ក្រសួងវប្បធម៌ព្រមានក្រុមសិល្បៈដែលសម្តែងសកម្មភាពអសីលធម៌ (Video Inside)

ក្រសួងវប្បធម៌ បានណែនាំដល់ក្រុមសិល្បៈនានា ដែលចូលរួមសម្តែងក្នុងពិធីមង្គលការខ្មែរ ត្រូវបញ្ឈប់ជាបន្ទាន់ នូវសកម្មភាពអសីលធម៌ និងព្រមានដាក់ទោសច្បាប់ បើសិនមិនរាងចាល។

សេចក្តីណែនាំថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ បានធ្វើឡើងក្រោយការបង្ហោះវីដេអូតាមបណ្តាញសង្គម ដែលបង្ហាញភាពអសីលធម៌របស់ក្រុមសិល្បៈមួយចំនួន នៅក្នុងពិធីកាត់សក់អាពាហ៍ពិពាហ៍ ដែល «បង្ហាញពីកាយវិការជ្រុលហួសហេតុ ខ្វះចំណេះដឹង និងការអប់រំ»។

ក្រសួងវប្បធម៌បានហៅការសម្តែងនោះថា «ជាសកម្មភាពបែបអាត្មានិយម និងប៉ះពាល់ដល់ប្រយោជន៍សង្គមទាំងមូល»។

សេចក្តីណែនាំនិងអំពាវនាវរបស់ក្រសួងបានសរសេរថា «សូមក្រុមសិល្បៈនានា ដែលចូលរួមសម្តែងក្នុងពិធីមង្គលការខ្មែរ ត្រូវបញ្ឈប់ជាបន្ទាន់នូវសកម្មភាពអសីលធម៌ ហើយខិតខំស្វែងយល់ប្រឹងប្រែងរៀបចំឱ្យបានត្រឹមត្រូវទៅតាមប្រពៃណីទំនៀមទំលាប់ដ៏ថ្លៃថ្លារបស់ជាតិ ដែលជាកេរដំណែលពីដូនតាមក»។

សេចក្តីណែនាំដដែលបានព្រមានថា «ក្នុងករណីនៅតែបន្តប្រព្រឹត្តសកម្មភាពអសីលធម៌ទាំងនេះ, វិធានការច្បាប់មួយ នឹងត្រូវប្រកាន់យកតាមគោលការណ៍ ដែលមានជាធរមាន»។

ads banner