បញ្ចប់ការសិក្សា និងគម្រោងប្លង់សាងសង់ស្ថានីយខ្នាតធំប្រចាំតំបន់នៅភ្នំគូលែន ដែលបណ្តុះកូនឈើបានចំនួនបីលានដើមក្នុងមួយឆ្នាំ

ភ្នំពេញ៖មកដល់ពេលនេះស្ថានីយបណ្តុះកូនឈើខ្នាតធំប្រចាំតំបន់ ទំហំជាងបីហិកតា នៅក្នុងភូមិសាស្រ្តនៃឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តម «ភ្នំគូលែន» ខេត្ត សៀមរាប អាចធានាការបណ្តុះកូនឈើបានបីលានដើម ក្នុងមួយឆ្នាំ ។នេះជាការបង្កើតបន្ថែម ពីលើថ្នាលបណ្តុះកូនឈើ ដែលមន្ទីរបរិស្ថានខេត្តសៀមរាប កំពុងរៀបចំបណ្តុះកូនឈើរួចហើយ ដើម្បីចែកជូនពលរដ្ឋយកទៅដាំតាមគេហដ្ឋាន តាមសហគមន៍ និងទីសាធារណៈ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានអញ្ជើញពិនិត្យទីតាំង និងបង្ហាញប្លង់សាងសង់ នៅទីតាំងនៃគម្រោងសាងសង់នៅតំបន់ភ្នំគូលែន កាលពីព្រឹកថ្ងៃសុក្រ ទី៧ ខែមិថុនា ឆ្នាំ២០២៤ឱ្យដឹងថា ស្ថានីយបណ្តុះកូនឈើដែលមានលក្ខណៈតំបន់ នឹងសាងសង់ឡើងនៅក្នុងខេត្តចំនួនប្រាំរួមមាន ខេត្តសៀមរាប ត្បូងឃ្មុំ មណ្ឌលគីរី កំពង់ស្ពឺ និងខេត្តកោះកុង ដែលអាចមានសមត្ថភាពបណ្តុះកូនឈើ និងចែកជូនពលរដ្ឋយកទៅដាំតាមប្រភេទឈើនីមួយៗដោយឥតគិតថ្លៃ យ៉ាងតិចជាងមួយលានដើមជារៀងរាល់ឆ្នាំ ។សកម្មភាពនេះដើម្បីបង្កើនគម្របបៃតង តាមគេហដ្ឋាន តាមមូលដ្ឋាន វត្តអារាម សាលារៀន ទីសាធារណៈមួយចំនួន និងតាមសហគមន៍តំបន់ការពារធម្មជាតិ និងមានប្រភេទដើមឈើខ្លះ សម្រាប់ផ្គត់ផ្គង់ដល់ការដាំ នៅតាមទីក្រុងផងដែរ ។នេះក៏ដើម្បីបង្កើតសោភ័ណទីក្រុងស្អាត និងមានភាពបៃតង។

ឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់ថា ស្ថានីយបណ្តុះកូនឈើខ្នាតតំបន់ នឹងទាក់ទាញឱ្យមានការគ្រប់គ្រងត្រឹមត្រូវ ការសិក្សាស្រាវជ្រាវ និងបង្កើតជាថ្នាលពូជឈើ ជីវៈចម្រុះ និងជាពិសេសការបង្កើតបាន ហេដ្ឋារចនាសម្ព័ន្ធ នៃការអភិវឌ្ឍគោលដៅទេសចរណ៍លំហែបៃតង បន្ថែមទៀតនៅក្នុងតំបន់។
ជាមួយគ្នានេះ នៅតំបន់ស្ថានីយបណ្តុះកូនឈើភ្នំគូលែន ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកទឹកចិត្តដល់មន្រ្តីឧទ្យានុរក្សបណ្តុះកូនត្នោតបន្ថែមទៀត ដែលបច្ចុប្បន្នគ្រាប់ត្នោតជាច្រើន ត្រូវបានផ្តល់ជូនពីសហគមន៍ ដើម្បីត្រៀមបណ្តុះចែកជូនប្រជាពលរដ្ឋដាំនៅឆ្នាំក្រោយៗទៀត។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានជំរុញ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋកម្ពុជា ឱ្យដាំដើមរុក្ខរបស់ជាតិ គឺដើមត្នោត តាមរយៈការចែកជូនកូនត្នោត ដាំនៅឆ្នាំក្រោយអាចបានមួយលានដើម បន្ថែមពីការដាក់ចេញនូវយុទ្ធនាការ ១០ តុលា ឆ្នាំ២០២៣ របស់ក្រសួងបរិស្ថាន ស្តីពីការចែកជូនកូនឈើជាងមួយលានដើមជារៀងរាល់ឆ្នាំជូនប្រជាពលរដ្ឋកម្ពុជា ដើម្បីដាំ និងស្តារព្រៃឈើឡើងវិញឱ្យបានគម្របព្រៃកើនឡើងជាង ៦០ភាគនៅឆ្នាំ២០៥០៕
ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner