សមត្ថកិច្ចបន្តបង្ក្រាបក្មេងទំនើងនៅតាកែវ (Video Inside)

សមត្ថកិច្ចបានបន្តបង្ក្រាបក្មេងទំនើង ខណៈប្រមុខរាជរដ្ឋាភិបាលបានថ្លែងបញ្ជាក់សាជាថ្មីថា នឹងមិនមានករណីលើកលែងដល់ក្រុមក្មេងទំនើងប្រើដាវសាមូរ៉ៃដេញកាប់គ្នានោះឡើយ។ នៅក្នុងខេត្តតាកែវ កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤, ក្មេងទំនើង៨នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីវាយគ្នា និងប្រើប្រាស់អាវុធខុសច្បាប់។

ការឃាត់ខ្លួននេះ គឺបានធ្វើឡើងនៅក្នុងវិទ្យាល័យហេងសំរិនព្រៃល្វា ស្ថិតក្នុងភូមិព្រៃល្វាលិច ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងកាលពីថ្ងៃទី៦ មិថុនា នៅក្នុងពិធីសម្ពោធមួយ នៅក្នុងខេត្តកំពតបញ្ជាក់ថា ករណីក្មេងទំនើងនឹងមិនលើកលែងឡើយ។

សម្តេចធិបតីបានថ្លែងថា យុវជនជាសិស្សសាលា ត្រូវប្រកួតប្រជែងគ្នាលើការងាររៀនសូត្រ ឬកិច្ចការបំរើសង្គម ប៉ុន្តែមិនមែនការប្រជែងដោយប្រើដាវដេញកាប់គ្នានោះទេ។

យោងតាមក្រសួងយុត្តិធម៌ ក្នុងរយៈពេល ១០ថ្ងៃ គិតចាប់ពីថ្ងៃទី២៣ ខែឧសភាដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីខេត្ត បានទទួលចាត់ការលើសំណុំរឿងក្មេងទំនើង មានចំនួន ៧៣ករណី ដែលមានជនសង្ស័យចំនួន ៤៧៨នាក់ ក្នុងនោះតុលាការបានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន ៣២០នាក់ និងនៅមានក្មេងទំនើងរត់គេចខ្លួនចំនួន ១៥៨នាក់ថែមទៀត៕

ads banner