លោក ពូទីន អំពាវនាវឲ្យរុស្ស៊ី បង្កើតទំនាក់ទំនងជាមួយរដ្ឋាភិបាលតាលីបង់

មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃពុធ បានអំពាវនាវឱ្យទីក្រុងមូស្គូ “កសាង” ទំនាក់ទំនងជាមួយរដ្ឋាភិបាលតាលីបង់ ខណៈដែលគណៈប្រតិភូតាលីបង់មួយក្រុមបានធ្វើទស្សនកិច្ច នៅប្រទេសរុស្ស៊ី។

លោក ពូទីន បាននិយាយជាមួយសារព័ត៌មានបរទេស នៅក្រៅវេទិកាសេដ្ឋកិច្ចអន្តរជាតិ Saint Petersburg ថា «យើងតែងជឿជាក់ថា យើងត្រូវមានដំណោះស្រាយ បង្ហាញពីការពិត..ពួកតាលីបង់កំពុងកាន់អំណាចនៅអាហ្វហ្គានីស្ថាន… យើងត្រូវកសាងទំនាក់ទំនង ជាមួយរដ្ឋាភិបាលតាលីបង់»។

ក្រុមតាលីបង់ត្រូវបានចាត់ទុកជា អង្គការភេរវករ នៅក្នុងប្រទេសរុស្ស៊ី តាំងពីឆ្នាំ ២០០៣។ ប៉ុន្តែ រុស្ស៊ីត្រូវបានគេដឹងថា បានពង្រឹងទំនាក់ទំនងជាមួយក្រុមតាលីបង់ អស់រយៈពេលជាច្រើនឆ្នាំ។

ប្រមុខកងកម្លាំងអាមេរិក នៅអាហ្វហ្គានីស្ថានបានអះអាង ក្នុងឆ្នាំ២០១៨ ថា ទីក្រុងមូស្គូបានផ្តល់អាវុធដល់ក្រុមនេះ ប៉ុន្តែ ការចោទប្រកាន់នេះ ត្រូវបានក្រុងម៉ូស្គូបានបដិសេធ នៅពេលនោះ។

គណៈប្រតិភូតាលីបង់បានទៅចូលរួមក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិ នៅប្រទេសរុស្ស៊ី បន្ទាប់ពីមានការប្រកាសរបស់រុស្ស៊ីថា ខ្លួននឹងដកក្រុមនេះ ចេញពីបញ្ជីអង្គការភេរវកររបស់ខ្លួន នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី។

ជុំវិញស្ថានភាពសង្គ្រាមជាមួយក្រុងគៀវវិញ លោក ពូទីន បានគម្រាមថា រុស្ស៊ីអាចនឹងផ្តល់អាវុធដល់ប្រទេសនានា វាយប្រហារផលប្រយោជន៍របស់លោកខាងលិច ដើម្បីឆ្លើយតបទៅនឹងការបំពាក់អាវុធរបស់ពួកលោកខាងលិច ដល់អ៊ុយក្រែន៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner