ពលរដ្ឋចំនួន២៦៣គ្រួសារ នៅស្រុកឱរ៉ាល់ទទួលបានអំពូល​សូឡាពីក្រុមហ៊ុនប៉ាណាសូនិច

កំពង់ស្ពឺ៖ក្រុមហ៊ុនប៉ាណាសូនិច(Panasonic)នៃប្រទេស​ជប៉ុនបានផ្តល់អំណោយជាអំពូលភ្លើងសូឡាដល់​ប្រជាពល​រដ្ឋ១២ភូមិ​ស្មីនឹង២៦៣គ្រួសារ នៃឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។ពិធីប្រគល់បានធ្វើឡើងកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ នៅបរិវេណវត្តត្រពាំងជោ ឃុំត្រពាំងជោរ ក្រោម​វត្តមានលោក ងួន វាសនា អភិបាលស្រុកឱរ៉ាល់។អំពូលភ្លើង​ទាំង​នេះនឹងជួយដល់ការរស់នៅរបស់អ្នកភូមិ​ជនបទ​ចុងកាត់​​ញកមួយនេះ ខណៈបច្ចុប្បន្នពុំទាន់មានបណ្ដាញអគ្គិសនី​ទៅដល់នៅឡើយ។

លោកស្រី ថៃ បូណេ នាយិកាប្រតិបត្តិនៃអង្គការជីវិតថ្លៃថ្នូរបាន​និយាយក្នុងពិធីនេះថា ដោយមើលឃើញពីតម្រូវការចាំបាច់​ប្រជាពល​រដ្ឋពិសេសកុមារដែលរស់នៅតាមភូមិដាច់ស្រយាល​ក្នុងឃុំនេះត្រូវការភ្លើងបំភ្លឺនៅពេលរាត្រីអង្គការជីវិតថ្លៃថ្នូរនិងក្រុមហ៊ុន​​​Panasoniតាមរយៈមូលនិធិ​ចេនឡាប្រទេសជប៉ុន បាន​សម្រេចផ្តល់ជាអំពូលបំភ្លឺសូ​ឡាដល់គ្រួសារដែលមាន​ជីវភាព​ខ្សត់​ខ្សោយចំនួន​២៦៣​គ្រួសាររស់នៅក្នុងភូមិទាំង១២ ដោយ​មួយគ្រួសារទទួលបានអំពូលសូឡាមួយគ្រឿង។

ចំណែកលោក ម៉ៃដា ប្រធានក្រុមហ៊ុនPanasonicប្រចាំ​កម្ពុជា​បាននិយាយថា ដោយមើលឃើញពីការខិតខំប្រឹងប្រែង​របស់​ប្រមុខ​ដឹកនាំរាជរដ្ឋាភិបាលកម្ពុជានិងក្រោមទិស​ស្លោក”នាំពន្លឺ​ទៅកាន់ប្រជាពលរដ្ឋ”ក្រុមហ៊ុនបានរួមចំណែកក្នុងការលើកស្ទួយការរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានផងដែរ តាម​រយៈ​ការឧបត្ថម្ភជាអំពូល​សូឡានិងសម្ភារៈផ្សេងៗដែលជាតម្រូវ​ការចាំបាច់ក្នុង​ការ​រស់នៅប្រចាំថ្ងៃ។

លោក ងួន វាសនា អភិបាលស្រុកឱរ៉ាល់បានបង្ហាញនូវការរីក​រាយចំពោះទឹកចិត្តរបស់អង្គការជីវិតថ្លៃថ្នូរ ,ក្រុមហ៊ុន​Panasonic និងប្រជាជនជប៉ុនដែលតែងតែជួយគាំទ្រ​ដល់​ការ​រស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងស្រុកឱរ៉ាល់។ការឧបត្ថម្ភ​អំពូល​​សូឡាសម្រាប់​បំភ្លឺគេហដ្ឋាននេះថ្វីត្បិតតែតិចតួច តែ​បានជួយសម្រួលការរស់នៅបានច្រើន។

លោក ងួន វាសនា ក៏បានរំលឹកដល់ប្រជាពលរដ្ឋនៅទីនោះ​ឱ្យបញ្ជូនកូនៗដែលគ្រប់អាយុចូលសាលាឱ្យបានគ្រប់ៗគ្នា ​កុំផ្តេកផ្តួល​ក្រោមហេតុផលថា ភូមិឆ្ងាយ ពីសាលា ផ្លូវ​ពិបាក​ធ្វើដំណើរជាដើម៕
ដោយ៖ម៉ុន សំអាត

ads banner