គម្រោងព្រែកជីកហ៊្វូណនតេជោបើកការដ្ឋានថ្ងៃ៥សីហា (Video Inside)
គម្រោងព្រែកជីកហ៊្វូណនតេជោនឹងចាប់ផ្តើមបើកការដ្ឋានក្នុងរយៈពេល៦៣ថ្ងៃខាងមុខនេះទៀត គិតចាប់តាំងពីថ្ងៃទី៦ មិថុនា ឆ្នាំ២០២៤នេះទៅ។ ការប្រកាសនេះ បានធ្វើដោយសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ពិធីសម្ពោធកំពង់ផែពហុបំណង របស់ក្រុមហ៊ុនកំពតផត នៅថ្ងៃព្រហស្បតិ៍នេះ។ ថ្ងៃបើកការដ្ឋានសាងសង់ គឺនៅថ្ងៃទី៥ សីហា ឆ្នាំ២០២៤។
ព្រែកជីកហ៊្វូណនតេជោ នឹងមានប្រវែង ១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯក, ព្រែកតាហ៊ីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រ ខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ គឺខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រជាជនសរុប ១លាន ៦សែននាក់ រស់នៅអមសងខាងផ្លូវទឹកនេះ។
គំរោងព្រែកជីកហ៊្វូណនតេជោដែលនឹងក្លាយជាព្រែកជីកប្រវត្តិសាស្ត្ររបស់ខ្មែរ បានរងនឹងការវាយប្រហារនូវពាក្យសម្តីប្រឆាំង ពីក្រុមធ្វើនយោបាយនិរទេសក្រៅស្រុក ដែលម្តងចោទថា ជាគំរោងបំរើនយោបាយវៀតណាម… ក្រោយមកចោទថា បំរើនយោបាយចិន ជាពិសេសមេខ្លោង នៃត្រកូលក្បត់ជាតិបីជំនាន់ ទណ្ឌិត សម រង្ស៊ី ដែលចោទថា សំណង់ព្រែកជីក «ហ្វូណនតេជោ» គឺជាមហិច្ឆតារបស់ចិន និងចោទទៀតថា គំរោងព្រែកជីកនោះ នឹងមិនបំរើផលប្រយោជន៍សេដ្ឋកិច្ចជាតិឡើយ។
សម្តេចធិបតីបានថ្លែងថា ការប្រឆាំងនឹងប្រយោជន៍សេដ្ឋកិច្ចជាតិ របស់ក្រុមធ្វើនយោបាយប្រឆាំងនោះ នឹងមិនបានសម្រេចឡើយ។
សម្តេចធិបតីបានអំពាវនាវពលរដ្ឋមិនត្រូវលង់ចាញ់ឧបាយកលក្រុមធ្វើនយោបាយប្រឆាំង ដែលអាចនឹងកៀរគររកប្រជាពលរដ្ឋ ដើម្បីប្រឆាំងនៅក្នុងថ្ងៃដែលរៀបចំបើកការដ្ឋានថ្ងៃទី៥ សីហានោះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នៅបានអំពាវនាវក្រុមវិនិយោគដីធ្លី មិនត្រូវឆ្លៀតឱកាសធ្វើអាជីវកម្មកេងចំណេញ លើការប្រមូលទិញដីធ្លី នៅលើតម្រាយផ្លូវ នៃសំណង់ព្រែកជីកហ៊្វូណនតេជោ ដែលត្រៀមនឹងបុកគ្រឹះនាពេលខាងមុខនេះឡើយ។
សេចក្តីអំពាវនាវទុកជាមុនរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី បានធ្វើឡើងនៅមុន ៦៣ថ្ងៃ ដែលការដ្ឋានព្រែកជីកហ៊្វូណនតេជោ នឹងត្រូវចាប់ផ្តើមបុកគ្រឹះរបស់ខ្លួន។