Biden ប្រាប់ Zelensky ថា ការគាំទ្ររបស់អាមេរិក គឺមិនផ្លាស់ប្តូរ!

អាមេរិក៖ លោក Jo Biden ប្រធានាធិបតីសហរដ្ឋអាមេរិកបានសង្កត់ធ្ងន់ ក្នុងពេលជួបលោក Zelensky នៅទីក្រុងប៉ារីស កាលពីថ្ងៃសុក្រថា «ការគាំទ្ររបស់សហរដ្ឋអាមេរិក ចំពោះអ៊ុយក្រែន គឺមិនផ្លាស់ប្តូរ» នេះបើតាមសេចក្តីថ្លែងការណ៍បង្ហាញពីលទ្ធផលនៃជំនួបនេះ។

ប្រភពបានបន្ថែមទៀតថា មេដឹកនាំទាំងពីរបានយល់ព្រមថា នឹងជួបគ្នាម្តងទៀត នៅក្នុងកិច្ចប្រជុំកំពូលនៃបណ្តាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង៧ ឬ G7 នាពេលខាងមុខ នៅប្រទេសអ៊ីតាលី។ លោក Biden គូសបញ្ជាក់ថា «សហរដ្ឋអាមេរិកនឹងឈរ ជាមួយអ្នក»។ លោក Biden ក៏បានសម្តែងការសោកស្តាយចំពោះការពន្យារពេលជំនួយថ្មី នៅក្នុងរដ្ឋសភាអាមេរិក នាពេលកន្លងមក ទៀតផង។

បើតាមប្រភព ក្នុងជំនួបនោះ លោក Biden ថែមទាំងប្រកាសផ្តល់ជំនួយថ្មី ចំនួន ២២៥លានដុល្លារសម្រាប់អ៊ុយក្រែនផងដែរ។ កញ្ចប់ថ្មីនេះ រួមមានដូចជា ឧបករណ៍ស្ទាក់ការពារដែនអាកាស គ្រាប់កាំភ្លើងធំ និង “សមត្ថភាពសំខាន់ៗ” ផ្សេងទៀត។ កញ្ចប់សន្តិសុខនេះនឹងផ្តល់ឱ្យអ៊ុយក្រែន នូវសព្វាវុធដើម្បីបំពេញតម្រូវការសមរភូមិបន្ទាន់បំផុតរបស់ខ្លួន ដោយរួមបញ្ចូលទាំង កាំជ្រួចប្រឆាំងយន្តហោះ Stinger គ្រាប់រំសេវសម្រាប់ប្រព័ន្ធ HIMARS និងកាំភ្លើងធំ 155 mm និង 105 mm។

លោក Biden និងលោក Zelensky បានជួបគ្នា ក្រោយពេលដែលមេដឹកនាំទាំងពីរ បានចូលរួម ក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍ D-Day នៅភាគខាងជើង ប្រទេសបារាំង កាលពីថ្ងៃព្រហស្បតិ៍៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner