កម្ពុជា និងប្រេស៊ីល ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការបច្ចុប្បន្ន

ភ្នំពេញ៖ ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម អេឌូអាដូ ប៉ែស សាប៊យ (Eduardo Paes Saboia) អនុរដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការអាស៊ី និងប៉ាស៊ីហ្វិក នៃក្រសួងការបរទេសប្រេស៊ីល បានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការបច្ចុប្បន្នរវាងកម្ពុជា និងប្រេស៊ីល នៅក្នុងជំនួបនៅទីក្រុងប្រាស៊ីលីយ៉ា កាលពីថ្ងៃទី ៣ ខែមិថុនា ឆ្នាំ២០២៤។

អនុរដ្ឋមន្ត្រីការបរទេសទាំងពីរ បានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជារបស់រដ្ឋមន្ត្រីការបរទេសប្រេស៊ីល ឯកឧត្តម ម៉ៅរ៉ូ វីអេរ៉ា (Mauro Vieira) កាលពីខែតុលាឆ្នាំមុន និងបានពិភាក្សាអំពីការត្រៀមរៀបចំសម្រាប់ គម្រោងទស្សនកិច្ចផ្លូវការនៅប្រេស៊ីលនៅឆ្នាំនេះ របស់ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងឱកាសខួបលើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូត រវាងកម្ពុជា និងប្រេស៊ីល។

ឯកឧត្តម ជុំ សុន្ទរី និង ឯកឧត្តម អេឌូអាដូ ប៉ែស សាប៊យ បានជូនព័ត៌មានគ្នាអំពីការវិវឌ្ឍនៃដំណើរការបង្កើតស្ថានទូតរៀងៗខ្លួន នៅក្នុងរាជធានី – រដ្ឋធានី នៃប្រទេសទាំងពីរ ដើម្បីឆ្លើយតបទៅនឹងសម្ទុះរីកចម្រើននៃទំនាក់ទំនងរវាងប្រជាជាតិទាំងពីរ។

ឯកឧត្តមទាំងពីរ ក៏បានពិគ្រោះគ្នាអំពីមធ្យោបាយពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យពាណិជ្ជកម្ម កសិកម្ម អប់រំ ទេសចរណ៍ និងការរឹតចំណងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ព្រមទាំងលទ្ធភាពក្នុងការរៀបចំកិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទី២ រវាងក្រសួងការបរទេសទាំងពីរនៅកម្ពុជា នាឆ្នាំក្រោយ។

អនុរដ្ឋមន្ត្រីការបរទេសទាំងពីរ ក៏បានជជែកអំពីទំនាក់ទំនងអាស៊ាន-ប្រេស៊ីល ដោយ ឯកឧត្តម អេឌូអាដូ ប៉ែស សាប៊យ បានសម្តែងជាថ្មីនូវអំណរគុណរបស់រដ្ឋាភិបាលប្រេស៊ីល ចំពោះការគាំទ្ររបស់កម្ពុជាសម្រាប់ប្រេស៊ីលក្លាយជាដៃគូសន្ទនាតាមវិស័យរបស់អាស៊ាននៅឆ្នាំ២០២២ ក្នុងអំឡុងពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន។

ឯកឧត្តម ជុំ សុន្ទរី បានលើកទឹកចិត្តប្រេស៊ីល ក្នុងនាមជាសមាជិកដ៏សំខាន់មួយរបស់ប្លុកដោះដូរពាណិជ្ជកម្មអាមេរិកខាងត្បូង MERCOSUR ឱ្យជួយជំរុញដំណើរការនានាសំដៅឈានទៅបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-MERCOSUR ដើម្បីផលប្រយោជន៍នៃតំបន់ទាំងពីរ៕

ដោយ ៖ សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner