សម្ព័ន្ធយោធាអន្តរជាតិ NATO គ្មានផែនការ ដាក់ពង្រាយទ័ព ទៅអ៊ុយក្រែន
បរទេស៖ អគ្គលេខាធិការ នៃសម្ព័ន្ធយោធាណាតូ (NATO) លោក Jens Stoltenberg បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើងមួយនេះ មិនមានគម្រោងដាក់ពង្រាយកងកម្លាំង ទៅកាន់ប្រទេស អ៊ុយក្រែន នោះទេ។
នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយប្រធានាធិបតីនៃប្រទេសហ្វាំងឡង់ លោក Alexander Stubb ក្នុងដំណើរទស្សនកិច្ច រយៈពេលពីរថ្ងៃ នៅទីនោះ លោក Stoltenberg បាននិយាយថា «យើងកំពុងផ្តោតលើរបៀបដែលយើងអាចបង្កើតក្របខ័ណ្ឌដ៏រឹងមាំ សម្រាប់ការគាំទ្ររបស់យើង ចំពោះអ៊ុយក្រែន។ ប៉ុន្តែ មិនមែនជាផែនការដាក់ពង្រាយទ័ព ទៅប្រទេសមួយនេះ ទេ»។
ជាមួយគ្នានេះ លោក Stubb ប្រធានាធិបតីហ្វាំងឡង់ ក៏បាននិយាយផងដែរថា ប្រទេសរបស់លោកក៏មិនមានគម្រោងបញ្ជូនកងទ័ព ទៅកាន់អ៊ុយក្រែននោះដែរ ដោយបន្ថែមទៀតថា ហ្វាំងឡង់ កំពុងពិភាក្សាជាមួយសម្ព័ន្ធមិត្តអំពីជម្រើសផ្សេងៗ សម្រាប់គាំទ្រដល់អ៊ុយក្រែន។
លោក Stoltenberg ក៏បានកត់សម្គាល់ដែរថា ពុំទាន់ឃើញមានសញ្ញាមួយ ដែលថា រុស្ស៊ីត្រូវបន្តវាយប្រហារសម្ព័ន្ធមិត្តណាតូណាមួយ នោះទេ។ លោកបានអះអាងថា ទំនិតដែលចង់បង្កើតឲ្យមានសង្គ្រាមថ្មីទៀត គឺជាការគិតខុស៕
ប្រភពពី Xinhua ប្រែសម្រួល៖ សារ៉ាត