វគ្គបណ្តុះបណ្តាលសិស្សនគរបាលកម្រិតបឋមវិជ្ជាជីវៈនគរបាលនៅសាលានគរបាលជាតិភូមិភាគ៥ បាត់ដំបង ត្រូវបានបញ្ចប់
បាត់ដំបង៖សិស្សនគរបាលជ័យលាភីចំនួន១៩០នាក់ដែលបានធ្វើកម្មសិក្សានៅសាលានគរបាលជាតិភូមិភាគ៥ ខេត្តបាត់ដំបង បានបញ្ចប់កម្មសិក្សានិងបានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១៨ លើកទី១កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពឧត្តមសេនីយ៍ឯក សុន វុឌ្ឍី អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា។
ក្នុងពិធីនេះលោកវរសេនីយ៍ឯក ឈួន សុវណ្ណារ័ត្ន នាយកសាលានគរបាលជាតិភូមិភាគ៥ បានរាយការណ៍ដោយសង្ខេប អំពីលទ្ធផលនៃការបណ្ដុះបណ្ដាល និងកម្មសិក្សារបស់សិស្សនគរបាលក្នុងវគ្គ។
ថ្លែងទៅកាន់សិក្ខាកាមឧត្តមសេនីយ៍ឯក សុន វុឌ្ឍី អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជាបានលើកឡើងក្រសួងមហាផ្ទៃ
បានយកចិត្តទុកដាក់និងផ្តល់អាទិភាពខ្ពស់ដល់ការងារអប់រំបណ្តុះបណ្តាលព្រមទាំងបានដាក់ចេញនូវផែនការកំណែទម្រង់លើកងកម្លាំងនគរបាលជាប់ជាប្រចាំ ដើម្បីឆ្លើយតបនិងស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដោយបានផ្តោតសំខាន់ទៅលើការធ្វើទំនើបកម្មនិងការពង្រឹងនូវសមត្ថភាពវិជ្ជាជីវៈនៃកងកម្លាំងនគរបាលជាតិឱ្យស្របទៅនឹងការវិវត្តនៃស្ថានការណ៍សន្តិសុខជាតិនិងអន្តរជាតិ ព្រមទាំងដើម្បីជាការឆ្លើយតបទៅនឹងតម្រូវការចាំបាច់ នៃ អង្គភាពនគរបាល ។
ក្នុងឱកាសនេះដែរឧត្តមសនីយ៍ឯក សុន វុឌ្ឍី ក៏បានផ្តល់នូវកិត្តិយសប្រគល់វិញ្ញាបនបត្រសិក្សាដល់សិស្សនគរបាល
ទទួលបានជ័យលាភីជានិមិត្តរូប ចំនួន២០រូប៕
(អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប)