សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកមហាសន្និបាតតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃសភាយុវពាណិជ្ជករអន្តរជាតិប្រចាំឆ្នាំ២០២៤ នៅខេត្តសៀមរាប
សៀមរាប៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកមហាសន្និបាតតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃសភាយុវពាណិជ្ជករអន្តរជាតិ (JCI) ប្រចាំឆ្នាំ២០២៤ នៅខេត្តសៀមរាប នាល្ងាចថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ ។ ព្រឹត្តិការណ៍នេះ បាននាំអ្នកធុរកិច្ចប្រមាណជិត ៤ ពាន់នាក់ មកពី ៤៦ ប្រទេស ឱ្យមកស្គាល់កម្ពុជា ហើយរំពឹងថា អ្នកទាំងនោះ នឹងត្រឡប់មកកម្ពុជាម្តងទៀត ។
សូមជម្រាបថា សភាយុវពាណិជ្ជករអន្តរជាតិ បានបង្កើតឡើងនៅឆ្នាំ១៩១៥ មានសមាជិកសរុបប្រមាណ ២០ម៉ឺននាក់ ស្មើនឹង១០៧ ប្រទេស បាននឹងកំពុងធ្វើការរួមគ្នាដើម្បីផ្តល់ជាឥទ្ធិពលវិជ្ជមានជូនពិភពលោក ។
លោក លី ឧត្តម ប្រធានសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា មហាសន្និបាតប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិចនៃសភាយុវពាណិជ្ជករអន្តរជាតិ ឆ្នាំ២០២៤ បានថ្លែងថា “សន្និបាតមានអ្នកចូលរួមសរុប ៣៩៣៧ នាក់ មកពី ២១ ប្រទេសក្នុងតំបន់ និង ២៣ប្រទេសពីតំបន់នានា ដែលតួលេខនេះ គឺជាសក្ខីភាពយ៉ាងមុតមាំបង្ហាញពីសក្តានុពលប្រសិទ្ធិភាព និងសហគ្រិនភាព នៃសមាជិកសមាជិកា សភាយុវពាណិជ្ជករអន្តរជាតិ កម្ពុជាទាំងអស់ដែលបានដាក់ចិត្តដាក់កាយលើគម្រោងនេះ គិតចាប់តាំងពីពេលដំណើរការផ្សព្វផ្សាយពីកម្ពុជារហូតដល់ការប្រកួតប្រជែងដណ្តើមបានភាពជាម្ចាស់ផ្ទះ និងរហូតដល់សម្រេចបានមកដល់ពេលបច្ចុប្បន្ន ប្រើរយៈពេលជិត៨ឆ្នាំ “។
លោកបានបញ្ជាក់ថា កាលពីឆ្នាំ២០២០ កម្ពុជា បានត្រៀមរៀបចំមហាសន្និបាតប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ម្តងរួចមកហើយ ប៉ុន្តែដោយសារវិបត្តិកូវីដ១៩ ទើបធ្វើឲ្យយើងមានការអាក់ខាន តម្រូវរៀបចំដំណើរការប្រកួតប្រជែងយកភាពជាម្ចាស់ផ្ទះសារឡើងវិញ ហើយទីបំផុតកម្ពុជា អាច សម្រេចបានជោគជ័យជាថ្មីម្តងទៀត នៅឆ្នាំ២០២៤នេះ ។
នៅក្នុងឱកាសនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត សូមកោតសរសើរចំពោះសមិទ្ធផលដ៏ត្រចះត្រចង់ដែល JCI និងជាពិសេស JCI-កម្ពុជា សម្រេចបាននាពេលកន្លងមក ។
សម្តេចធិបតី បានមានប្រសាសន៍ក្រើនរំលឹកទៅកាន់បងប្អូនយុវជនទាំងអស់ដែលមានវត្តមាននៅក្នុងមហាសន្និបាត JCI តំបន់អាស៊ី និងប៉ាស៊ីហ្វិក ឆ្នាំ២០២៤ ក៏ដូចជានៅទីកន្លែងដទៃទៀតថា បងប្អូនយុវជននេះហើយជាអ្នកកំណត់ ជោគវាសនា នាពេលអនាគតនេះ ។
សម្តេចបន្តថា អ្វីៗទាំងអស់ដែលបងប្អូនបានរៀន គិត និងកំពុងអនុវត្តជាកត្តាដែលនឹងសម្រេចថា តើសង្គមជាតិយើងពិតជាអាចឆ្លងកាត់ភាពមិនប្រាកដប្រជានេះ បាន ឬ មិនបាន។ ក្នុងន័យនេះ ការពង្រឹងភាពអង់អាចរបស់យុវជន គឺពិតជាការវិនិយោគ សម្រាប់អនាគត ដោយសង្គមជាតិមួយរីកចម្រើនទៅបាន លុះត្រាតែយុវជនមានភាពរឹងមាំ មានសីលធម៌ និងមានផ្នត់គំនិតវិជ្ជមានដែលសម្លឹងឆ្ពោះទៅមុខជានិច្ច ។
សម្តេចធិបតី ក៏បានផ្តល់អនុសាសន៍ដល់យុវជនសូមចាប់យកឱ្យបាន នូវរាល់ឱកាសទាំងឡាយណាដែលមានពីព្រឹត្តិការណ៍ ជួបជុំគ្នាដូចខណៈនេះ និងពីយន្តការផ្សេងៗដូចជា JCI សំដៅធានាថា បងប្អូនយុវជនពិតជា ទទួលបាន នូវផ្នត់គំនិតថ្មីៗ និងកសាងបាននូវចំណងមិត្តភាពយូរអង្វែង ដើម្បីក្លាយជាយុវជន ដែលសង្គមជាតិត្រូវការ ដោយមិនអាចខ្វះបាន ។
សម្តេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ទទួលស្គាល់អំពីតួនាទីដ៏សំខាន់របស់យុវជន ក្នុងការកសាងអនាគតដ៏ត្រចះត្រចង់មួយរបស់កម្ពុជា ។
សម្តេចធិបតីបានរំលឹកអតីតកាលកម្ពុជាថា កម្ពុជា ដែលធ្លាប់តែត្រូវបានចាត់ទុកជាវាលពិឃាដ បច្ចុប្បន្នជាជាតិមួយមានសន្តិភាពពេញលេញ តាមរយះនយោបាយឈ្នះ ឈ្នះ បានធ្វើឲ្យកម្ពុជា មានសន្តិភាព ប្រាសាទអង្គរវត្ត និងឆ្នេរសមុទ្រដ៏ស្រស់ស្អាត បាននិងកំពុងទាក់ទាញភ្ញៀវ ទេសចររាប់លាននាក់មកទស្សនាជារៀងរាល់ឆ្នាំ ។
សម្តេច បានថ្លែងថា លទ្ធផលដែលកើតចេញពីការលះបង់គ្រប់បែបយ៉ាងរបស់អ្នកជំនាន់មុន ក្នុងការកែប្រែជោគ វាសនាទឹកដីកំសត់នេះ ឱ្យក្លាយជាទឹកដីមួយដ៏ស្រស់បំព្រង និងប្រកបដោយស្នាមញញឹម។ ពេលនេះជាពេលវេលារបស់យើងទាំងអស់គ្នាដែលជាអ្នកបន្តវេន ត្រូវយកគំរូតាមការលះបង់ កន្លងមក ដើម្បីបង្កើតនូវទំព័រប្រវត្តិសាស្ត្រថ្មី ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកការអភិវឌ្ឍមូលធនមនុស្ស ដែលផ្តោតលើការអប់រំ និងការលើកកម្ពស់ភាពអង់អាចរបស់យុវជន ជាកត្តាកំណត់ដ៏សំខាន់បំផុត ក្នុងការកំណត់ជោគវាសនាជាតិ ៕
ដោយ:វណ្ណលុក