាមក្នុងទឹកទន្លេដើម្បីបញ្ចៀសការបំពុល ប្រភពទឹកប្រើប្រាស់ ត្រី ក្នុងទឹកទន្លេ និងជីវចម្រុះជាច្រើនទៀត។
យុវជន ឈា បញ្ញា ជាសិស្សរៀននៅវិទ្យាល័យកោះចិន ស្ថិតនៅ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល បានលើកឡើងថា៖ការបោះសំរាមចោលក្នុងទឹកទន្លេវាជាការគ្រោះថ្នាក់មួយយ៉ាងខ្លាំងក្លាដែលមនុស្សគ្រប់គ្នាត្រូវចៀសវាងឱ្យឆ្ងាយ។វាជះផលអាក្រក់ដល់ទាំងមនុស្សសត្វ និងរួមទាំងបំផ្លាញជីវចម្រុះក្នុងទឹកទន្លេថែមទៀត។
យុវជន វ៉ាន់ គឹម ហេង បានលើកឡើងជុំវិញបញ្ហាការចោលសំរាមនេះថា៖ពលរដ្ឋគ្រប់គ្នាត្រូវចៀសវាងចោលសំរាមតាមដងមាត់ទន្លេដែលវាងាយស្រួលបំផុតធ្លាក់ទៅក្នុងទន្លេក្នុងការបំពុលទឹកដែលយើងត្រូវអាស្រ័យប្រើប្រាស់រាប់លាននាក់ជារៀងរាល់ថ្ងៃ។
យុវតី នង វិជ្ជណា និងយុវតី ឈុនលី លីសា សិស្សរៀនវិទ្យាល័យកោះចិន បានឱ្យដឹងជុំវិញបញ្ហានេះថា ការបោះសំរាមចោលតាមក្បែរមាត់ទន្លេ ពិសេសការចោលសំរាមប្រភេទប្លាស្ទិកនោះនឹងបង្កការប៉ះពាល់យ៉ាងខ្លាំងណាស់ដល់សុខភាពអ្នកបរិភោគទឹក និងត្រីទន្លេ ។ យើងចាំបាច់ត្រូវចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងមិនត្រូវចោលសំរាមក្នុងទន្លេដាច់ខាត។
យុវជន ជេម មី អ្នកស្ម័គ្រចិត្តមកពីប្រទេសសហរដ្ឋអាមេរិកមួយរូបបានលើកឡើងថា វាពិតជាអស្ចារ្យណាស់ដែលយុវជនរួមគ្នាបំផុសចលនាមិនចោលសំរាមពាសវាលកាល ពិសេសការចោលសំរាមក្នុងទន្លេ ។ យើងគ្រប់គ្នាត្រូវទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ហើយបើយើងធ្វើបាននោះបរិស្ថាន និងការរស់នៅរបស់ពលរដ្ឋយើងពិតជាធានាបាននូវសុខភាពល្អប្រសើរពុំខាន។
ទាក់ទិនក្នុងរឿងនេះលោក នូ សុវណ្ណ នាយកប្រតិបត្តិ អង្គការសំអាតទន្លេ សមុទ្រ បានបញ្ជាក់ ការបោះសំរាមចូលទន្លេវានឹងធ្វើឱ្យបំពុលទឹក បំពុលដល់ជីវចម្រុះ និងពិសេសវាខូចដល់គុណភាពទឹក និងចាំបាច់ណាស់យើងត្រូវទុកដាក់ឱ្យបានត្រឹមត្រូវដោយឱ្យរថយន្តគេប្រមូលយកទុកដាក់ទីវាលចាក់សំរាម។
លោក បានបញ្ជាក់ប្រាប់បន្ថែមថា ”ចាប់តាំងតែពីការបង្កើតអង្គការមកដល់ពេលនេះសំរាមប្រមាណជាង១៧៥០តោនត្រូវបានប្រមូលចេញពីទន្លេទាំងបីដូចជា ទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់”។
លោក ពៅ សោមាណាក់ ប្រធានមន្ទីរបរិស្ថានខេត្តកណ្ដាលបានថ្លែងបញ្ជាក់ថា ៖ ទន្លេ គឺជាជីវិត ហើយពលរដ្ឋរស់នៅខេត្តកណ្តាលភាគច្រើនពឹងផ្អែកទៅលើទឹកទន្លេនេះឯង អញ្ចឹងកាលណាទន្លេត្រូវបានបំពុលនោះវានឹងបង្កប៉ះពាល់ដល់មនុស្សយើងពុំខាន។ដូច្នេះដើម្បីលើកកម្ពស់សុខភាពប្រជាពលរដ្ឋ មន្ទីរបរិស្ថានខេត្តកណ្តាល និងដៃគូធ្វើយ៉ាងណាដោះស្រាយបញ្ហានេះឱ្យបានល្អបំផុតដើម្បីឆ្លើយតបទៅនឹងការចង់បានរបស់ប្រជាពលរដ្ឋក៏ដូចជាសាធារណៈជនទូទៅ។ការធ្វើយុទ្ធនាការនេះដែរក៏ចង់បង្ហាញដល់ពលរដ្ឋយកចិត្តទុកដាក់សំរាមឱ្យបានត្រឹមត្រូវដែលជាការចូលរួមថែរក្សាទន្លេ សម្អាតទន្លេឱ្យបាននាថ្ងៃខាងមុខ”។
គួរបញ្ជាក់ថា អង្គការសំអាតទន្លេ សមុទ្រ មន្ទីរបរិស្ថានខេត្តកណ្តាល ដែលទទួលបានការឧបត្ថម្ភដោយក្រុមហ៊ុន Leader Energy Holding Bhd នាថ្មីៗនេះបានរៀបចំពិធីផ្សព្វផ្សាយពីការថែទាំបរិស្ថានសាលារៀន និងសហគមន៍មានភូមិសាស្ត្រជាប់មាត់ទន្លេ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋ ពីសារៈសំខាន់នៃទន្លេ និង ពិសេសការចោលសំរាមក្នុងទន្លេ ដែលបញ្ជៀសការបំពុល ប្រភពទឹកប្រើប្រាស់ និងប្រភពអាហាររបស់ប្រជាពលរដ្ឋ ៕
អត្ថបទ៖ម៉ាដេប៉ូ
រូបភាព៖លោក ជីម ភារ៉ា