គណៈកម្មាធិការគ្រប់គ្រងអាងស្ទឹងសង្កែនឹងត្រូវបង្កើតក្នុងពេលដ៏ខ្លី

បាត់ដំបងៈគណៈកម្មាធិការគ្រប់គ្រងអាងស្ទឹងសង្កែ ដែលជាដៃបឹងទន្លេសាបនឹងត្រូវបង្កើតក្នុងពេលដ៏ខ្លីខាងមុខ។កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤នក្រុមការងារបច្ចេកទេសនៃកម្មវិធីគ្រប់គ្រងធនធានទឹកនិងផ្លាស់ប្ដូរកសិកម្មនៅប្រទេសកម្ពុជា រួមទាំងអ្នកជំនាញពាក់ព័ន្ធ ហៅកាត់ថា WAT4CAMបានបើកកិច្ចប្រជុំពិភាក្សានិងពិគ្រោះយោបល់លើដំណើរការបង្កើតគណៈកម្មាធិការគ្រប់គ្រង”អាងស្ទឹងសង្កែ” ក្រោមអធិបតីភាពឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយមនិងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង។

ការបង្កើតគណៈកម្មាធិការគ្រប់គ្រងអាងស្ទឹងសង្កែក្នុងគោលបំណងដើម្បីគ្រប់គ្រង អភិរក្ស និង អភិវឌ្ឍន៍អាងស្ទឹងសង្កែ ឱ្យមាននិរន្តភាពសំដៅរក្សាបាន នូវប្រព័ន្ធអេកូឡូស៊ីរបស់ស្ទឹង និងដើម្បីបង្កើនប្រសិទ្ធភាពក្នុងការប្រើប្រាស់សក្ដានុពល នៃស្ទឹងសង្កែ។នេះជាការបញ្ជាក់របស់ឯកឧត្តម ចាន់ យុត្ថា ។

ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹក បន្តថា ការបង្កើតគណៈកម្មាធិការនេះ ដើម្បីដោះស្រាយនូវបញ្ហាគ្រោះទឹកជំនន់ ,គ្រោះរាំងស្ងួតនិងធ្វើឱ្យប្រសើរឡើងនូវការបែងចែកទឹក កាត់បន្ថយការបំពុលនិងធ្វើឱ្យប្រសើរឡើង នូវ គុណភាពទឹកក្នុងអាងផងដែរ។

ក្នុងកិច្ចប្រជុំឯកឧត្តម សុខលូ អភិបាលខេត្តបាត់ដំបង បានចាត់ទុកការបង្កើតគណៈកម្មាធិការគ្រប់គ្រងអាងស្ទឹងសង្កែនេះវាពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាបការរក្សា និងការបែងចែកទឹកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ និងបម្រើឲ្យការងារកសិកម្ម។

ឯកឧត្តមអភិបាលខេត្តបាត់ដំបងបានបញ្ជាក់ពីការគាំទ្រ និងសហការល្អ
ជាមួយក្រុមការងារបច្ចេកទេស ដើម្បីបង្កើតគណៈកម្មាធិការគ្រប់គ្រងអាងស្ទឹងសង្កែឲ្យបានក្នុងពេលឆាប់ៗខាងមុខ។

សូមបញ្ជាក់ថា អាងស្ទឹងសង្កែ គឺជាតំបន់ដៃទន្លេសាបមានផ្ទៃដីជាង៦.០០០០ គីឡូម៉ែត្រក្រឡា ស្ថិតនៅក្នុងខេត្តពោធិ៍សាត់ ប៉ៃលិននិងខេត្តបាត់ដំបង ខណៈខេត្តបាត់ដំបងមានផ្ទៃដីគ្របដណ្ដប់ធំជាងគេ រហូតជាង៩០ភាគរយនៃផ្ទៃដីសរុបរបស់អាង ។អាងស្ទឹងសង្កែក្រៅពីជាប្រភពផ្គត់ផ្គង់ទឹកប្រើប្រាស់និងការធ្វើកសិកម្ម ក៏មានសក្ដានុពលលើវិស័យទេសចរណ៍ បរិស្ថាន ផងដែរ៕
( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.)

ads banner