កុមារអាយុក្រោម ៥ឆ្នាំ ចំនួន ៤៤០លាននាក់ កំពុងខ្វះអាហារ

ទីភ្នាក់ងារ UNICEF នៃអង្គការសហប្រជាជាតិបានព្រមានថា កុមារចំនួន ៤៤០លាននាក់ អាយុក្រោម ៥ ឆ្នាំ ដែលកំពុងរស់នៅក្នុងប្រទេសមានចំណូលទាប និងមធ្យម ប្រហែល ១០០ប្រទេស កំពុងខ្វះអាហារចាំបាច់ ក្នុងនោះ កុមារចំនួន១៨១លាននាក់ ស្ថិតក្នុងស្ថានធ្ងន់ធ្ងរបំផុត។

UNICEF បញ្ជាក់នៅថ្ងៃពុធថា ក្នុងចំណោមកុមារ អាយុក្រោម៥ឆ្នាំ ចំនួន៤នាក់ មានកុមារយ៉ាងហោចណាស់ម្នាក់ ខ្វះអាហារធ្ងន់ធ្ងរបំផុត។ កុមារទាំងនោះប្រឈមនឹងហានិភ័យ នៃផលប៉ះពាល់អវិជ្ជមាន លើការលូតលាស់ និងការអភិវឌ្ឍ បញ្ញា ស្មារតី។

កង្វះអាហារូបត្ថម្ភ អាចនាំឱ្យកុមារមានសភាពស្គម ខុសធម្មតា ដែលអាចបណ្ដាល ឱ្យស្លាប់ ក៏មាន។ UNICEF បានផ្តល់អនុសាសន៍ថា កុមារតូចៗ គួរតែបានបរិភោគក្រុមអាហារចាំបាច់ ដែលមានដូចជា គ្រាប់ធញ្ញជាតិ, ទឹកដោះគោ, សាច់, ស៊ុត, ផ្លែឈើ និងបន្លែ សម្បូរវីតាមីន A ; ព្រមទាំង ផ្លែឈើ និងបន្លែផ្សេងៗទៀត ជាដើម។

លោកស្រី Catherine Russell ប្រធាន UNICEF បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍ អមជាមួយរបាយការណ៍នេះថា កុមារដែលទទួលទានអាហារត្រឹមតែ អង្ករ និងទឹកដោះគោខ្លះៗ ធ្វើកុឲ្យមារមិនលូតលាស់ ហើយការរៀនសូត្រនៅសាលារៀន ក៏ចុះខ្សោយ ព្រោះវាប៉ះពាល់ រាប់ចាប់ពីខួរក្បាល បេះដូង ប្រព័ន្ធភាពស៊ាំ និងប្រព័ន្ធសំខាន់ៗទាំងអស់ នៃរាងកាយដែលមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ការអភិវឌ្ឍកុមារ ប្រឆាំងនឹងជំងឺផ្សេងៗ ហើយកុមារទាំងអស់ គឺពឹងផ្អែក លើវីតាមីន សារធាតុរ៉ែ និងប្រូតេអ៊ីន៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner