គ្រូឧទ្ទេសវាយកូនបាល់ឥណ្ឌា អះអាងថា វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល ឆ្នាំ២០២៤នេះ ជាផ្នែកមួយជួយឱ្យសិក្ខាមកាមឈានជើង ចូលរួមជាអាជ្ញាកណ្តាល វាយកូនបាល់កម្រិតអន្តរជាតិ
(ភ្នំពេញ)៖ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ក្រោមការឧបត្ថម្ភគាំទ្រពីក្រសួងអប់រំយុវជន និងកីឡា បាននាំយកគ្រូឧទ្ទេស ដែលជាមន្រ្តីសហព័ន្ធកីឡាវាយកូនបាល់អន្តរជាតិ ITFមកបណ្តុះបណ្តាលដល់គ្រូៗ និងកីឡាករវាយកូនបាល់រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៣ដល់ទី៥ ខែ មិថុនា ឆ្នាំ២០២៤ សហព័ន្ធកីឡាវាយកូនបាល់ ក្នុងពហុកីឡដ្ឋានជាតិ។
លោក កាន់ ណាំវ៉ា គ្រូឧទ្ទេសកីឡាវាយកូនបាល់ITF បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលនេះ គឺសម្រាប់អាជ្ញាកណ្តាលមានសារៈសំខាន់ណាស់ ព្រោះក្នុងវគ្គនេះបានបង្ហាត់ជំនាញអាជ្ញាកណ្តាល និងអាជ្ញាកណ្តាលធំស្តីអំពីច្បាប់ប្រើប្រាស់នៅក្នុងការប្រកួតកម្រិតអន្តរជាតិ។ សិក្ខាកាមដែលជាគ្រូបង្វឹកឆ្លងកាត់វគ្គនេះ ពួកគេអាចនាំយកចំណេះដឹងទៅអនុវត្តបាននៅក្នុងការប្រកួតកម្រិតអន្តរជាតិបានដូចជាការប្រកួតកម្រិតអន្តរជាតិក្មេងៗ ពិសេស គឺព្រឹត្តិការណ៍DAVIS CUP គ្រុបទី៤ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ នាខែ កក្តដា ឆ្នាំ២០២៤ខាងមុនេះ។ មិនត្រឹមតែប៉ុណ្ណោះទេ វគ្គនេះ គឺជួយឱ្យគ្រូៗដែលជាសិក្ខាកាមអាចបោះជំហ៊ានឈានជើងចូលរួមបានសម្រាប់ការប្រកួតកម្រិតអន្តរជាតិនានា ដែលរៀបចំនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
គ្រូបង្វឹកកីឡាវាយកូនបាល់មកពីខេត្តសៀមរាប លោក ដាន់ វ៉ាន់ ដែលជាសិក្ខាកាម បានថ្លែងលើកឡើងថា វគ្គបណ្តុះបណ្តាលនេះ គឺល្អខ្លាំងណាស់សម្រាប់គ្រូបង្វឹក ព្រោះវគ្គនេះ មិនមែនបណ្តុះបណ្តាលតែចំណេះដឹងអាជ្ញាកណ្តាលតែមួយមុខនោះទេ ពោល វគ្គនេះ គឺបានបង្រៀនមានទាំងច្បាប់របស់កីឡាវាយកូនបាល់ និងចំណេះដឹងពាក់ព័ន្ធការបង្ហាត់បង្រៀនផងដែរ។ដូច្នោះហើយ ឆ្លងកាត់វគ្គនេះ ខ្ញុំអាចនាំយកទៅចែករំលែកដល់សិស្សដែលជាកីឡាករកីឡាការិនីនៅខេត្តសៀមរាប។
សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល កីឡាវាយកូនបាល់ថ្នាក់ជាតិនេះ មានសិក្ខាកាមចូលរួម ចំនួន២០នាក់មកពី ៤ រាជធានី ខេត្ត-ក្រុង រួមមានរាជធានីភ្នំពេញ ខេត្តកែប ខេត្តព្រះសីហនុ និងខេត្តសៀមរាប ក្នុងនោះសិក្ខាកាមស្រី្តមានចំនួន ៤ នាក់ និងបុរសមានចំនួន ១៦ នាក់ ។
វគ្គនេះបានរៀបចំឡើងដើម្បីត្រៀមព្រឹត្តិការណ៍ការប្រកួតកីឡាវាយកូនបាល់ថ្នាក់ជាតិ និងកីឡាជាតិលើកទី៤ ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្ត ខែវិច្ឆិកា ឆ្នាំ២០២៤ និងព្រឹត្តិការណ៍DAVIS CUP នាខែ កក្តដា ឆ្នាំ២០២៤ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ៕
ដោយ ៖ ជាវ ចន្ធូ