សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសាធារណរដ្ឋគុយបា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ១៤ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ មីឡេនណា ការីដាដ ហ្សាឌីវ៉ា ពាដ្រា(Milena Caridad Zaldivar Piedra) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋគុយបាប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។
 
សម្ដេចតេជោប្រធានព្រឹទ្ធសភា បានអបអរសាទរ ជូនចំពោះលោកជំទាវ ឯកអគ្គរដ្ឋទូត ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋគុយបាប្រចាំកម្ពុជា។ សម្ដេចតេជោ បានសម្ដែងនូវក្ដីសង្ឃឹមថានៅក្នុងអាណត្តិបេសកកម្មរបស់ លោកជំទាវ ឯកអគ្គរដ្ឋទូត លោកជំទាវនឹងខិតខំរួមគ្នាជាមួយនឹងរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ដើម្បីកសាងនិងពង្រឹងបន្ថែមនូវទំនាក់ទំនងដែលមានស្រាប់រវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត។
 
លោកជំទាវ ឯកអគ្គរដ្ឋទូត បានរាយការណ៍ជូន សម្ដេចតេជោ ថា  សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ត្រូវបានប្រជាជនគុយបា គោរពស្រឡាញ់រាប់អាន ហើយទំនាក់ទំនងរវាងប្រទេសយើងទាំងពីរគឺមានភាពរឹងមាំ ដោយយើងបានជួយគ្នាក្នុងការអភិវឌ្ឍ និងកិច្ចសហការក្នុងកម្មវិធីជាច្រើនដែលធ្វើឱ្យប្រទេសយើងទាំងពីរកាន់តែជិតស្និទ្ធគ្នាបន្ថែមទៀត។
 
នៅក្នុងពេលទស្សនកិច្ចផ្លូវការចុងក្រោយរបស់ សម្ដេចតេជោ នៅទីក្រុងហាឡាវ៉ាន កាលពីខែកញ្ញាឆ្នាំ២០២២ កន្លងទៅនេះ ភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់និងកិច្ចព្រមព្រៀងមួយចំនួន ហើយលោកជំទាវឯកអគ្គរដ្ឋទូត បានបញ្ជាក់ថានឹងខិតខំប្រឹងប្រែង តាមដាន និង អនុវត្តនូវកិច្ចព្រមព្រៀងនិងអនុស្សរណៈទាំងនោះប្រកបដោយផ្លែផ្កា។
 
លោកជំទាវ ក៏បានថ្លែងអំណរគុណផងដែរចំពោះរាជរដ្ឋាភិបាលកម្ពុជានិងសម្ដេចតេជោ ដែលបានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះដំណើរទស្សនកិច្ចរបស់ នាយករដ្ឋមន្ត្រីសាធារណរដ្ឋគុយបានៅកម្ពុជាកាលពីចុងឆ្នាំ២០២២កន្លងមកនេះ។ លោកជំទាវ ឯកអគ្គរដ្ឋទូត បានអបអរសាទរជូនចំពោះ សម្ដេចតេជោ ដែលត្រូវបានតែងតាំងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ហើយក៏បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ប្រធានាធិបតី ប្រធានសភានិងនាយករដ្ឋមន្ត្រីគុយបា ជូនចំពោះ សម្ដេចតេជោផងដែរ។
 
លោកជំទាវ ឯកអគ្គរដ្ឋទូត បានថ្លែងពីការស្ញប់ស្ញែង និង កោតសរសើររបស់លោកជំទាវ ចំពោះកម្ពុជាដែលជោគជ័យនៅក្នុងបញ្ហាសន្តិសុខស្បៀង និងមានការអភិវឌ្ឍកម្រិតខ្ពស់ ហើយប្រទេសគុយបាក៏ចង់រៀនសូត្រពីកម្ពុជាផងដែរ។
 
លោកជំទាវបានចាត់ទុកថាសារៈសំខាន់នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ គឺគម្រោងផលិតស្រូវដែលបានចាប់ផ្តើម ដោយ គណៈប្រតិភូកម្ពុជាបានធ្វើដំណើរទៅទីក្រុងហាឡាវ៉ានៃប្រទេសគុយបា ហើយអនុរដ្ឋមន្ត្រីកសិកម្មរបស់គុយបា ក៏បានមកបំពេញទស្សនកិច្ចនៅកម្ពុជាដើម្បីជំរុញវិស័យផលិតស្រូវនៅក្នុងប្រទេសគុយបាផងដែរ។
 
ទាក់ទងនឹងវិស័យសុខាភិបាល លោកជំទាវ បានបញ្ជាក់ថា គុយបាមានបច្ចេកវិទ្យាផ្នែកសុខាភិបាល និងមានគោលបំណងចែករំលែកដល់កម្ពុជា ។ ប្រទេសយើងទាំងពីរគួរតែមានអនុស្សរណៈយោគយល់គ្នានៅលើវិស័យសុខាភិបាល និងវិស័យផ្សេងទៀតដូចជាវប្បធម៌ជាដើម ។ លោកជំទាវ ក៏បំណងនឹងធ្វើការជាមួយនឹងរដ្ឋមន្ត្រីពាក់ព័ន្ធនានារបស់កម្ពុជាដើម្បីសិក្សាពីអ្វីដែលអាចធ្វើបានបន្ថែមទៀត ដែលជាសក្ដានុពលរបស់ប្រទេសទាំងពីរ។
 
លោកជំទាវ ឯកអគ្គរដ្ឋទូត ក៏បានរៀបរាប់ផងដែរពីការលំបាករបស់គុយបានាពេលបច្ចុប្បន្នដោយមានការហ៊ុមព័ទ្ធទាំងផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលធ្វើឱ្យបានមានការលំបាកក្នុងការនាំចូលស្បៀង។  លោកជំទាវ បានថ្លែងអំណរគុណផងដែរចំពោះកម្ពុជាដែលតែងតែបោះឆ្នោតគាំទ្រឱ្យមានការដកទណ្ឌកម្មចេញពីប្រទេសគុយបា នៅសន្និបាតអង្គការសហប្រជាជាតិជារៀងរាល់ឆ្នាំ។
 
ជាកិច្ចឆ្លើយតប សម្ដេចតេជោប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណចំពោះលោកជំទាវ ដែលបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខនិងការជូនពរពីប្រធានាធិបតី ប្រធានសភា និងនាយករដ្ឋមន្ត្រីគុយបា ជូនចំពោះសម្ដេចតេជោ។
 សម្ដេចតេជោ បានរំព្ញកថា ប្រទេសយើងទាំងពីរមានទំនាក់ទំនងយូរអង្វែងចាប់ពីតាំងពីបានឯករាជ្យមករៀងៗខ្លួនមក ។ នៅឆ្នាំ១៩៧៩  សាធារណរដ្ឋគុយបាបានទទួលស្គាល់សាធារណរដ្ឋប្រជាមានិតកម្ពុជា ហើយបានផ្ដល់ជំនួយនិងការជួយដោះស្រាយបញ្ហាផ្សេងៗនៅលើឆាកអន្តរជាតិទៀតផង។ ក្នុងឱកាសនោះដែរ សម្ដេចតេជោបានរំលឹកពីអនុស្សាវរីយ៍ដែលមានការជ្រោមជ្រែងជួយពីសំណាក់ឯកឧត្តម ប្រធានាធិបតី ហ្វីដែល កាស្ត្រូ ក្នុងការធ្វើឱ្យអាសនៈរបស់កម្ពុជានៅក្នុងចលនាមិនចូលបក្សសម្ព័ន្ធ  នៅទំនេរ ខណៈពេលនោះ ខ្មែរក្រហមកាន់កាប់អាសនៈកម្ពុជានៅអង្គការសហប្រជាជាតិ។
 
សម្ដេចតេជោ បានរំលឹកអនុស្សាវរីយ៍ក្នុងដំណើរទស្សនកិច្ចនៅសាធារណរដ្ឋគុយបា ពិសេស ទស្សនកិច្ចឆ្នាំ១៩៩៩ ឆ្នាំ ២០០០ និង ឆ្នាំ២០២២កន្លងមកនេះ ដែលសម្ដេចតេជោ បានធ្វើការចរចា និងពិភាក្សាយ៉ាងល្អិតល្អន់ស្តីពីការជំរុញទំនាក់ទំនងទ្វេភាគី និងសភាពការណ៍ផ្លាស់ប្ដូរនៅលើសកលលោក ជាមួយថ្នាក់ដឹកនាំកំពូលរបស់សាធារណរដ្ឋគុយបា។

ទាក់ទងនឹងទំនាក់ទំនងទ្វេភាគី សម្ដេចតេជោប្រធានព្រឹទ្ធសភា បានរំឭកថាយើងមានកិច្ចព្រមព្រៀងនិងអនុស្សរណៈជាច្រើនសម្រាប់កិច្ចសហការរបស់យើង ។ យើងត្រូវជំរុញអនុវត្តរាល់កិច្ចព្រមព្រៀងនិងអនុស្សរណៈដែលមានស្រាប់ និងស្វែងរកអ្វីដែលអាចធ្វើបានបន្ថែមទៀត ដោយសារប្រទេសយើងទាំងពីរមានសក្តានុពលយ៉ាងច្រើន។ សម្ដេចជោ ប្រធានព្រឹទ្ធសភា បានបញ្ជាក់ពីគម្រោងជួយសាធារណរដ្ឋគុយបា ក្នុងការផលិតស្រូវដើម្បីកាត់បន្ថយការនាំចូល ហើយទន្ទឹមនឹងនោះ សម្ដេចតេជោ មានបំណងជំរុញការនាំចេញនិងនាំចូលនូវផលិតផលទៅវិញទៅមក។ ទន្ទឹមនឹងនេះដែរ សម្ដេចតេជោប្រធានព្រឹទ្ធសភា បានផ្ដល់ជាអនុសាសន៍ដូចខាងក្រោម៖
ទី១) វិស័យកសិកម្ម ជាពិសេសការផលិតស្រូវ កម្ពុជាមានបទពិសោធន៍ក្នុងការផលិតស្រូវដោយប្រើ រយៈពេលខ្លី ប្រើទឹកតិច ដែលអាចជួយដល់គុយបាជម្នះការលំបាកក្នុងពេលដែលប្រទេសគុយបាកំពុងតែទទួលរងនូវការហ៊ុមព័ទ្ធ។គុយបា អាចយកបច្ចេកទេសផលិតស្រូវកម្ពុជា ដើម្បីយកទៅអនុវត្តជាក់ស្ដែងនៅប្រទេសគុយបា ពីព្រោះថាសព្វថ្ងៃនេះ គុយបាកំពុងមានបញ្ហាខ្វះខាតស្បៀងដែលជាបញ្ហាសំខាន់ត្រូវយកចិត្តទុកដាក់ដោះស្រាយ។
 
ទី២) ពាក់ព័ន្ធវិស័យវេជ្ជសាស្រ្ត សម្ដេចតេជោ បានថ្លែងអំណរគុណ ដល់រដ្ឋាភិបាលគុយបា ដែលបានផ្ដល់ការគាំទ្រ និងជួយដល់កម្ពុជាក្នុងពេលដ៏លំបាក ជាពិសេសគឺនៅពេលដែលកម្ពុជាទើបតែរួចផុតពីរបបប៉ុលពត។ កម្ពុជាបានបញ្ជូននិស្សិតជាច្រើនទៅសិក្សានៅប្រទេសគុយបា ដោយគុយបាមានបច្ចេកវិទ្យាវេជ្ជសាស្ត្រ សិក្សា និងផលិតវ៉ាក់សាំង ដូចនេះ សម្ដេចតេជោ បានផ្ដល់អនុសាសន៍ឱ្យ លោកជំទាវ ឯកអគ្គរដ្ឋទូត បន្តធ្វើការជាមួយក្រសួងសុខាភិបាលកម្ពុជា។
 
សម្ដេចតេជោប្រធានព្រឹទ្ធសភា បានស្នើឱ្យ លោកជំទាវ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋគុយបា ធ្វើការពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខនិងពរជ័យជូនចំពោះ ប្រធានាធិបតី នាយករដ្ឋមន្រ្តី និងប្រធានសភា សាធារណរដ្ឋគុយបាផងដែរ៕
 
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner