ជប៉ុនទារសំណង ១៥០លានដុល្លារ ពីការពន្យាពេលសង់រថភ្លើងក្រោមដីនៅវៀតណាម

កាសែតវៀតណាម VNexpress បានចេញផ្សាយថា ក្រុមហ៊ុនជប៉ុន ទទួលបន្ទុកសាងសង់ផ្លូវរថភ្លើងក្រោមដី ឬ Metro នៅក្នុងទីក្រុងហូជីមិញ ប្រទេសវៀតណាម បានប្តឹងទាមទារសំណង ជាង១៥៦លានដុល្លារអាមេរិក ដោយសារតែពន្យាពេលសាងសង់ Metro មួយខ្សែនេះ។

ក្រុមហ៊ុនជប៉ុន Hitachi ដែលជាអ្នកម៉ៅការសាងសង់ខ្សែ Metro ចន្លោះតំបន់ Ben Thanh និង Suoi Tien បានលើកឡើងថា មានការពន្យាពេលសាងសង់ រហូតដល់ ជិត១ឆ្នាំកន្លះ ដោយសារតែហេតុផលផ្សេងៗ នាំឲ្យការចំណាយលើសផែនការ។

អាជ្ញាធរគ្រប់គ្រងផ្លូវដែក នៅទីក្រុងហូជីមិញ បានឲ្យដឹង កាលពីថ្ងៃចន្ទថា ក្រុមហ៊ុន Hitachi «ខ្វះមូលដ្ឋានច្បាប់» ដើម្បីទាមទារចំនួនសំណងនេះ។ អាជ្ញាធរនេះបន្តថា គម្រោងនេះប្រឈមមុខនឹងភាពស្មុគស្មាញ ទាក់ទងនឹងការបណ្តុះបណ្តាលបុគ្គលិកប្រតិបត្តិការ និងដំណើរការសាកល្បង ហើយក្រុមហ៊ុន Hitachi គួរតែទទួលខុសត្រូវចំពោះផលវិបាក មួយចំនួន។ ប្រភពបានបន្ថែមទៀតថាទីក្រុង ហូជីមិញ គួរតែដាក់ញត្តិទៅរដ្ឋាភិបាល ដើម្បីស្វែងរកការអន្តរាគមន៍ពីអាជ្ញាធរជប៉ុន ដើម្បីដោះស្រាយបញ្ហានេះ។

យ៉ាងណាមិញ ការងារសាងសង់ខ្សែរថភ្លើងក្រោមដីប្រវែង ជិត២០គីឡូម៉ែត្រ បានបញ្ចប់ជិត ១០០ភាគរយហើយ។ គម្រោង ដែលមានរយៈពេល ជាង១០ឆ្នាំមួយនេះ ទទួលបានកម្ចីអភិវឌ្ឍន៍ផ្លូវការ ពីប្រទេសជប៉ុន រួមនឹងថវិកា របស់រដ្ឋាភិបាលវៀតណាម។

ការយឺតយ៉ាវ កន្លងមក ត្រូវបានស្តីបន្ទោសលើកត្តាជាច្រើន ដូចជា ភាពស្មុគស្មាញនៃឯកសារ ការផ្លាស់ប្តូរការរចនា បញ្ហាបោសសម្អាតដី និងជំងឺរាតត្បាត Covid ១៩ ជាដើម នាពេលកន្លងមក៕

ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner