ធនាគារពិភពលោកព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជា (Video Inside)
ធនាគារពិភពលោកបានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងកើនដល់ ៥,៨% នៅឆ្នាំនេះ និងបន្តកើនឡើងថែមទៀតក្នុងឆ្នាំ២០២៥ និង២០២៦។
របាយការណ៍ធនាគារពិភពលោកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា សកម្មភាពសេដ្ឋកិច្ចកម្ពុជា បានកើនឡើងនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ដោយសារតែការងើបឡើងវិញ នៃវិស័យសេវាកម្ម និងការនាំចេញទំនិញ ទោះបីជាតម្រូវការក្នុងស្រុក បានធ្លាក់ចុះក៏ដោយ។
របាយការណ៍បានបង្ហាញការព្យាករណ៍ថា កំណើនសេដ្ឋកិច្ច ត្រូវបានគេរំពឹងថា នឹងប្រសើរឡើងបន្តិចពីកម្រិត ៥,៦% ក្នុងឆ្នាំ២០២៣ ទៅ៥,៨% នៅឆ្នាំ២០២៤ ហើយនឹងអាចប្រសើរឡើងបន្ថែមទៀត នៅកម្រិត ៦,១% នៅឆ្នាំ២០២៥ និងឡើងដល់ ៦,៤% នៅឆ្នាំ២០២៦ ដោយសារការប្រសើរឡើងវិញ លើការនាំចេញវិស័យកាត់ដេរ ទំនិញធ្វើដំណើរ និងស្បែកជើង រួមទាំងការងើបឡើងវិញ នៃការមកដល់របស់ភ្ញៀវទេសចរណ៍។
ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា លោកស្រី ម៉ារីយ៉ាម សាលីម បានថ្លែងថា ដើម្បីរក្សាកំណើនសេដ្ឋកិច្ចបន្ត កម្ពុជាត្រូវរក្សាស្ថិរភាពម៉ាក្រូហិរញ្ញវត្ថុ ដោយការស្តារឡើងវិញ នូវលំហសារពើពន្ធ និងការការពារវិស័យហិរញ្ញវត្ថុរបស់ខ្លួន។
លោកស្រីបានបន្តថា កម្ពុជាអាចពង្រឹងភាពប្រកួតប្រជែងរបស់ខ្លួន តាមរយៈការកែលម្អបរិយាកាសធុរកិច្ច, ការសម្រួលនីតិវិធីពាណិជ្ជកម្ម នៅតាមព្រំដែន ដែលធ្វើឱ្យការផ្គត់ផ្គង់ថាមពល កាន់តែអាចទុកចិត្តបាន និងការពង្រឹងវិស័យអប់រំ»។