សិល្បៈករ អ៊ីតាលី កម្រិតពិភពលោក នឹងរៀបចំប្រគំតន្រ្តី STARS ASIA TOUR 2025-2026 នៅកម្ពុជា

(ភំ្នពេញ)៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានទទួលជួបពិភាក្សាការងារជាមួយលោក ម៉ាកូ ប៊ីយ៉ានឈី នាយកគ្រប់គ្រងកម្មវិធីប្រគំតន្រ្តីរបស់លោក អេនឌ្រា បូសេលលី ដើម្បីស្នើសុំការគំាទ្រលើការរៀបចំប្រគំតន្រ្តី STARS ASIA TOUR 2025-2026 នៅកម្ពុជា នារសៀល ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ ។

លោក ម៉ាកូ ប៊ីយ៉ានឈី បានជម្រាបពីការស្នើសុំកិច្ចគាំទ្រ និងសហការដែលក្រុមហ៊ុនត្រូវការពីស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ដើម្បីរៀបចំកម្មវិធីប្រគំតន្រ្តី STARS ASIA TOUR 2025-2026 របស់លោក អេនឌ្រា បូសេលលី ក្រោមប្រធានបទសន្តិភាព វប្បធម៌ និងការអប់រំ នៅកម្ពុជា។ លើសពីការប្រគំតន្ត្រី ក្នុងគម្រោងនេះនឹងមានវីដេអូផ្សព្វផ្សាយពីសម្បត្តិវប្បធម៌ និងទីកន្លែងទេសចរណ៍របស់កម្ពុជាទៅដល់ពិភពលោកផងដែរ។

ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោក អេនឌ្រា បូសេលលី និងក្រុមការងារ ដែលបានជ្រើសរើស កម្ពុជាជាទីកន្លែងមួយនៃកម្មវិធីប្រគំតន្រ្តី STARS ASIA TOUR 2025-2026 ដែលជាការជ្រើសរើសដ៏ត្រឹមត្រូវជាមួយ លោក អេនឌ្រា បូសេលលី សិល្បករកម្រិតពិភពលោកសំដែងនៅមុខប្រាសាទអង្គរវត្ត ដែលជាបេតិកភណ្ឌពិភពលោក ពិតជាព្រឹត្តការណ៍ដ៏អស្ចារ្យ និងអាចបញ្ជាក់យ៉ាងច្បាស់ពីស្ថានភាពប្រទេសកម្ពុជាមានសុខសន្តិភាព សេ្ថរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍគ្រប់វិស័យ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់ពីការគាំទ្រពេញទំហឹង និងស្នើសុំឱ្យស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ផ្តល់កិច្ចសហការល្អ និងសម្របសម្រួល ដើម្បីឱ្យគម្រោង ប្រគំតន្រ្តី STARS ASIA TOUR 2025-2026 បានដំណើរការដោយរលូន និងជោគជ័យ ។

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជូនពរ លោក ម៉ាកូ ប៊ីយ៉ានឈី នាយកគ្រប់គ្រងកម្មវិធីប្រគំតន្រ្តីរបស់លោក អេនឌ្រា បូសេលលី និងសហការី មានសុខភាពល្អ និងទទួលបានជោគជ័យក្នុងការងារនៅកម្ពុជា ៕

ដោយ ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner