ជប៉ុនចាប់ផ្តើមកម្មវិធីណាត់ជួបគូស្នេហ៍ ដើម្បីបង្កើនអត្រាកំណើត

តូក្យូ៖ មន្ត្រីជប៉ុនបាននិយាយកាលពីថ្ងៃអង្គារថា ទីក្រុងតូក្យូនឹងចាប់ផ្តើមដំណើរការកម្មវិធីណាត់ជួបលក្ខណៈឯកជន ដែលមានឈ្មោះថា Tokyo app នៅដើមរដូវក្តៅនេះ ដែលវាជាកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ដើម្បីជំរុញអត្រាកំណើតជាតិដែលធ្លាក់ចុះយ៉ាងគំហុក។

អ្នកប្រើប្រាស់កម្មវិធី Tokyo app នឹងត្រូវតម្រូវឱ្យដាក់ឯកសារបញ្ជាក់ថា ពួកគេនៅលីវ ឬមិនទាន់មានប្តី-ប្រពន្ធស្របច្បាប់ និងចុះហត្ថលេខាលើលិខិតដែលបញ្ជាក់ថា ពួកគេសុខចិត្តរៀបការ។ ដំណើរការចុះឈ្មោះ នឹងត្រូវតម្រូវឱ្យបញ្ជាក់ពីអត្តសញ្ញាណរបស់អ្នកប្រើប្រាស់ ដែលនេះជាផ្នែកនៃការចុះឈ្មោះក្នុងកម្មវិធី Tokyo app ដែលបានដំណើរការសាកល្បងដោយឥតគិតថ្លៃចាប់តាំងពីចុងឆ្នាំមុន។

មន្ត្រីរដ្ឋាភិបាលក្រុងតូក្យូទទួលបន្ទុកកម្មវិធីថ្មីនេះ បានប្រាប់កាសែតបារាំង AFP ថា យើងបានដឹងថា ៧០ភាគរយនៃមនុស្សដែលចង់រៀបការ ហាក់មិនមានភាពសកម្ម ឬចូលរួមកម្មវិធីដើម្បីស្វែងរកដៃគូជីវិតទេ។ ដូច្នេះហើយ យើងចង់ផ្តល់ឱកាសឱ្យពួកគេនូវការជំរុញដ៏ទន់ភ្លន់មួយដើម្បីស្វែងរកដៃគូជីវិត។ វាមិនមែនជារឿងចម្លែកទេសម្រាប់រដ្ឋាភិបាលជប៉ុន ក្នុងការរៀបចំព្រឹត្តិការណ៍ផ្គូផ្គងដៃគូស្នេហា ដោយសារតែអត្រាកំណើតនៅជប៉ុនបានធ្លាក់ចុះដល់កម្រិតថ្មីក្នុងឆ្នាំ២០២៣។

កាលពីឆ្នាំ២០២៣ ប្រទេសជប៉ុនបានកត់ត្រាចំនួនអ្នកស្លាប់ច្រើនជាងទារកទើបកើតដល់ទៅ ២ដង។ ទិន្នន័យបឋមរបស់រដ្ឋាភិបាលជប៉ុនបានបង្ហាញថា អត្រាកំណើតបានធ្លាក់ចុះក្នុងរយៈពេល៨ឆ្នាំជាប់ៗគ្នា មានត្រឹម ៧៥៨,៦៣១នាក់ ធ្លាក់ចុះ ៥.១ភាគរយ។ ចំនួនអ្នកស្លាប់មានចំនួន ១,៥៩០,៥០៣នាក់។ ហើយបច្ចុប្បន្នប្រទេសជប៉ុនក៏កំពុងប្រឈមមុខនឹងកង្វះកម្លាំងពលកម្មកាន់តែខ្លាំងឡើងផងដែរ៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner