ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ ១៧១គ្រួសារ ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង

(ខេត្តស្វាយរៀង)៖ នាព្រឹកថ្ងៃសៅរ៍ទី៨ ខែ មិថុនា ឆ្នាំ២០២៤ សម្តេចកិតិសង្គហបណ្ឌិត ម៉ែន សំអន គណៈកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា បានដឹកនាំក្រុមការងារសាខា អនុសាខា នាំយកអំណោយមនុស្សធម៌ចុះសួរសុខទុក្ខ និងចែកជូនគ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់កាលពីថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ២០២៤ ។

គ្រោះធម្មជាតិខ្យល់កន្ត្រាក់នេះ បណ្តាលឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋនៅឃុំស្វាយចេក និងឃុំម៉ឺនជ័យ ស្រុករំដួល សរុបចំនួន ១៧១ខ្នង (ខូចខាតទាំងស្រុង ៩ខ្នង មធ្យម ១៦ខ្នង តិចតួច ១៤៦ខ្នង ) របួសស្រាលមនុស្ស ២នាក់ ។

សម្តេចកិតិសង្គហបណ្ឌិត ម៉ែន សំអន បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ ដែលជានិច្ចកាលសម្ដេច តែងតែគិតគូរពីសុខទុក្ខ និងជម្រុញឲ្យមានការដោះស្រាយបញ្ហានានារបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ។ ហើយសូមសម្តែងនូវការសោកស្តាយចំពោះការខូចខាត ទ្រព្យសម្បត្តិ ផ្ទះសំបែងបង្ករដោយគ្រោះធម្មជាតិដែលមិននឹកស្មានដល់ ទន្ទឹមនេះសម្តេច ក៏ផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពផ្ទាល់ខ្លួន និង ក្រុមគ្រួសារ ដោយត្រូវបិទទូរទស្សន៍ ទូរស័ព្ទ រកកន្លែងដែលមានសុវត្ថិភាព នៅពេលមានភ្លៀងធ្លាក់ ដែលងាយនឹងបង្កឲ្យមានគ្រោះថ្នាក់ដោយសាររន្ទះ ឬខ្យល់កន្ត្រាក់ ត្រូវមើលថែទាំកូនចៅឲ្យបានល្អ ជាពិសេសក្មេងតូចៗកុំឲ្យលេងទឹកដែលអាចបង្កឲ្យមានគ្រោះថ្នាក់ដោយករណីលង់ទឹក ត្រូវថែរក្សាសុខភាព និងមានអនាម័យល្អក្នុងការរស់នៅ ត្រូវត្រៀមឧបករណ៍ឲ្យបានគ្រប់គ្រាន់ក្នុងការបង្ករបង្កើនផលនារដូវវស្សានាឆ្នាំនេះឲ្យបានទាន់ពេលវេលា ។ សម្តេចកិតិសង្គហបណ្ឌិត ម៉ែន សំអន ក៍បានផ្តាំផ្ញើរដល់អាជ្ជាធរមូលដ្ឋានត្រូវសហការគ្នាក្នុងការជួយរៀបចំផ្ទះសំបែងប្រជាពលរដ្ឋដែលរងគ្រោះឱ្យបានសមរម្យឡើងវិញដើម្បីជាជម្រកសម្រាប់ពួកគាត់ស្នាក់នៅបន្ត ។

អំណោយដែលបានចែកជូនសម្រាប់គ្រួសាររងគ្រោះទាំងស្រុង និងមធ្យម ក្នុង ១ គ្រួសារទទួលបាន៖ អង្ករ ៣០ គ.ក្រ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប កន្ទេលជ័របត់ ១ មុង ១ សារុង ១ ភួយ ១ ក្រម៉ា ១ ថវិកា ៥ ម៉ឺនរៀល ដោយឡែកគ្រួសាររងគ្រោះទាំងស្រុងទទួលបានបន្ថែម៖ កៅស៊ូតង់ ១ ធុងទឹកជ័រ ១ ឆ្នាំងបាយ សម្លរ ២ ថវិកា ២ សែនរៀល ។

សម្រាប់គ្រួសាររងគ្រោះតិចតួចទទួលបានថវិកា ៦ ម៉ឺនរៀលសម្រាប់ទិញសម្ភារជួសជុលផ្ទះឡើងវិញ និងបានឧបត្ថម្ភ អ្នករបួស ក្នុងម្នាក់ថវិកា ២០ ម៉ឺនរៀល ។ ក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានឧបត្ថមថវិកាផ្ទាល់ខ្លួនបន្ថែមសម្រាប់គ្រួសាររងគ្រោះធ្ងន់ក្នុង ១ គ្រួសារ ២០ ម៉ឺនរៀល គ្រួសាររងគ្រោះមធ្យម ក្នុង ១ គ្រួសារ ៥ ម៉ឺនរៀល ៕

ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner