ឯកឧត្តម ហួត ហាក់ ដឹកនាំកិច្ចប្រជុំថ្នាក់ក្រសួងប្រចាំខែ ដើម្បីតាមដានត្រួតពិនិត្យ និងវាយតម្លៃវឌ្ឍនភាពការងាររបស់ក្រសួងអធិការកិច្ច

ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងប្រចាំខែឧសភា និងលើកទិសដៅខែមិថុនា ដើម្បីតាមដានត្រួតពិនិត្យ និងវាយតម្លៃវឌ្ឍនភាពការងាររបស់ក្រសួងអធិការកិច្ច ព្រមទាំងស្តាប់របាយការណ៍សង្ខេប ចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម និងសំណូមពរ ទិសដៅការងាររបស់អគ្គនាយកដ្ឋានទាំង៣ វិទ្យាស្ថានជាតិអធិការកិច្ច និងនាយកដ្ឋានសវនកម្មផ្ទៃក្នុង ចំណុះក្រសួងអធិការកិច្ច នៅទីស្តីការក្រសួងអធិការកិច្ច នារសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងដូចជា ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា អគ្គនាយក អគ្គនាយករង នាយកវិទ្យាស្ថានជាតិអធិការកិច្ច ប្រធាននាយកដ្ឋាន និងអនុប្រធាននាយកដ្ឋាន ព្រមទាំងមានការអញ្ជើញចូលរួមពីមន្ទីររាជធានី ខេត្តទាំង២៥ តាមប្រព័ន្ធវីដេអូបញ្ជូនរូបភាព និងសំលេង ZOOM។

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានយកឱកាសនេះ អបអរសាទរលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ នីតិកាលទី៤ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ដែលគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជម្នះ ភ្លូកទឹកភ្លូកដី ដោយក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម (ស្រុកស្ទឹងត្រង់ឈ្នះទទួលបានលទ្ធផលជាប្រវត្តិសាស្ត្រយ៉ាងត្រចះត្រចង់ ២១ លើ២១ អាសនៈ)។

ឯកឧត្តមរដ្ឋមន្រ្តី ជម្រាបជូនអង្គប្រជុំបន្ថែមអំពីការប្រកាសបើកការដ្ឋានព្រែកជីកហ្វូណន តេជោ នៅខែសីហា នាពេលខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនឹងនោះ ឯកឧត្តម បានអំពាវនាវដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃក្រសួងអធិការកិច្ច ចូលរួមផ្សព្វផ្សាយ និងបរិច្ចាគថវិកា ដើម្បីជួយកុមារកម្ពុជា ក្នុងស្មារតី “ខ្មែរជួយខ្មែរ” តាមរយៈយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់ ” ដែលចាប់ផ្ដើមពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ អោយបានច្រើនកុះករផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ទាក់ទងទៅនឹងសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងអធិការកិច្ច ដោយយោងសេចក្តីណែនាំចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាល ស្តីពីការពិនិត្យឡើងវិញ និងវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន គឺនៅក្នុងដំណាក់កាលនៃការធ្វើវិចារណកម្មថវិកា និងខណៈពេលដែលសេដ្ឋកិច្ចសកលនិងកម្ពុជា កំពុងជួបការលំបាក តម្រូវឱ្យគ្រប់ក្រសួង ស្ថាប័ន ត្រូវពិនិត្យឡើងវិញនូវមុខងារ និងរចនាសម្ព័ន្ធរបស់ខ្លួន ដោយផ្អែកលើគោលការណ៍ ពង្រឹងសមត្ថភាពស្ថាប័ន និងធនធានមនុស្ស ចៀសជាងការពង្រីករចនាសម្ព័ន្ធ ទន្ទឹមនឹងនោះ ក៏ត្រូវយល់អំពីស្ថានភាពលំបាករបស់កម្ពុជា យល់ពីគោលបំណងនិងទិសដៅរបស់រាជរដ្ឋាភិបាលដែរ។ ដូច្នេះ សេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំរចនាសម្ព័ន្ធគ្រប់ក្រសួង ស្ថាប័ន នឹងត្រូវដាក់ឆ្លងដោយផ្ទាល់នៅក្នុងកិច្ចប្រជុំគណៈអចិន្ត្រៃយ៍នៃគណៈរដ្ឋមន្ត្រី និងសម្រេចដោយផ្ទាល់ដោយ សម្តេចធិបតីនាយករដ្ឋមន្ត្រី មិនឆ្លងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីទៀតទេ។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានមានប្រសាសន៍ណែនាំទាក់ទងទៅនឹងការរៀបចំថវិកាសម្រាប់ឆ្នាំ២០២៥, ការងារបណ្តឹង, MOU ជាមួយក្រសួងព័ត៌មាន, ការធ្វើតេស្ដរកសាធាតុញៀនជូនថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់នាពេលខាងមុខនេះ ៕

ដោយ ៖ ហេង សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner