មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ទស្សនកិច្ចវៀតណាម (Video Inside)
មេបញ្ជាការកងទ័ពជើងគោក នៃប្រទេសកម្ពុជា នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ កំពុងបំពេញទស្សនកិច្ចបីថ្ងៃ ក្នុងប្រទេសវៀតណាម ដែលជាទស្សនកិច្ច «បង្ហាញពីការធ្វើឱ្យកិច្ចសហប្រតិបត្តិការ កាន់តែស៊ីជម្រៅ នូវទំនាក់ទំនងដ៏យូរអង្វែង» រវាងកម្ពុជា និងវៀតណាម។
សេចក្តីប្រកាសព័ត៌មានរបស់កងទ័ពជើងគោក ដំណើរទស្សនកិច្ចនេះ តបតាមការអញ្ជើញរបស់ឧត្តមសេនីយ៍ឯកបម្រុង ង្វៀន វ៉ាន់ងៀ អនុប្រធានអគ្គសេនាធិការ នៃកងទ័ពប្រជាជនវៀតណាម។
ក្នុងដំណើរទស្សនកិច្ចរវាងពីថ្ងៃទី៥ដល់៧មិថុនា នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ដែលជាអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ នឹងជួបសម្តែងការគួរសម ជាមួយឧត្តមសេនីយ៍ឯកបម្រុង ទៀង តិនគឿង អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានអគ្គសេនាធិការ នៃកងទ័ពប្រជាជនវៀតណាម និងជួបពិភាក្សាទ្វេភាគីជាមួយសមភាគីវៀតណាមលោក ឧត្តមសេនីយ៍ឯក ង្វៀន វ៉ាន់ងៀ «ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការ លើវិស័យយោធា រវាងប្រទេសទាំងពីរកម្ពុជា-វៀតណាម។
សេចក្តីប្រកាសព័ត៌មានកងទ័ពជើងគោកបានសរសេរថា ដំណើរទស្សនកិច្ចនេះ គឺនឹងបង្ហាញពីការធ្វើឱ្យកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ នូវទំនាក់ទំនងដ៏យូរអង្វែង ដោយឈរលើស្មារតី «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែងរវាងកម្ពុជា និងវៀតណាម ក៏ដើម្បីផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជន នៃប្រជាជាតិទាំងពីរផងដែរ»៕