បុគ្គលមានទ្រព្យ ១លានដុល្លារ កើនដល់ជិត ២៣លាននាក់ បំបែកកំណត់ត្រាថ្មី
របាយការណ៍ទ្រព្យសម្បត្តិពិភពលោក ឆ្នាំ២០២៤ ឬ World Wealth Report 2024 នៃក្រុមហ៊ុនបារាំង Capgemini បានចេញផ្សាយ នាពេលថ្មីៗនេះថា មនុស្សដែលមានទ្រព្យ យ៉ាងតិច ១លានដុល្លារ បានកើនឡើង ៥.១ភាគរយ ធៀបនឹងឆ្នាំមុន ពោលគឺមានរហូតដល់ ចំនួន ២២លាន៨សែននាក់ នៅទូទាំងពិភពលោក ជាចំនួនដ៏ច្រើន ពុំធ្លាប់មាន តាំងពីឆ្នាំ១៩៩៧មក។
បើតាមរបាយការណ៍ World Wealth Report បង្ហាញថា នៅឆ្នាំ២០២៣ ទ្រព្យសម្បត្តិសរុបរបស់ក្រុមមនុស្សមានទ្រព្យ១លានដុល្លារ មានចំនួន៨៦.៨លានលានដុល្លារអាមេរិក។ ពុំទាន់មានតួលេខសម្រាប់ឆ្នាំ ២០២៤នៅឡើយ។
របាយការណ៍ការនេះបញ្ជាក់ថា អាមេរិកនាំមុខគេដែលមានបុគ្គលមានទ្រព្យ១លានដុល្លារ ក្នុងនោះ មានរហូតដល់ ៧៤៣១នាក់ ហើយជប៉ុនលេខពីរ អាល្លឺម៉ង់ លេខ៣ ខណៈដែលចិន ស្ថិតក្នុងចំណាត់ថ្នាក់ លេខ៤។
ការសិក្សាបង្ហាញថា កំណើនដ៏ច្រើននេះ ត្រូវបានជំរុញ តាមរយៈការវិនិយោគរបស់ពួកគេ នៅក្នុងទីផ្សារភាគហ៊ុន ដែលរីកដុះដាល។
យ៉ាងណាមិញ ការកើនឡើងនៃទ្រព្យសម្បត្តិ និងវិសមភាព នៅក្នុងពិភពលោក បានជំរុញឱ្យមានការជជែកវែកញែក លើការជំរុញឱ្យអ្នកមានបង់ពន្ធឲ្យបានត្រឹមត្រូវ។ ប្រេស៊ីល និងបារាំងបានរួមគ្នា ជំរុញប្រទេសសមាជិកប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង២០ ឬ G20 កំណត់ពន្ធអប្បបរមា ជាសកល លើអ្នកមានទ្រព្យយ៉ាងតិច១លានដុល្លារ នៅលើពិភពលោក៕
ប្រភពពី Yahoo ប្រែសម្រួល៖ សារ៉ាត