Nvidia វ៉ា Apple ក្លាយជាក្រុមហ៊ុនមានបំផុតទី២

តម្លៃទីផ្សាក្រុមហ៊ុន Nvidia បានកើនឡើងលើស ៣លានលានដុល្លារអាមេរិក ជាហេតុនាំឲ្យក្រុមហ៊ុនផលិតបន្ទះ Chip មួយនេះ បាននាំមុខក្រុមហ៊ុនបច្ចេកវិទ្យា Apple ក្លាយជាក្រុមហ៊ុនដែលមានទ្រព្យច្រើនបំផុតលំដាប់ទីពីរ នៅក្នុងពិភពលោក។

តម្លៃភាគហ៊ុនរបស់ Nvidia បានកើនឡើង ជាង៥% កាលពីថ្ងៃពុធ ពោលគឺកើនដល់ ជាង១២២០ដុល្លារអាមេរិក ក្នុងមួយហ៊ុន។ Nvidia ដែលមានលោក Jensen Huang ជា CEO មួយនេះ បានពង្រីកខ្លួន យ៉ាងឆាប់រហ័ស គួរឱ្យភ្ញាក់ផ្អើល កាលពីឆ្នាំមុន លើការវិនិយោគបន្ទះឈីប នៅក្នុងបញ្ញាសិប្បនិម្មិត ឬ AI។

ក្នុងពេលបីខែ ដោយគិតត្រឹមចុងខែមេសា ការលក់របស់ក្រុមហ៊ុនកើនឡើងយ៉ាងខ្លាំង ពោលគឺបានចំណូល រហូតដល់ ២៦ពាន់លានដុល្លារអាមេរិក កើនឡើង បីដង បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៣។

ដោយត្រូវបានបង្កើតឡើង ក្នុងឆ្នាំ១៩៩៣ ក្រុមហ៊ុន Nvidia ត្រូវបានគេស្គាល់ថា ដំបូងបំផុត លើការផលិតបន្ទះឈីប សម្រាប់កុំព្យូទ័រ ដែលដំណើរការក្រាហ្វិក ជាពិសេស សម្រាប់ហ្គេមកុំព្យូទ័រ។

ក្រុមហ៊ុនបច្ចេកវិទ្យា Apple ដែលល្បីខ្លាំងលើ Iphone ទំនងជាបានបាត់បង់តំណែងលេខ២នេះ នៅដើមឆ្នាំ២០២៤ ខណៈកំណើនលក់របស់ខ្លួន បានជាប់គាំង។ ប៉ុន្តែ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ ថ្មីៗនេះ Apple បានដាក់ក្តីរំពឹងឡើងវិញ ជាមួយនឹងគម្រោងយុទ្ធសាស្ត្រ AI របស់ខ្លួន។

គួរបញ្ជាក់ថា Microsoft នៅតែជាក្រុមហ៊ុនមានបំផុត លំដាប់លេខ១ នៅលើពិភពលោក ដែលមានតម្លៃទីផ្សា រហូតដល់ ៣.១៤លានលានដុល្លារអាមេរិក៕

ប្រភពពី BBC ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner