ទូតឥណ្ឌូនេស៊ី ៖ សម្ដេចតេជោ គឺជាមិត្តល្អ ជាមិត្តពិតប្រាកដរបស់ប្រទេសឥណ្ឌូណេស៊ី
(ភ្នំពេញ)៖ ទូតឥណ្ឌូនេស៊ី បានគូសបញ្ជាក់ថា សម្ដេចតេជោ គឺជាមិត្តល្អ ជាមិត្តពិតប្រាកដរបស់ប្រទេសឥណ្ឌូណេស៊ី ដែលសម្ដេចបានរួមចំណែកក្នុងទំនាក់ទំនងជាប្រវត្តិសាស្ត្រ ជាពិសេស ក្នុងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌអាស៊ាន ។ ឯកឧត្ដម សាន់តូ ដាម៉ូស៊ូម៉ាតូ(Santo Darmosumarto) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌូណេស៊ីប្រចាំ កម្ពុជា បានបញ្ជាក់ដូច្នេះក្នុងឱកាសដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ ។
សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះឯកឧត្ដម ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌូណេស៊ីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ សម្តេច ជឿជាក់យ៉ាងមុតមាំថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា និង ឥណ្ឌូណេស៊ី នឹងត្រូវបានពង្រឹង និងពង្រីកឱ្យកាន់តែប្រសើរឡើងថែមទៀត ។
ឯកឧត្តមអគ្គរដ្ឋទូត បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ ដែលបានផ្ដល់ឱកាសឱ្យឯកឧត្តម បាននាំសហការី ចូលជួបសំដែងការគួរសម ។ ឯកឧត្តមអគ្គរដ្ឋទូតក៏បានអបអរសាទរចំពោះសម្ដេចតេជោ ដែលត្រូវបានជ្រើសតាំងជាប្រធានព្រឹទ្ធសភា ហើយឯកឧត្តមសង្ឃឹមថា ក្នុងឋានៈជាប្រធានព្រឹទ្ធសភា សម្ដេច នឹងបន្តទំនាក់ទំនងល្អរវាងប្រជាជន និងស្ថាប័នព្រឹទ្ធសភាកម្ពុជា និងឥណ្ឌូណេស៊ីឱ្យកាន់តែមានការរីកចម្រើនថែមទៀត ។
ឯកឧត្តមអគ្គរដ្ឋទូត បានលើកឡើងថា សម្ដេចតេជោ គឺជាមិត្តល្អ ជាមិត្តពិតប្រាកដរបស់ប្រទេសឥណ្ឌូណេស៊ី ដែលសម្ដេចបានរួមចំណែកក្នុងទំនាក់ទំនងជាប្រវត្តិសាស្ត្រ ជាពិសេសក្នុងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌអាស៊ាន ។ ឯកឧត្តមអគ្គរដ្ឋទូត ក៏បានអបអរសាទរផងដែរ ចំពោះជោគជ័យរបស់កម្ពុជាក្នុងឋានៈជាប្រធានអាស៊ាន កាលពីឆ្នាំ២០២២ ហើយដែលឥណ្ឌូណេស៊ី បានបន្តការងារជាប្រធានអាស៊ានដោយកសាងលើសមិទ្ធផលរបស់កម្ពុជា នៅឆ្នាំ២០២៣ ។
ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីឯកឧត្តមប្រធានាធិបតី Joko Widodo និងឯកឧត្តម Prabowo Subianto ប្រធានាធិបតីជាប់ឆ្នោត ដែលនឹងចូលកាន់តំណែង នៅខែតុលា ខាងមុខនេះ។ ក្នុងឋានៈជាឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌូណេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបានប្ដេជ្ញាខិតខំពង្រឹងនៅទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ កម្ពុជា-ឥណ្ឌូណេស៊ី កាន់តែរីកចម្រើននិងរឹងមាំថែមទៀត ជាពិសេស ការតភ្ជាប់រវាងប្រជាជននិងប្រជាជន ហើយនិងការលើកកម្ពស់សេវាដល់ប្រជាជនឥណ្ឌូណេស៊ីដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា ។ ឯកឧត្តម ក៏បានលើកឡើងពីសក្ដានុពលក្នុងវិស័យកសិកម្មដែលនៅឆ្នាំ២០២៣កន្លងមក ប្រទេសឥណ្ឌូណេស៊ីចាប់ផ្ដើមនាំចូលស្រូវអង្ករពីប្រទេសកម្ពុជា ហើយនិងពីការចាប់អារម្មណ៍លើការវិនិយោគផលិតស្រូវនៅកម្ពុជាតែម្ដង។
ក្នុងវិស័យពាណិជ្ជកម្ម ឯកឧត្តមអគ្គរដ្ឋទូត បានពិនិត្យឃើញថាបច្ចុប្បន្ន ទំហំនៃការផ្លាស់ប្តូរពាណិជ្ជកម្មកម្ពុជា-ឥណ្ឌូណេស៊ី មានប្រហែលមួយពាន់លានដុល្លារ ហើយមិនទាន់ប្រើប្រាស់អស់សក្ដានុពលនៅឡើយទេ ។ កម្ពុជា គឺជាដៃគូដ៏រឹងមាំ ហើយមានសក្ដានុពលច្រើនទៀត ដែលអាចជំរុញឱ្យទំហំពាណិជ្ជកម្មបានលើសជាងនេះទៅទៀត ។ ឯកឧត្តម បានជម្រាបជូនសម្ដេចតេជោផងដែរថា ស្ថានទូតឥណ្ឌូណេស៊ី នឹងរៀបចំពិព័រណ៍សុខាភិបាល នៅទីក្រុងព្រះសីហនុ នៅចុងឆ្នាំនេះ ដើម្បីបង្ហាញពីផលិតផលក្នុងវិស័យសុខាភិបាលជូនចំពោះភាគីកម្ពុជា ។ ឯកឧត្តមអគ្គរដ្ឋទូត ក៏បានចាប់អារម្មណ៍ទៅលើកិច្ចសហការក្នុងវិស័យដឹកជញ្ជូន ជាពិសេសលើវិស័យផ្លូវដែកផងដែរ ។
សម្ដេចតេជោ ហ៊ុនសែន បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលថ្មីដឹកនាំដោយ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នឹងបន្តការងារ ជាមួយ ឯកអគ្គរដ្ឋទូត ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់វិស័យ ។ សម្ដេចក៏បានអបអរសាទរចំពោះជោគជ័យនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីឥណ្ឌូណេស៊ីកន្លងទៅនេះ ដែលឯកឧត្តម Prabowo Subianto ត្រូវចូលកាន់តំណែងជាប្រធានាធិបតី នៅខែតុលាខាងមុខនេះ ។
សម្ដេចបានលើកឡើងថា ប្រទេសយើងទាំងពីរមានទំនាក់ទំនងយូរអង្វែងហើយពុំដែលមានបញ្ហាអ្វីជាមួយគ្នានោះទេ ។ សម្ដេចតេជោ ក៏បានរំលឹកផងដែរពីអនុស្សាវរីយ៍ នៅក្នុងការធ្វើការងារជាមួយថ្នាក់ដឹកនាំឥណ្ឌូណេស៊ីក្នុងការនាំមកនូវសុខសន្តិភាព និងដំណោះស្រាយចំពោះកម្ពុជា ។ ឥណ្ឌូណេស៊ី គឺតែងតែបានប្រឹងប្រែងជួយដោះស្រាយក្នុងឋានៈជាសហប្រធានសន្និសីទទីក្រុងប៉ារីស និងក៏បានរំលឹកពីកិច្ចប្រជុំ JIM 1 & 2 នៅសាធារណរដ្ឋឥណ្ឌូណេស៊ី។ ក្រោយមកសម្ដេច បានធ្វើការជាមួយប្រធានាធិបតីឥណ្ឌូណេស៊ី បន្តបន្ទាប់ រហូតដល់ឯកឧត្តម Joko Widodo អស់រយៈពេលពីរអាណត្តិ។ ដើម្បីជាការតបស្នងដឹងគុណចំពោះឥណ្ឌូណេស៊ី, កម្ពុជាបានរៀបចំឱ្យមានវិថីពីរ ដែលបានដាក់ឈ្មោះថា វិថីស៊ូកាណូ និងវិថីអាលី អាឡាតាស ដែលជាឥស្សរជនឥណ្ឌូណេស៊ី បានរួមចំណែកជាមួយនឹងកម្ពុជា ជាពិសេស គឺឯកឧត្តម អាលី អាឡាតាស ដែលបានជួយជ្រោមជ្រែងរកដំណោះស្រាយសន្តិភាព ដល់ប្រទេសកម្ពុជា ។
ចំពោះកិច្ចសហប្រតិបត្តិការនិងវិនិយោគ សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានផ្ដល់អនុសាសន៍ថា ៖
ទី១) គឺត្រូវចាប់យកវិស័យកសិកម្មជាស្នូល នាពេលខាងមុខនេះ ដោយកម្ពុជាមានសន្តិសុខស្បៀង ដោយនៅសល់ស្រូវច្រើន ហើយ ឥណ្ឌូណេស៊ី ដែលមានប្រជាជនច្រើន ត្រូវការស្បៀង ។ កម្ពុជាអាចជាទីកន្លែងដែលអាចផ្គត់ផ្គង់ស្បៀងប្រកបដោយស្ថិរភាព ហើយសម្ដេចតេជោបានជំរុញឱ្យឥណ្ឌូណេស៊ី ពិចារណាក្នុងការវិនិយោគដោយផ្ទាល់នៅប្រទេសកម្ពុជាតែម្ដង គឺការរៀបចំជាប្រព័ន្ធផលិត ស្តុកទុក កិន ហើយអាចវេចខ្ចប់ ដើម្បីនាំចេញទៅកាន់ឥណ្ឌូណេស៊ី ឬបណ្ដាប្រទេសផ្សេងៗទៀត ។ ការវិនិយោគដោយត្រង់នេះ នឹងមានផលប្រយោជន៍បំពេញឱ្យគ្នាទៅវិញទៅមក អាចជួយឱ្យកសិករកម្ពុជាមានទីផ្សារ ហើយសាធារណរដ្ឋឥណ្ឌូណេស៊ីមានប្រភពធានានូវសន្តិសុខស្បៀងរយៈពេលយូរអង្វែង។
ទី២)ទាក់ទងនឹងវិស័យពាណិជ្ជកម្ម សម្ដេចតេជោ សង្កេតឃើញថាមានទំហំកើនឡើង តែមិនទាន់អស់សក្កានុពលដែលប្រទេសទាំងពីរមាននៅឡើយ ។ ភាគីទាំងពីរត្រូវតែពិនិត្យមើល អ្វីដែលអាចជំរុញកំណើនពាណិជ្ជកម្មឱ្យបានច្រើនថែមទៀត ដែលជាការបំពេញឱ្យគ្នាទៅវិញទៅមក ព្រោះថា យើងមានកិច្ចព្រមព្រៀងមួយចំនួន ដូចជាក្នុងក្របខណ្ឌ AFTA និង RCEP ជាដើម ។
ទី៣)ទាក់ទងវិស័យសុខាភិបាល សម្ដេចតេជោប្រធានព្រឹទ្ធសភា បានណែនាំឱ្យ ឯកឧត្ដម ឯកអគ្គរដ្ឋទូត ធ្វើការជាមួយនឹងក្រសួងសុខាភិបាលកម្ពុជា ។ ជាមួយគ្នានេះ សម្ដេចតេជោ ក៏បានកោតសរសើរ និង មានការចាប់អារម្មណ៍ទៅលើការរីកចម្រើននូវវិស័យបច្ចេកវិទ្យារបស់ឥណ្ឌូណេស៊ីផងដែរ។
សម្ដេចតេជោប្រធានព្រឹទ្ធសភា បានស្នើដល់ ឯកឧត្តម ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី ពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខជូនចំពោះ ឯកឧត្តម ប្រធានាធិបតីសាធារណរដ្ឋឥណ្ឌូណេស៊ី Joko Widodo និង ប្រធានាធិបតីជាប់ឆ្នោត ឯកឧត្ដម Prabowo Subianto ផងដែរ។
ឯកឧត្ដម ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី បានគោរពជូនពរ សម្ដេចតេជោ ប្រធានព្រឹទ្ធសភា និងក្រុមគ្រួសារ សូមមានសុខភាពល្អ ហើយ ឯកឧត្តម បានសន្យាថានឹងខិតខំពង្រឹងនិងពង្រីកនូវចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងឥណ្ឌូណេស៊ី និងកម្ពុជាអោយកាន់តែរឹងមាំថែមទៀត៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ