Visa ផ្លាស់ប្តូរូបរាងកាត ដោយបង្ហាញផលិតផលថ្មីសម្រាប់យុគសម័យឌីជីថល

មធ្យោបាយនៃការទូទាត់ប្រាក់របស់អតិថិជន ក៏ដូចមធ្យោបាយក្នុងការទទួលការទូទាត់របស់អាជីវករបានផ្លាស់ប្តូរជាបន្តបន្ទាប់ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ ហើយបើប្រៀបធៀបជាមួយ៥០ឆ្នាំមុន ល្បឿននៃបំលាស់ប្តូរនេះ គឺលឿនខ្លាំងណាស់។ ចាប់តាំងពីការមកដល់នៃពាណិជ្ជកម្មឌីជីថល អ្នកប្រើប្រាស់បានវិវឌ្ឍនិងសម្របខ្លួនជាមួយបទពិសោធន៍នៃការប្រើប្រាស់វិធីសាស្ត្រទូទាត់ថ្មី ដែលបានបង្កប់ការទទួលយកយ៉ាងឆាប់រហ័សនូវការទូទាត់តាមរយៈ QR កូដ និង ប្រភេទ “ម៉ាស៊ីនឆូតកាត” ដើម្បីទូទាត់។ ថ្ងៃនេះ ក្រុមហ៊ុន Visa បានធ្វើសេចក្តីប្រកាសអំពីដំណើរនៃការដាក់ឲ្យប្រើប្រាស់នូវប្រភេទផលិតផល និងសេវាកម្មថ្មីៗ សម្រាប់ទីផ្សារតំបន់អាស៊ីប៉ាស៊ីហ្វិក។ ដំណោះស្រាយទាំងអស់នេះ អាចនឹងក្លាយជាការធ្វើបដិវត្តដ៏អស្ចារ្យសម្រាប់មធ្យោបាយទូទាត់តាមរយៈកាត ក៏ដូចជាការផ្តល់នូវដំណោះស្រាយដែលបំពេញតម្រូវការនាពេលអនាគតរបស់អាជីវកម្ម ពាណិជ្ជករ អ្នកប្រើប្រាស់ នឹង ស្ថាប័នហិរញ្ញវត្ថុ ដែលជាអ្នកផ្តល់នូវសេវាកម្មជូនពួកគាត់។

អ្នកស្រី Ivana Tranchini នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖«នៅក្នុងឧស្សាហកម្មរបស់យើង ភាពច្នៃប្រឌិតមានសារៈសំខាន់ណាស់ ដោយសារតែការទូទាត់ គឺជាមូលដ្ឋានគ្រឹះនៃការធ្វើពាណិជ្ជកម្មនៅក្នុងសេដ្ឋកិច្ចដែលកំពុងមានការរីកចម្រើន។ ក្រោមការដឹកនាំរបស់ធនាគារជាតិ ការជំរុញឧស្សាហកម្មហិរញ្ញវត្ថុកម្ពុជា បាននឹងកំពុងបោះជំហានទៅមុខយ៉ាងខ្លាំងក្លាក្នុងភាពច្នៃប្រឌិត ជាពិសេសយើងនៅតែបន្តឃើញមាននូវឱកាសក្នុងការបង្កើតបទពិសោធន៍ឌីជីថលថ្មីៗបន្តទៀត សម្រាប់ថ្ងៃអនាគត។ ឥឡូវនេះ គឺជាពេលវេលា ដែលសំខាន់ជាងពេលណាៗទាំងអស់ ដែលយើងអាចចាប់ដៃគូ និងសហការយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធ ដើម្បីស្វែងរកគន្លឹះបង្កើតអត្ថប្រយោជន៍ថ្មីៗ សម្រាប់អ្នកប្រើប្រាស់ ម្ចាស់អាជីវកម្ម និងសហគមន៍មូលដ្ឋាន។

អ្នកស្រី Poojyata Khattar ប្រធានផ្នែកផលិតផល និងដំណោះស្រាយ ប្រចាំតំបន់អាស៊ីអាគ្នេយ៍របស់ ក្រុមហ៊ុន Visa បានបន្ថែមថា៖ “យើងកំពុងមើលឃើញការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៅក្នុងមធ្យោបាយដែលអ្នកប្រើប្រាស់ទិញទំនិញ និងគ្រប់គ្រងព័ត៌មានរបស់ពួកគេ នៅក្នុងយុគសម័យឌីជីថលទំនើបនាពេលបច្ចុប្បន្ននេះ។ ដំណោះស្រាយថ្មីដែលលើកយកមកបង្ហាញនៅថ្ងៃនេះ នឹងផ្តល់ជូននូវបទពិសោធន៍ទូទាត់តាមឌីជីថលកាន់តែងាយស្រួល ពោលគឺអ្នកប្រើប្រាស់អាចគ្រប់គ្រងប្រតិបត្តិការនៅក្នុងដៃរបស់ពួកគាត់ផ្ទាល់ ហើយវាក៏នឹងជួយសម្រួលឲ្យការធ្វើពាណិជ្ជកម្មរបស់ពួកគាត់មានលក្ខណៈឯកជនភាពខ្ពស់ ងាយស្រួល និងមានសុវត្ថិភាពជាងមុន។

នៅថ្ងៃនេះក្រុមហ៊ុន Visa នឹងធ្វើការបង្ហាញជូននូវ ផលិតផល និងសេវាកម្មថ្មី ដែលនឹងត្រូវចាប់ផ្តើមដាក់ឱ្យប្រើប្រាស់នៅចុងឆ្នាំ នៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក រួមមាន៖

Visa Flexible Credential

តាមរយៈការសិក្សារបស់ក្រុមហ៊ុន Visa បានរកឃើញថា ជាងពាក់កណ្តាលនៃអ្នកប្រើប្រាស់កាត ចង់មានលទ្ធភាពក្នុងការចូលជ្រើសរើសប្រើគណនីច្រើន (គណនីធនាគារលើសពីមួយ) នៅពេលពួកគាត់ប្រើប្រាស់អត្តសញ្ញាណសម្គាល់ (credential) តែមួយដែលគាត់មានជាមួយ ធនាគារដៃគូ។ ផលិតផល Visa Flexible Credential នឹងផ្តល់សិទ្ធ(ដែលស្ថិតនៅក្នុងដៃរបស់អតិថិជន) សម្រាប់ការជ្រើសគណនីលើសពីមួយ សម្រាប់ការទូទាត់ជាមួយកាតតែមួយ សម្រាប់ការចាយវាយផ្សេងៗ។ សព្វថ្ងៃ បុគ្គលម្នាក់ៗអាចកំណត់វិធីសាស្ត្រទូទាត់ ជាមួយប្រភេទគណនីឥណទាន ឬឥណពន្ធ (Debit or Credit account), ឬ “ការសងទូទាត់បួនដង – Pay-in-four “ ដែលជាសេវាកម្មទិញឥឡូវ បង់លុយតាមក្រោយ (BNPL)” ឬទូទាត់ដោយប្រើប្រាស់ពិន្ទុសន្សំ ( Rewards points) ។ល។ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក្រុមហ៊ុន Sumitomo Mitsui Card Company (SMCC) គឺជាធនាគារដំបូងគេដែលទទួលយកដំណោះស្រាយនេះ ហើយម្ចាស់កាត SMCC ត្រូវបានគេឲ្យឈ្មោះថា “Olive” ។ ដំណោះស្រាយនេះក៏មានអនុវត្តនៅក្នុងទីផ្សារប្រទេសវៀតណាម ហ្វីលីពីន ហុងកុង ជប៉ុន សិង្ហបុរី និងថៃឡង់ ផងដែរ ហើយវានឹងត្រូវបានដាក់ឱ្យដំណើរការនៅក្នុងទីផ្សារតំបន់អាស៊ីប៉ាស៊ីហ្វិកបន្ថែមទៀតនៅចុងឆ្នាំនេះ។

ប៉ះ ដើម្បីទូទាត់រាល់ចំណាយ

នៅក្នុងសកលលោក ឧបករណ៍ចល័ត (mobile device) មានចំនួន៦ពាន់លាន ដែលអនុញ្ញាតឲ្យអតិថិជនអាចប្រើប្រាស់ឧបករណ៍របស់ពួកគាត់ ដែលមានបំពាក់ដោយបចេ្ចកវិទ្យា NFC (ដែលជាឧបករណ៍អនុញ្ញាតឲ្យឧបករណ៍អាច “ប៉ះ” លើម៉ាស៊ីនទូទាត់ ក្នុងការធ្វើប្រតិបត្តិទូទាត់)។ នៅចុងឆ្នាំ ២០២៣ ការប្រើប្រាស់វិធីសាស្រ្តទូទាត់តាមរយៈ ប៉ះដើម្បីទូទាត់ របស់ក្រុមហ៊ុន Visa កើនឡើងរហូតដល់ ៦៥ភាគរយ នៅទូទាំងសកលលោក គឺមានការកើនឡើងពីរដង បើធៀបទៅ ឆ្នាំ ២០១៩ ដែលនេះជាសក្ខីភាពបញ្ជាក់ថា ការទូទាត់ដោយគ្រាន់តែ “ ប៉ះកាតលើម៉ាស៊ីនទូទាត់ “ បានក្លាយជាបទពិសោធន៍ពាណិជ្ជកម្មដ៏ល្អបំផុតមួយនាពេលបច្ចុប្បន្ននេះ ។

ក្នុងឆ្នាំនេះ វិធីសាស្រ្តទូទាត់ថ្មី ដោយគ្រាន់តែ “ប៉ះ” នៅលើឧបករណ៍ចល័ត នឹងក្លាយជាផ្នែកដ៏សំខាន់មួយសម្រាប់បង្កើនបទពិសោធន៍នៃការទូទាត់ជាមួយ Visa នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ។

• ប៉ះដើម្បីបង់ប្រាក់៖ បច្ចុប្បន្ន ឧបករណ៍ណា ក៏អាចក្លាយជាម៉ាស៊ីនសម្រាប់ទូទាត់ប្រាក់បានដែរ
• ប៉ះដើម្បីផ្ទៀងផ្ទាត់៖ ងាយស្រួលផ្ទៀងផ្ទាត់អត្តសញ្ញាណនៅពេលទិញទំនិញតាមអ៊ីនធើណិត
• ប៉ះដើម្បីបន្ថែមកាត៖ បង្កើនសុវត្ថិភាព នៅពេលបន្ថែមកាតទៅក្នុងកាបូប ឬកម្មវិធី
• ប៉ះ ដើម្បីទូទាត់ពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ទៀត (P2P)៖ អនុញ្ញាតឱ្យផ្ញើប្រាក់រវាងគ្រួសារ និងមិត្តភក្តិ

ការបម្លែងទិន្នន័យ

ក្នុងរយៈពេល ១០ឆ្នាំ ចុងក្រោយនេះ ក្រុមហ៊ុន Visa បានពង្រឹងបន្ថែមនូវការការពារសុវត្ថិភាពនៅក្នុងប្រព័ន្ធអេកូឡូស៊ីសម្រាប់ការទូទាត់របស់ខ្លួន តាមរយៈការបំលែងព័ត៌មានសំខាន់ៗរបស់គណនីម្ចាស់កាត ទៅជានិមិត្តសញ្ញាតំណាង ក្នុងអំឡុងពេលប្រតិបត្តិការទូទាត់។ បច្ចុប្បន្ននេះការប្រើប្រាស់ ការបំប្លែងព័ត៌មានទៅនិមិត្តសញ្ញារបស់ក្រុមហ៊ុន Visa មានចំនួនច្រើនជាង ១ពាន់លានគណនី នៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយវាត្រូវបានគេទទួលយកយ៉ាងទូលំទូលាយពីបណ្តាពាណិជ្ជករ និងអ្នកចេញកាតក្នុងតំបន់ ។ បទប្បញ្ញត្តិទិន្នន័យថ្មីត្រូវបានបង្កើតឡើង ដើម្បីផ្តល់ការណែនាំសម្រាប់ការអនុវត្តឯកជនភាពទិន្នន័យអ្នកប្រើប្រាស់ ហើយជំនាន់បញ្ញាសិប្បនិមិត្ត (Gen AI) ក៏កំពុងផ្លាស់ប្តូររបៀបដែលយើងស្វែងរកព័ត៌មាននៅលើអ៊ីនធើណិតផងដែរ ហេតុដូច្នោះហើយទើបក្រុមហ៊ុន Visa ជឿជាក់ថាទិន្នន័យទូទាត់ គឺមានតួនាទីយ៉ាងសំខាន់ក្នុងការបម្រើជាប្រយោជន៍ដើម្បីបង្កើនបទពិសោធន៍អតិថិជន លើប្រព័ន្ធអ៊ីនធើណិតឲ្យកាន់តែប្រសើរឡើង ហើយអ្នកប្រើប្រាស់គួរតែត្រូវបានប្រគល់សិទ្ធក្នុងការគ្រប់គ្រងទិន្នន័យរបស់ពួកគេផងដែរ។ ក្រុមហ៊ុន Visa នឹងផ្តល់វិធីសាស្ត្រថ្មីមួយសម្រាប់បុគ្គលគ្រប់រូប ដើម្បីគ្រប់គ្រងទិន្នន័យ ក៏ដូចជាការទទួលយកនូវបទពិសោធន៍ទិញទំនិញកាន់ប្រសើរឡើង ដែលដំណើរការដោយបញ្ញាសប្បនិមិត្ត (AI) នោះគឺការប្រើប្រាស់រចនាសម្ព័ន្ធបំប្លែងព័ត៌មានទៅនិមិត្តសញ្ញា។

សញ្ញាទិន្នន័យសម្ងាត់របស់ក្រុមហ៊ុន Visa នឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ ដែលជាប្រតិបត្តិករហិរញ្ញវត្ថុ អាចចូលទៅក្នុងកម្មវិធីដើម្បីគ្រប់គ្រងទិន្នន័យរបស់ខ្លួន នៅរាល់ពេលពួកគេធ្វើការបញ្ជាទិញទំនិញតាមអ៊ីនធើណិត បន្ទាប់មកអាចមើលឃើញពីទីតាំងដែលទិន្នន័យត្រូវបានចែករំលែកនិងប្រើប្រាស់ ព្រមទាំងអាចផ្តាច់ការចូលប្រើប្រាស់ដោយខ្លួនឯងតាមរយៈកម្មវិធីទូរស័ព្ទដៃធនាគារដៃគូរបស់ពួកគាត់។ និមិត្តសញ្ញាទិន្នន័យសម្ងាត់នេះ អនុញ្ញាតឲ្យក្រុមហ៊ុន Visa និងធនាគារដែលជាដៃគូសហការ អាចផ្តល់សិទ្ធអំណាចឲ្យអ្នកលក់ក្នុងការស្នើសុំការយល់ព្រមពីអ្នកប្រើប្រាស់ ដើម្បីទទួលបានការផ្តល់ជូនលក្ខណៈឯកជន អំឡុងពេលដែលអ្នកប្រើប្រាស់កំពុងធ្វើការទិញទំនិញជាមួយពួកគេផ្ទាល់។ ក្នុងករណីអ្នកប្រើប្រាស់យល់ព្រមចំពោះសំណើរនោះ ក្រុមហ៊ុន Visa នឹងផ្ញើសញ្ញាទិន្នន័យសម្ងាត់ឯកជនដល់ពាណិជ្ជករ ដែលព័ត៌មានចាំបាច់ក្នុងការប្រើប្រាស់ត្រូវបានបំពេញដោយប្រើបច្ចេកវិទ្យាបញ្ញាសប្បនិមិត្ត ផ្អែកលើទិន្នន័យប្រតិបត្តិការដែលមានស្រាប់របស់បុគ្គលដែលជាអ្នកប្រើប្រាស់។ សញ្ញាទិន្នន័យសម្ងាត់ អាចនឹងត្រូវប្រើប្រាស់ជាមួយម៉ូឌែលបច្ចេកវិទ្យាបញ្ញាសប្បនិមិត្តរបស់អាជីវករ ដើម្បីផ្តល់ការណែនាំតាមពេលវេលាជាក់ស្តែងសម្រាប់អ្នកទិញ។ ក្រុមហ៊ុន Visa ក៏នឹងបញ្ជូនសញ្ញាទិន្នន័យសម្ងាត់ទៅធនាគាររបស់អ្នកប្រើប្រាស់ផងដែរ ដើម្បីចាប់យកទីតាំងពិតប្រាកដ ដែលទិន្នន័យត្រូវបានចែករំលែក ដូច្នេះហើយអ្នកប្រើប្រាស់អាចពិនិត្យមើលបានយ៉ាងងាយស្រួលនូវទីកន្លែងដែលវាត្រូវបានចែករំលែក តាមរយៈកម្មវិធីធនាគារចល័ត នឹងអាចសម្រេចចិត្តក្នុងការដកហូតសិទ្ធិចូលប្រើប្រាស់បានផងដែរ។

“ចុច” ដើម្បីបង់ប្រាក់ (Click to Pay)

បទពិសោធន៍របស់អតិថិជនភាគច្រើន សម្រាប់ទូទាត់ទំនិញតាមអនឡាញ គឺនៅតែមានការរំខាន មិនរលូនដូចអ្វីដែលពួកគាត់ចង់បាន ដោយសារអតិថិជនត្រូវបញ្ចូលទិន្នន័យកាតរាល់ពេល និងត្រូវឆ្លងកាត់ដំណើរការផ្ទៀងផ្ទាត់តាមថ្នាលពាណិជ្ជកម្មឌីជីលថលដើម្បីអនុម័ត។ ការ “ចុច”ដើម្បីបង់ប្រាក់ (click to pay) គឺជាដំណោះស្រាយទូទាត់មួយ ដែលមានលក្ខណៈស្តង់ដា សហការបង្កើតឡើងដោយប្រើប្រាស់បច្ចេកវិទ្យាសុវត្ថិភាព EMVCo ក្នុងគោលបំណងលុបបំបាត់ដំណើរប្រតិបត្តិការដ៏គួរឱ្យធុញទ្រាន់នេះ ហើយផ្ទុយទៅវិញផ្តល់បទពិសោធន៍ទូទាត់ប្រាក់ដោយរលូន និងប្រកបដោយសុវត្ថិភាពជាងមុន។ ដំណោះស្រាយមួយនេះនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចបំពេញប្រតិបត្តិការតាមអនឡាញដោយគ្រាន់តែអនុវត្តត្រឹមតែពីរបីជំហានប៉ុណ្ណោះ តាមរយៈការជ្រើសរើសប្រភេទ Visa កាត ដែលពួកគេចង់ប្រើប្រាស់ដើម្បីទូទាត់ប្រាក់។ លើសពីនេះទៀត នៅពេលដែល កាត ប្រភេទថ្មីនេះ ត្រូវបានដាក់ឲ្យប្រើប្រាស់ ក្រុមហ៊ុន Visa នឹងចាប់ដៃគូសហការជាមួយស្ថាប័នចេញកាត ក្នុងទីផ្សារជាច្រើននៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីបើកដំណើរប្រតិបត្តិការ ចុចដើម្បីបង់ប្រាក់ (Click to Pay) លើប្រភេទ Visa កាត ទម្រង់ថ្មី ដោយកាត់បន្ថយការបញ្ចូលព័ត៌មានលម្អិតរបស់កាត និងពាក្យសម្ងាត់ដោយដៃ៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner