ឯកឧត្តម អ៊ុច បូររិទ្ធ ទទួលជួប ប្រធានមូលនិធិចែករំលែក​សង្រ្គោះជីវិតសកល (Global LifeSharing) និងពិធីចុះហត្ថលេខាលើ ”អនុស្សារណៈស្តីពីកា​រ​ផ្តល់​ជំនួយមនុស្សធម៌ដល់ប្រជាជនកម្ពុជា

អត្ថបទដោយ៖
ឈឹម សុផល

(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ១៤រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ០៩:៣០នាទី ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី២ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក គីម ជុង ណាម (Kim Jung Nam) ប្រធាន ”អង្គការមូលនិធិចែករំលែកសង្រ្គោះជីវិតសកល (Global Life Sharing)” នៃសាធារណរដ្ឋកូរ៉េ និងសមាជិកគណៈប្រតិភូ ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។

តាងនាមឱ្យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឯកឧត្តមអនុប្រធានទី២ ព្រឹទ្ធសភា បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូ នៃ ”មូលនិធិចែករំលែកសង្រ្គោះជីវិតសកល” ដែលបានអញ្ជើញមកបំពេញបេសកកម្មការងារជាថ្មីម្តងទៀតនៅកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះ ជំនួយមនុស្សធម៍ដ៏ថ្លៃថ្លា ដែលមូលនិធិ Global Life Sharing បានផ្តល់ និងមានគម្រោងបន្តផ្តល់ដល់កម្ពុជា សំដៅរួមចំណែកដល់ការអភិវឌ្ឍ ក្នុងវិស័យសុខាភិបាល សុខមាលភាពប្រជាជន និងសិក្សាធិការ។

ឯកឧត្តមអនុប្រធានទី២ ព្រឹទ្ធសភា បានរំឭកពីការភ្ជាប់ទំនាក់ទំនងការទូតឡើងវិញ រវាង កម្ពុជា និងសាធារណរដ្ឋកូរ៉េ នៅឆ្នាំ១៩៩៧ ដែលជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន និងអតីតប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ ឯកឧត្តម Kim Young-sam ដែលចាប់តាំងពីពេលនោះមក ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ មានការរីកចម្រើននៅលើគ្រប់វិស័យ គួរឱ្យកត់សម្គាល់។ ជាមួយគ្នានេះ នៅក្នុងក្របខ័ណ្ឌនៃការអនុវត្តការទូតសភា ដែលជាអាទិភាពរបស់ព្រឹទ្ធសភា នីតិកាលទី៥ ដែលបានដាក់ចេញដោយសម្តេចតេជោ ប្រធានព្រឹទ្ធសភា ឯកឧត្តមអនុប្រធានទី២ បានគូសបញ្ជាក់ពីសារៈសំខាន់ នៃការបង្កើតក្រុមមិត្តភាពព្រឹទ្ធសភាកម្ពុជា ជាមួយរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ដែលមាន ឯកឧត្តម ម៉ម ប៊ុននាង ជាប្រធាន សំដៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិបញ្ញត្តិ ប្រទេសទាំងពីរ ដើម្បីរួមចំណែកដល់ការរក្សាសន្តិភាព សន្តិសុខ និងការអភិវឌ្ឍ។

នៅក្នុងឱកាសនោះ លោក Kim Jung Nam និងគណៈប្រតិភូ បានធ្វើការវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍលើគ្រប់វិស័យ និងភាពរីកចម្រើនយ៉ាងឆាប់រហ័ស នៅកម្ពុជា ព្រមទាំងបានចាត់ទុក កម្ពុជាជាប្រទេសដែលមានភាពរីកលូតលាស់លឿនជាងគេបំផុត នៅអាស៊ីអាគ្នេយ៍ ។ គណៈប្រតិភូមូលនិធិក៏បានសម្តែងការអរគុណជាពិសេសដល់សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងថ្នាក់ដឹកនាំព្រឹទ្ធសភា ព្រមទាំងរាជរដ្ឋាភិបាល និងអាជ្ញាធរ មូលដ្ឋាន ដែលតែងតែបានផ្តល់នូវការគាំទ្រ និងកិច្ចសហការល្អ ដើម្បីភាពជោគជ័យក្នុងបេសកកម្មរបស់មូលនិធិ Global Life Sharing នៅកម្ពុជា។

បន្ទាប់ពីការជួបសម្តែងការគួរសម ពិធីចុះហត្ថលេខាលើ ”អនុស្សារណៈស្តីពីការផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនកម្ពុជាតាមរយៈព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា” បានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី២ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។

យោងតាមស្មារតីនៃអនុស្សារណៈនេះ អង្គការមូលនិធិចែករំលែកសង្រ្គោះជីវិតសកល និងផ្តល់ជំនួយមនុស្សធម៌ដល់ខេត្តកណ្តាល ខេត្តសៀមរាប ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ចាម ដោយក្នុងមួយខេត្តទទួលបានជំនួយមនុស្សធម៌ គិតជាទឹកប្រាក់មានចំនួន ៥លានដុល្លាអាមេរិក (ប្រាំលានដុល្លាអាមេរិក) ក្នុងរយៈពេល ៥ឆ្នាំ ៕

ប្រភព ៖ ព្រឹទ្ធសភា កម្ពុជា

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner