គម្រោងស្ថាបនាផ្លូវជាតិលេខ១០ សម្រេចបានជាង ៨៣ភាគរយ (Video Inside)
គម្រោងស្ថាបនាផ្លូវជាតិលេខ១០ ដែលតភ្ជាប់ពីរវាងខេត្តចំនួន៣ សម្រេចការសាងសង់បានជាង ៨៣% ហើយ។
អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ផន រឹម នៅថ្ងៃទី៥ ខែមិថុនា បានថ្លែងថា គម្រោងស្ថាបនាផ្លូវជាតិលេខ១០ ប្រវែងជាង ១៩៨គីឡូម៉ែត្រ តភ្ជាប់រវាងខេត្តចំនួន៣ រួមមាន ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និងខេត្តកោះកុង គ្រោងនឹងបញ្ចប់នៅឆ្នាំក្រោយ។
លោកបានបន្តថា បច្ចុប្បន្នការងារផ្លូវថ្នល់សម្រេចបាន ៨៧,៣១% , ការងារស្ពានសម្រេចបាន ៩១,១៨% , ការងារស្ពានខ្ពស់ជាងគេប្រវែង ៥៣០ម៉ែត្រ សម្រេចបាន ៤១,៥០% ដែលគេគ្រោងដាក់ឱ្យប្រើប្រាស់សាកល្បងនៅចុងខែមីនា ឆ្នាំ២០២៥។
លោកបានថ្លែងបន្តថា ការងារលូកាត់ទទឹងថ្នល់សម្រេចបាន ៩៩,៨២% និងការងារលូបណ្តោយថ្នល់ និងជញ្ជាំងការពារជើងទេរអនុវត្តបាន ៨៩,៨៤%។
អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា នៅរដូវវស្សានេះ ផ្លូវជាតិលេខ១០ ប្រជាពលរដ្ឋអាចធ្វើដំណើរបាន ប៉ុន្តែត្រូវមានការប្រុងប្រយ័ត្នខ្លះ ដោយសារកំណាត់ផ្លូវខ្លះ នៅជាក្រួសក្រហម និងកំណាត់ផ្លូវខ្លះទៀត អាចរអិលដោយអន្លើពេលមានភ្លៀងធ្លាក់ខ្លាំង។
គម្រោងសាងសង់ផ្លូវជាតិលេខ១០នេះ មានរយៈពេល ៦៦ខែ ដែលចាប់ផ្ដើមសាងសង់ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ហើយគ្រោងនឹងបញ្ចប់នាខែមិថុនា ឆ្នាំ២០២៥។