សាលី ហ្វីលីន៖ ការប្រកួតម៉ូតូទឹកកម្រិតពិភពលោកឆ្នាំនេះ ១វិញ្ញាសារំពឹងខ្ពស់ ២វិញ្ញាសាទៀតស្រពេចស្រពិល
អូសាកា៖ សាលី ហ្វីលីន ជាកីឡាករជម្រើសជាតិម៉ូតូទឹកកម្ពុជា ក្នុងចំណោម៥រូប ដែលដឹកនាំដោយវីរៈកីឡាករ សាលី អ៊ូម៉ើត ទៅចូលរួមការប្រកួតម៉ូតូ ទឹកលំដាប់ពិភពលោក WGP #1 WATER JET នៅទីក្រុងអូសាកា ប្រទេសជប៉ុន បានបញ្ជាក់ថា ក្នុងចំណោម៣វិញ្ញាសា រំពឹងខ្ពស់១វិញ្ញាសា ២វិញ្ញាសាទៀតស្រពេចស្រពិល ។ ការបញ្ជាក់ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានទូរទស្សន៍អប្សរា នាទីក្រុង អូសាកា(Osaka) ប្រទេសជប៉ុន នារសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤។
សាលី ហ្វីលីន រហ័សនាម Golden Boy និងម្ចាស់មេដាយមាស៥គ្រឿង នៅ World Jet Ski សហរដ្ឋអាមេរិក ឆ្នាំ២០២៣ បានបន្ថែមថា ឆ្នាំនេះ មានពេលហ្វឹកហាត់ច្រើន កម្លាំង និងបច្ចេកទេសត្រៀមប្រយុទ្ធតែម្តង រីឯការប្រកួតកម្តៅសាច់ដុំក៏ច្រើន និងទទួលបានលទ្ធផលល្អ។ កម្លាំងក៏មាន បច្ចេកទេសក៏ល្អ តែម៉ូតូទឹកចាស់បន្តិច ទើបធ្វើអោយ Golden Boy រូបនេះ មានការបារម្មណ៍ និងរំពឹងខ្ពស់តែ១វិញ្ញាសា គឺវិញ្ញាសា Expert Runabout 1100 Stock ខណៈ ២វិញ្ញាសាផ្សេងទៀត គឺវិញ្ញាសា Endurance Open និងវិញ្ញាសា Pro Am Runabout 1100 Open មិនសូវរំពឹងទេណាមួយកីឡាករខ្លាំងៗច្រើន ដូចជា ថៃ ម៉ូតូទឹកគេក៏ថ្មីកែច្នៃដំឡើងកម្លាំងក៏ខ្លាំងដែរ។
គួររម្លឹកថា ការប្រកួតម៉ូតូ ទឹកលំដាប់ពិភពលោក WGP #1 WATER JET នៅសហរដ្ឋអាមេរិក ឆ្នាំ២០២៣កន្លងទៅ កីឡាករ សាលីហ្វីលីន ដណ្តើមបាន៥គ្រឿងម្នាក់ឯង គឺមេដាយមាស២ ប្រាក់២ និងសំរិទ្ធ១ ។
សូមបញ្ជាក់ថា ការប្រកួតម៉ូតូទឹកលំដាប់ពិភពលោក WGP #1 WATER JET ដែលធ្វើឡើងនៅថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤ នៅ Nishikinohama Park , ទីក្រុងអូសាកា(Osaka) ប្រទេសជប៉ុន គឺជាដំណាក់កាលទី១ នេះ ១៧ប្រទេសចូលរួម ។ កម្ពុជាបញ្ជូនកីឡាករសរុបចំនួនប្រាំរូប, គ្រូបង្វឹកម្នាក់ ,គ្រូជំនួយម្នាក់ចូលរួម គឺវីរៈកីឡាករ សាលី អ៊ូម៉ើត ជាអគ្គលេខាធិការសហព័ន្ធដឹកនាំ,កីឡាករ ម៊ីន ម៉ូស្តាន់ , កីឡាករ កៃវ៉ាន់ ស៊ីដែន , កីឡាករ ម៊ីន អូស្មាន់ និងកីឡាករ សាលី ហ្វីលីន ៕
អត្ថបទ-រូបភាព ៖ ចាន់ វិចិត្រ