ពិភពលោកនឹងចាយ ២ពាន់ពាន់លានដុល្លារលើថាមពលពន្លឺព្រះអាទិត្យ
ប៉ារីស៖ ស្ថាប័នស្រាវជ្រាវថាមពលកំពូលរបស់ពិភពលោក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លុយកាន់តែច្រើនកំពុងហូរចូលទៅក្នុងថាមពលពន្លឺព្រះអាទិត្យ ច្រើនជាងប្រភពអគ្គិសនីផ្សេងទៀតទាំងអស់រួមបញ្ចូលគ្នា ជាមួយនឹងការវិនិយោគ ដែលគ្រោងឈានដល់ ២ពាន់ពាន់លានដុល្លារនៅឆ្នាំ២០២៤នេះ។
ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានព្យាករណ៍នៅក្នុងរបាយការណ៍មួយថា ការវិនិយោគជាសកលលើថាមពលស្អាតនៅឆ្នាំ២០២៤នេះ នឹងកើនឡើងដល់ ២ពាន់ពាន់លានដុល្លារលើថាមពលពន្លឺព្រះអាទិត្យ។
ទីភ្នាក់ងារ IEA បាននិយាយថា ការវិនិយោគរួមបញ្ចូលគ្នានៅក្នុងថាមពលកកើតឡើងវិញ និងបណ្តាញអគ្គិសនី បានកើនឡើងលើសចំនួនដែលបានចំណាយលើឥន្ធនៈហ្វូស៊ីលជាលើកដំបូងចាប់តាំងពីឆ្នាំ២០២៣។
នាយកប្រតិបត្តិ IEA លោក Fatih Birol បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ អមជាមួយរបាយការណ៍ប្រចាំឆ្នាំនៃការវិនិយោគថាមពលពិភពលោករបស់ទីភ្នាក់ងារនេះថា ការវិនិយោគថាមពលស្អាតកំពុងបង្កើតកំណត់ត្រាថ្មី សូម្បីតែនៅក្នុងលក្ខខណ្ឌសេដ្ឋកិច្ច ដែលមានការប្រកួតប្រជែង។
លោកបន្ថែមថា ក្រុមហ៊ុន និងរដ្ឋាភិបាលជុំវិញពិភពលោក កំពុងបង្កើនការចំណាយលើការផលិតថាមពលស្អាត ដើម្បីកាត់បន្ថយការបញ្ចេញកាបូនពីការដុតឥន្ធនៈហ្វូស៊ីល ដែលកំពុងជំរុញឱ្យមានការប្រែប្រួលអាកាសធាតុយ៉ាងធ្ងន់ធ្ងរ។
របាយការណ៍របស់ IEA បានគូសបញ្ជាក់ថា ការកែលម្អខ្សែសង្វាក់ផ្គត់ផ្គង់ និងការចំណាយទាប កំពុងជំរុញការវិនិយោគ ក្នុងទម្រង់នៃថាមពលស្អាត ដែលរួមមាន បន្ទះស្រូបពន្លឺព្រះអាទិត្យ ទួរប៊ីនខ្យល់ ឡានអគ្គិសនី និងម៉ាស៊ីនបូមកំដៅ ក៏ដូចជាការផលិតថាមពលនុយក្លេអ៊ែរ។
ការវិនិយោគរួមគ្នាលើថាមពលកកើតឡើងវិញ និងនុយក្លេអ៊ែរសម្រាប់ផលិតអគ្គិសនី ត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ ១០ដង ដែលដឹកនាំដោយថាមពលពន្លឺព្រះអាទិត្យ ក្នុងនោះចិនជាប្រទេសរួមចំណែកវិនិយោគធំបំផុត។
បើតាមទីភ្នាក់ងារ IEA ការសម្រេចបាននូវគោលដៅជាសកលរយៈពេលមធ្យម ដើម្បីកាត់បន្ថយការបំភាយកាបូន ដែលបង្កគ្រោះថ្នាក់ នឹងតម្រូវឱ្យមានការវិនិយោគលើថាមពលកកើតឡើងវិញកើនឡើងទ្វេដងនៅទូទាំងពិភពលោកនៅឆ្នាំ ២០៣០៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា