កម្ពុជាចូលរួមជាមួយពិភពលោកប្រារព្ធទិវាបរិស្ថាន (Video Inside)

កម្ពុជាបានចូលរួមជាមួយនឹងពិភពលោកប្រារព្ធទិវាបរិស្ថាន ទាំងទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក។

ពិភពលោកតែងប្រារព្ធទិវាបរិស្ថាន World Environment Day រៀងរាល់ថ្ងៃទី៥មិថុនា ដើម្បីការលើកទឹកចិត្ត និងបង្កើនការយល់ដឹងដល់មនុស្សលើផែនដី ជុំវិញសកម្មភាពការពារបរិស្ថាន។

សម្តេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងសារតាមបណ្តាញសង្គមនាថ្ងៃទី៥មិថុនានេះ បានសរសេរថា «អបអរសាទរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ខួបលើកទី២៨ ក្រោមប្រធានបទ ”ការកែប្រែគុណភាពដីរហោស្ថានកម្ម និងភាពធន់នឹងគ្រោះរាំងស្ងួត“។

ប្រទេសកម្ពុជា និងប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ និងប្រទេសខ្លះអាស៊ីខាងត្បូង ដូចជាប្រទេសឥណ្ឌា និងប៉ាគីស្ថានជាដើម ក្នុងឆ្នាំ២០២៤នេះ បានរងនឹងការកើនកម្តៅក្តៅបែកក្រហែង ដែលកម្រិតសីតុណ្ហភាពមានជាង ៤០អង្សាសេ។ នៅប្រទេសក្នុងអាស៊ីខាងត្បូងនោះ សីតុណ្ហភាពកម្តៅបានកើនឡើងដល់ ៥០អង្សាសេ និងខ្ពស់ជាងនេះថែមទៀត។

ក្រុមអ្នកវិទ្យាសាស្ត្របរិស្ថានបានថ្លែងថា ក្នុងឆ្នាំ២០២៤នេះទៀត ការធ្វើអាជីវកម្មរ៉ែតាមបណ្តាប្រទេសមួយចំនួន លើសកលលោក បានបង្កើតជាធូលី និងជាតិពុលបង្កឱ្យគុណភាព ខ្យល់ល្អ កាន់ធ្លាក់ចុះ។

ក្រុមអ្នកវិទ្យាសាស្ត្របរិស្ថានបានថ្លែងទៀតថា ផលប៉ះពាល់ដល់បរិស្ថានមួយចំណែកទៀតនោះ គឺការបំផ្លាញទីជំរកសត្វមានជីវិត ក្នុងព្រៃ, ជំរកព្រៃលិចទឹក, ការបំពុលទឹក និងដី គឺជាក្តីបារម្ភដែលនឹងធ្វើឱ្យប៉ះពាល់ដល់សុខភាពមនុស្ស។

ទិវាបរិស្ថានពិភពលោកដែលកម្ពុជា និងប្រទេសទាំងឡាយ បានប្រារព្ធនៅថ្ងៃទី៥មិថុនានេះ ត្រូវបានគេឧទ្ទិសសូមកុំឱ្យមនុស្សធ្វើសកម្មភាពអ្វី ដែលបំផ្លាញបរិស្ថានលើផែនដីនេះឡើយ។

ads banner