ដែនជម្រកសត្វព្រៃលំផាត់ នៅតែរក្សាស្ថេរភាព នៃចំនួនសត្វក្រៀល

(ភ្នំពេញ)៖ អង្គការជីវិតធម្មជាតិនៅកម្ពុជា(NatureLife Cambodia)បានបង្ហាញពីការរកឃើញក្នុងអំឡុងថ្ងៃទី៣១ ខែឧសភាឆ្នាំ ២០២៤កន្លងមកនៃការកត់ត្រាសត្វក្រៀលចំនួន ១៤ក្បាល ដែលក្នុងនោះជំទង់ចំនួន ៦ក្បាល កំឡុងពេលជំរឿនសត្វក្រៀលចុងក្រោយសំរាប់រដូវកាល២០២៣-២០២៤។

អង្គការជីវិតធម្មជាតិនៅកម្ពុជាឱ្យដឹងនៅថ្ងៃទី០៥ ខែ មិថុនា ឆ្នាំ ២០២៤នេះថា៖បើគេយោងតាម ទិន្នន័យនេះបានបង្ហាញថាចំនួនសត្វក្រៀលនៅក្នុងដែនជម្រកសត្វព្រៃលំផាត់គឺមានស្ថេរភាពបើធៀបទៅនឹងលទ្ធផលជំរឿននៅក្នុងឆ្នាំ២០២២-២០២៣។
គួរបញ្ជាក់ថាដែនជម្រកសត្វព្រៃលំផាត់គឺទីតាំងពងកូនដ៏សំខាន់របស់សត្វក្រៀលដែលរដូវកាលរបស់សត្វនេះចាប់ពីខែឧសភាដល់តុលា។ សម្រាប់ដែនជម្រកសត្វព្រៃលំផាត់នៃតំបន់ខ្ពង់រាបភាគបូព៌ានេះដែរត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យក្នុងឆ្នាំ ១៩៩៣ គ្របដណ្តប់លើផ្ទៃដីសរុប ចំនួន ២៥ម៉ឺនហិកតា ប្រហែល ៨០ភាគរយស្ថិតនៅក្នុងខេត្តរតនគិរី និង ២០ ភាគរយទៀតនៅក្នុងខេត្តមណ្ឌលគិរី។
ប្រភពខាងលើនេះបានបញ្ជាក់ថាការមកជួបជុំនៅដែនជម្រកសត្វព្រៃនេះក្នុងខែឧសភា សបញ្ចាក់ថាដែនជម្រកសត្វព្រៃលំផាត់បាននិងកំពុងបន្តតួនាទីដ៏សំខាន់ក្នុងការផ្តល់ទីជម្រកពងកូនដល់សត្វកំពុងរងគ្រោះឈានទៅជិតផុតពូជនេះ។

អង្គការជីវិតធម្មជាតិនៅកម្ពុជាបានបញ្ជាក់ដែរថា បច្ចុប្បន្ននេះក្រុមការងារអង្គការរបស់ខ្លួន កំពុងកំណត់និងដាក់ផែនការក្នុងការចុះសិក្សាស្វែងរកសំបុកសត្វក្រៀលដើម្បីបង្កើនភាពជោគជ័យនៃអត្រាពងកូន។
គួរបញ្ជាក់ថាបើតាមឯកសារនៃក្រសួងបរិស្ថានបានឱ្យដឹងថា៖សត្វក្រៀលគឺជាសត្វស្លាបដែលមានកម្ពស់ខ្ពស់ជាងគេលើពិភពលោក ហើយអាចហើរបាន ជាទូទៅមានកម្ពស់ ប្រហែល ១,៧៦ ម៉ែត្រ មានទម្ងន់ ៥-១២ គីឡូក្រាម និងប្រវែងស្លាបទាំងសងខាង ២,៥ ម៉ែត្រ។ ពួកវាមានម្រាមជើងមុខវែងៗចំនួនបី និងម្រាមជើងក្រោយខ្លីមួយ។ ពួកវាមិនអាចទំនៅលើដើមឈើបានទេ ហើយដេកដោយឈរស្ងៀមធ្មឹងនៅទីតាំងជិតៗកន្លែងរកចំណីរបស់វានៃតំបន់ដីសើម។

សត្វក្រៀលមាន សម្បុរប្រផេះលើដងខ្លួន កផ្នែកខាងលើនិងក្បាលមានពណ៌ក្រហម ក្បាលផ្នែកខាងលើបំផុតនិងត្រចៀក មានពណ៌ប្រផេះស្រាល។ កូនក្រៀលមានមាឌតូចបន្តិច និងមានពណ៌ត្នោតនៅចំក្បាលរបស់វា។ យើង ពិបាកសម្គាស់ថាសត្វក្រៀលណាជាឈ្មោលឬញីនៅពេលដែលពួកវានៅជាគូ ប៉ុន្តែមីញីមានមាឌតូចជាង អាឈ្មោលបន្តិច។ សត្វក្រៀលត្រូវបានចាត់ ជាប្រភេទសត្វងាយរងគ្រោះ៕

ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner