សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ គោលការណ៍សំខាន់ពីរ ដែលអាចជួយតម្រង់ទិសនៅក្នុងការឆ្លងកាត់បញ្ហាប្រឈមក៏ដូចជាកាលានុវត្តភាពថ្មីៗ តាមរយៈវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងបញ្ញាសិប្បនិម្មិត
(សៀមរាប)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា គោលការណ៍សំខាន់ពីរ ដែលអាចជួយតម្រង់ទិសនៅក្នុង ការឆ្លងកាត់បញ្ហាប្រឈមក៏ដូចជាកាលានុវត្តភាពថ្មីៗ ដែលស្តែងឡើងតាមរយៈវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងបញ្ញាសិប្បនិម្មិត គឺ ការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយលើមូលដ្ឋាន «យកប្រជាជន ជា ស្នូល» និងសារសំខាន់នៃ គោលការណ៍ «ពហុភាគីនិយម» ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញជាអធិបតីបើកកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី ២០ (AMMSTI-20) នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប នាព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ ក្រោមប្រធានបទ «ការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត៖ ដំណើរទៅអនាគត» ដែលកម្ពុជា ធ្វើជាប្រធានលើផ្នែកនេះ នៅក្នុងឆ្នាំ ២០២៤ ។
សម្តេចធិបតី បានមានប្រសាសន៍ថា ខណៈដែលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បន្តវិវឌ្ឍក្នុងល្បឿនមួយយ៉ាងលឿន ជាការចាំបាច់ ដែលពិភពលោកត្រូវប្រើប្រាស់ និងត្រួតពិនិត្យ ឱ្យបានហ្មត់ចត់លើបច្ចេកវិទ្យាកំពុងលេចឡើងថ្មីៗ ដែលអាចមានឥទ្ធិពលក្នុងការកែប្រែ ពិភពលោក ។ យើងត្រូវតម្រង់ទិសវឌ្ឍនភាព នៃបច្ចេកវិទ្យា ដើម្បីឱ្យបច្ចេកវិទ្យា អាចបម្រើ និងគាំទ្រដល់ បរិយាបន្នភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងភាពធន់ ។
សម្តេច បានរំលេចបន្ថែមអំពីគោលការណ៍សំខាន់ពីរ ដែលអាចជួយតម្រង់ទិសនៅក្នុងការឆ្លងកាត់បញ្ហាប្រឈម ក៏ដូចជាកាលានុវត្តភាពថ្មីៗ ដែលស្តែងឡើងតាមរយៈវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និយាយជារួម; និងបញ្ញាសិប្បនិម្មិត និយាយ ដោយឡែក មានជាអាទិ៍៖
ទី១. ការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយលើមូលដ្ឋាន «យកប្រជាជនជាស្នូល» ក្នុងន័យនេះ ទន្ទឹមទៅនឹងការទាញប្រយោជន៍ពីវឌ្ឍនភាពនៃបច្ចេកវិទ្យា យើងក៏ត្រូវមានការទទួលខុសត្រូវ នៅក្នុងការធានាតុល្យភាព និងអត្ថប្រយោជន៍ ដែលបច្ចេកវិទ្យាអាចបម្រើដល់មនុស្សជាតិ ។
ទី២. អំពីសារៈសំខាន់នៃគោលការណ៍ «ពហុភាគីនិយម» ដែលជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយនៅ ក្នុងការចាប់យកបច្ចេកវិទ្យាដែលកំពុងលេចឡើងថ្មី ដើម្បីធានាថា បច្ចេកវិទ្យាទាំងនោះ បម្រើឱ្យមនុស្សជាតិ មិនមែនឱ្យមនុស្សជាតិត្រូវរត់តាមបម្រើបច្ចេកវិទ្យាទាំងនោះទេ ។
ជាមួយការកោតសរសើរនូវវឌ្ឍនភាព ដែលសម្រេចបាន នៅក្នុងផែនការសកម្មភាព អាស៊ាន ស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ឆ្នាំ ២០១៦-២០២៥ (APASTI ២០១៦-២០២៥) សម្តេចនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដល់ការរៀបចំផែនការសកម្មភាព វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍អាស៊ាន ឆ្នាំ២០២៦-២០៣៥ (APASTI ២០២៦-២០៣៥) ឱ្យយកចិត្តទុកដាក់ បន្ថែមទៀត ចំពោះលទ្ធភាពទទួលបានបច្ចេកវិទ្យា និងការផ្ទេរបច្ចេកវិទ្យា ប្រកបដោយ សមធម៌ ការអភិវឌ្ឍធនធានមនុស្សប្រកបដោយទេពកោសល្យ តាមរយៈការផ្ទេរបច្ចេកវិទ្យា និងចល័តភាពរបស់ពួកគេ នៅក្នុងការពង្រឹងកិច្ចសហការរវាងតួអង្គពាក់ព័ន្ធនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅក្នុងតំបន់ ព្រមទាំងយកចិត្តទុកដាក់លើការវិនិយោគបន្ថែមទៀត នៅក្នុងការស្រាវជ្រាវ និងការអភិវឌ្ឍ ដើម្បីជំរុញនវានុវត្តន៍បន្ថែមទៀត ៕
អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ