អាល្លឺម៉ង់ចាយជាង ២ពាន់លានដុល្លារ ទិញយន្តហោះចម្បាំងបន្ថែម ២០គ្រឿង
ប៊ែរឡាំង៖ មេដឹកនាំអាល្លឺម៉ង់បាននិយាយកាលពីថ្ងៃពុធថា រដ្ឋាភិបាលអាល្លឺម៉ង់នឹងបញ្ជាទិញយន្តហោះចម្បាំង Eurofighter ចំនួន ២០គ្រឿងបន្ថែមទៀត ដែលនេះជាវិធានការមួយ មានគោលបំណងពង្រឹងជំហរការពារជាតិរបស់ប្រទេស និងលើកកម្ពស់ឧស្សាហកម្មអវកាស។
អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលស៍ បានប្រកាសកាលពីថ្ងៃពុធ នៅឯពិធីបើកការតាំងពិព័រណ៍អាកាស (ILA) នៅខាងក្រៅទីក្រុងប៊ែរឡាំងថា រូបលោកមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការរក្សា និងពង្រីកសមត្ថភាពផលិតសព្វាវុធរបស់ប្រទេសអាល្លឺម៉ង់។
តួយ៉ាង អាល្លឺម៉ង់នឹងបញ្ជាទិញយន្តហោះ Eurofighter ចំនួន ២០គ្រឿងបន្ថែមពីលើយន្តហោះ ៣៨គ្រឿងដែលបានបញ្ជាទិញរួចហើយ។ លោក សូលស៍ បន្ថែមថា ការបញ្ជាទិញនេះ នឹងផ្តល់ភាពរីកចម្រើន និងផលចំណេញដល់ក្រុមហ៊ុន Airbus និងអ្នកផ្គត់ផ្គង់របស់ខ្លួន។
ការបញ្ជាទិញយន្តហោះចម្បាំង Eurofighter បន្ថែមនេះដែរ កើតឡើងស្របពេលដែលកងទ័ពអាកាសអាល្លឺម៉ង់ចង់យកពួកវាមកជំនួសយន្តហោះចម្បាំង Tornado ដែលមានវ័យចាស់ទៅហើយ។ គិតមកទល់ពេលនេះ ប្រទេសអាល្លឺម៉ង់មានយន្តហោះចម្បាំង Eurofighter ចំនួន ១៣៨គ្រឿងដែលកំពុងបម្រើការក្នុងជួរកងទ័ព៕ ប្រភព៖ defensenews ប្រែសម្រួលដោយ៖ ឈឹម ទីណា