អាជ្ញាធរស៊ើបអង្កេតភាពសង្ស័យមិនប្រក្រតីរបស់សាលាដំបូងខេត្តស្ទឹងត្រែង និងពន្ធនាគារខេត្ត (Video Inside)
អាជ្ញាធរកំពុងស៊ើបអង្កេតលើករណីចំណាត់ការនីតិវិធីរបស់សាលាដំបូងខេត្តស្ទឹងត្រែង និងពន្ធនាគារខេត្តស្ទឹងត្រែង ដែលគេសង្ស័យពាក់ព័ន្ធភាពមិនស្របច្បាប់ ទាក់ទងនឹងករណីដោះលែងជនជាតិចិន ៨រូប ដែលឆ្លងដែនខុសច្បាប់ ចូលមកក្នុងទឹកដីកម្ពុជា។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោក ទូច សុឃៈ បានហៅការដោះលែងនោះជា «ករណីមិនប្រក្រតី»។ ជនជាតិចិន ៨រូបនោះ គឺជាជនបរទេសដែលលួចឆ្លងដែនខុសច្បាប់ មកក្នុងទឹកដីកម្ពុជា តាមច្រកព្រំដែនអន្តរជាតិត្រពាំងក្រៀល នៃខេត្តស្ទឹងត្រែង។ មិនមានសេចក្តីរាយការណ៍បញ្ជាក់ថា តើការចាប់ និងដោះលែងទៅវិញនោះ បានកើតឡើងនៅថ្ងៃណាឡើយ។
យោងតាមក្រសួងមហាផ្ទៃ ជនជាតិចិនទាំង ៨នាក់នោះ ត្រូវបានព្រះរាជអាជ្ញារងខេត្តស្ទឹងត្រែង និងពន្ធនាគារខេត្តស្ទឹងត្រែង ចេញលិខិតដោះលែងដោយមិនបានធ្វើលិខិតប្រគល់ ទទួល ជនជាតិចិន ឱ្យមន្ត្រីនគរបាលអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីធ្វើការបណ្តេញចេញពីកម្ពុជាឡើយ។
ក្រសួងមហាផ្ទៃបានបង្កើតគណៈកម្មការចំពោះកិច្ចមួយ ដែលចូលរួមដោយក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ ដើម្បីស្វែងរកមូលហេតុពាក់ព័ន្ធអ្វីខ្លះ បានបណ្តាលឱ្យមានការដោះលែងជនជាតិចិនឆ្លងដែនខុសច្បាប់នេះ ដោយមិនអនុវត្តតាមនីតិវិធី?។
គណៈកម្មការចំពោះកិច្ចដើម្បីស៊ើបអង្កេតនេះ ត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី២ ឧសភា ឆ្នាំ២០២៤ ប៉ុន្តែរហូតដល់ជាងមួយខែមកនេះ ការស្រាវជ្រាវនៅមិនទាន់បានបញ្ចេញឱ្យដឹងជាផ្លូវការឡើយ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃបញ្ជាក់នៅថ្ងៃទី៥មិថុនាថា ករណីស៊ើបអង្កេតនៅមិនទាន់ចប់សព្វគ្រប់នៅឡើយទេ។