គណៈកម្មាធិការអាស៊ានសហការជាមួយអង្គការមូលនិធិអាស៊ី និងវិទ្យាស្ថាន បញ្ញាសិប្បនិម្មិតដែលផ្តោតលើមនុស្ស បើកកិច្ចពិភាក្សាស្តីពី «ការចាប់យក បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតដែលផ្តោតលើមនុស្ស»

(សៀមរាប)៖ គណៈកម្មាធិការអាស៊ានផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានសហការជាមួយអង្គការមូលនិធិអាស៊ី និងវិទ្យាស្ថានបញ្ញាសិប្បនិម្មិតដែលផ្តោតលើមនុស្ស នៃសាកលវិទ្យាល័យស្ទែនហ្វដសហរដ្ឋអាមេរិក បានរៀបចំសិក្ខាសាលាពិភាក្សាស្តីពី «ការចាប់យកបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតដែលផ្តោតលើមនុស្ស»។ សិក្ខាសាលាដែលបានរៀបចំឡើង នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ គឺជាព្រឹត្តិការណ៍អមកិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ានផ្នែកវិទ្យសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២០ (AMMSTI-20) កិច្ចប្រជុំគណៈកម្មាធិការអាស៊ានផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី៨៥ (COSTI-85) និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកំពុងត្រូវបានរៀបចំឡើងនៅទីក្រុងសៀមរាប ពីថ្ងៃទី៣-៧ ខែមិថុនា ឆ្នាំ២០២៤។

កិច្ចពិភាក្សាត្រូវបានដឹកនាំដោយ ឯកឧត្តម ហ៊ុល សៀងហេង អនុរដ្ឋលេខាធិការនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈម្មាធិការអាស៊ានផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយមានអ្នកចូលរួមប្រមាណ ១៦០នាក់ មកពីរដ្ឋជាសមាជិកអាស៊ាន ព្រមទាំងប្រតិភូអ្នកវិទ្យាសាស្ត្រ និងអ្នកបច្ចេកវិទ្យាអាស៊ាន-អាមេរិក។

កិច្ចពិភាក្សាផ្តោតលើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតដែលកំពុងរីកចម្រើន រួមទាំងបញ្ហាប្រឈម, ភាពចាំបាច់នៃឧបករណ៍ និងចំណេះដឹងផ្នែក AI, និងការបង្កើតគោលនយោបាយ និងយន្តការគ្រប់គ្រងការប្រើប្រាស់ AI ប្រកបដោយការទទួលខុសត្រូវ។ ប្រធានបទសំខាន់ៗដែលត្រូវបានពិភាក្សារួមមានការធានាបាននូវការប្រើប្រាស់ AI ដោយយុត្តិធម៌ និងអាចទុកចិត្តបាន, និងយុទ្ធសាស្ត្រ ដើម្បីបង្កើនអត្ថប្រយោជន៍ និងកាត់បន្ថយហានិភ័យនៃការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត សម្រាប់ជាប្រយោជន៍ដល់គ្រប់ប្រទេសសមាជិកអាស៊ានទាំងអស់៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner