UNESCO ព្រមានពីការឡើងកម្តៅមហាសមុទ្រខ្លាំង ពុំធ្លាប់មានក្នុងពេល២០ឆ្នាំ

របាយការណ៍ថ្មីរបស់ទីភ្នាក់ងារ UNESCO នៃអង្គការសហប្រជាជាតិ បានព្រមានពីការឡើងកំដៅមហាសមុទ្រក្នុងអត្រាទ្វេដង ហើយជាការឡើងកម្តៅខ្លាំងបំផុត ពុំធ្លាប់មាន ក្នុងរយៈពេល២០ឆ្នាំ។ ប្រភពបញ្ជាក់ថា និន្នាការនេះ គួរឱ្យព្រួយបារម្ភខ្ពស់ ចំពោះសុខភាពមហាសមុទ្រ។

របាយការណ៍ «ស្ថានភាពមហាសមុទ្រ ឆ្នាំ២០២៤» ដែលគាំទ្រដោយប្រទេសអ៊ីស្លង់ និងចងក្រងដោយអ្នកវិទ្យាសាស្ត្រជាង ១០០នាក់ មកពីជិត៣០ប្រទេស បានចេញផ្សាយ កាលពីថ្ងៃចន្ទ។ របាយការណ៍នេះ បង្ហាញពីបញ្ហាប្រឈមធំៗ រួមមាន ទាំងការកើនឡើងកម្រិតទឹកសមុទ្រទ្វេដងពុំធ្លាប់មាន ក្នុងពេល៣០ឆ្នាំ ទៀតផង ពោលគឺឡើងកម្ពស់ ៩សង់ទីម៉ែត្រ។

ខណៈដែលកិច្ចព្រមព្រៀងទីក្រុងប៉ារីស មានគោលបំណងរក្សាការឡើងកំដៅផែនដី នៅក្រោម 2°C លើកម្រិតមុនឧស្សាហកម្ម សីតុណ្ហភាពក្នុងមហាសមុទ្រ បានកើនឡើង ជាមធ្យម ១.៤៥°C រួចទៅហើយ។

លោកស្រី Audrey Azoulay អគ្គនាយកអង្គការ UNESCO បានសង្កត់ធ្ងន់ថា
របាយការណ៍នេះបង្ហាញថា ការប្រែប្រួលអាកាសធាតុ កំពុងប៉ះពាល់កាន់តែខ្លាំងឡើង ទៅលើស្ថានភាពនៃមហាសមុទ្រ។ លោកស្រីបន្តថា នៅក្នុងមហាសមុទ្រ ក៏មានការបំពុលទឹក, ការបន្សាបអុកស៊ីហ្សែន, កាបូនពណ៌ខៀវ និងការបាត់បង់ជីវចម្រុះ ដែលគួរឲ្យព្រួយបារម្ភផងដែរ។

យោងតាមអង្គការ UNESCO បាឲ្យដឹងថា ព្រៃនៅក្នុងសមុទ្រ មានដូចជា ព្រៃកោងកាង ស្មៅសមុទ្រ ជាដើម ដើរតួនាទីយ៉ាងសំខាន់ ក្នុងការស្រូបយកកាបូន និង គាំទ្រដល់ជីវចម្រុះ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសជិត៦០ភាគរយ នៃពិភពលោក មិនបានបញ្ចូលការអភិរក្សព្រៃសមុទ្រ នៅក្នុងផែនការអាកាសធាតុជាតិ របស់ពួកគេនោះទេ៕

ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner