ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួងមហាផ្ទៃ

(ភ្នំពេញ)៖ ឯកឧត្តម ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួងមហាផ្ទៃ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដើម្បីពិនិត្យមើលតួនាទីភារកិច្ចរបស់ក្រសួងមហាផ្ទៃ ក្នុងការអនុវត្ដគោលនយោបាយបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ នារសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ ២០២៤ ។

មានប្រសាសន៍បើកកិច្ចប្រជុំ ឯកឧត្តមទេស រដ្ឋមន្រ្តីបានស្វាគមន៍ និងថ្លែងនូវការកោតសរសើរចំពោះក្រសួងមហាផ្ទៃ ដែលបានប្រឹងប្រែងយ៉ាង សកម្មក្នុងការចូលរួមឆ្លើយតបនឹងមេរោគអេដស៍។ ទន្ទឹមនឹងនេះ ឯកឧត្តម ទេសរដ្ឋមន្រ្តីក៏ថ្លែង អំណរគុណចំពោះក្រសួងមហាផ្ទៃ ដែលបានរៀបចំគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ និងឈានមកដល់ការរៀបចំកិច្ចប្រជុំនៅថ្ងៃនេះ។ ដោយទទួលបានការអនុញ្ញាតពីឯកឧត្តមទេសរដ្ឋមន្រ្តី លោកជំទាវ អុង សុភាវី ប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួងមហាផ្ទៃ បានមានចំណាប់អារម្មណ៍ និងបង្ហាញខ្លួនសមាជិកគណៈកម្មាធិការ។

លោកជំទាវ បានបញ្ជាក់ថា ក្រសួងមហាផ្ទៃបានរៀបចំកែសម្រួលសមាសភាពគណៈកម្មាធិការប្រយុទ្ធនឹងជំងឺ អេដស៍ និងកាមរោគ ធ្វើផែនការសកម្មភាព និងផែនការថវិកា ព្រមទាំងដាក់ឆ្លងថ្នាក់ដឹកនាំក្រសួង និងបញ្ជូនទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុទាន់ពេលវេលា។ បន្ថែមលើនេះ ក្រសួងក៏បានរៀបចំកិច្ចប្រជុំជាមួយ សមាសភាពតាមអង្គភាពស្តីពីផែនការយុទ្ធសាស្រ្តផងដែរ។

លោកស្រី សម្បត្តិ រតនា បានធ្វើបទបង្ហាញស្តីពីផែនការយុទ្ធសាស្រ្ត៥ឆ្នាំ ដែលជាគោលដៅក្រសួង មហាផ្ទៃក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ព្រមទាំងជំងឺកាមរោគ។ បន្ទាប់ពីបទបង្ហាញ កិច្ចប្រជុំបានពិភាក្សាអំពីចំណុចសំខាន់ៗក្នុងគោលនយោបាយបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ ២០២៣-២០២៨ ពាក់ព័ន្ធនឹងក្រសួងមហាផ្ទៃ ដែលត្រូវធ្វើឱ្យសម្រេច។

ឯកឧត្តមទេសរដ្ឋមន្រ្តីបានផ្តល់ប្រសាសន៍ការណែនាំឱ្យយកចិត្តទុកដាក់ ក្នុងការពង្រឹងប្រព័ន្ធជាតិឆ្លើយតបជាពហុវិស័យ ៖ ១- ធ្វើឱ្យដំណើរការគណៈកម្មាធិការអេដស៍គ្រប់ លំដាប់ថ្នាក់ ២- រៀបចំផែនការសកម្មភាពប្រយុទ្ធនឹងជំងឺអេដស៍គ្រប់លំដាប់ថ្នាក់ ៣- ចាត់វិធានការឱ្យអង្គការក្រៅរដ្ឋាភិបាល ឬសង្គមស៊ីវិលចុះបញ្ជីនៅក្រសួងមហាផ្ទៃ ដែលផ្តល់ហិរញ្ញប្បទាន ឬអនុវត្ត កម្មវិធីអេដស៍ឱ្យចូលរួមក្នុងប្រព័ន្ធជាតិឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍ ៤- ចាត់វិធានការឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ អនុញ្ញាតឱ្យតំណាងអ្នកផ្ទុកមេរោគអេដស៍ តំណាងប្រជាជនគន្លឹះ និងតំណាង សហគមន៍ងាយរងគ្រោះ ចូលរួមក្នុងគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ យន្តការពាក់ព័ន្ធនឹងការ ឆ្លើយតបមេរោគអេដស៍នៅគ្រប់លំដាប់ថ្នាក់ ៥-ចាត់វិធានការលើកទឹកចិត្តវិស័យឯកជន ឱ្យចូលរួមក្នុង ប្រព័ន្ធជាតិឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ តាមរយៈការផ្តល់របាយការណ៍ទៀងទាត់អំពីរាល់ សកម្មភាពបង្ការការពារ ថែទាំ ព្យាបាល និងតាមរយៈការចូលរួមជាទៀងទាត់ក្នុងកិច្ចប្រជុំ ឬវេទិកាពិគ្រោះ យោបល់។

ឯកឧត្តមទេសរដ្ឋមន្រ្តីក៏បានណែនាំលម្អិតពីការចូលរួមអនុវត្តគោលនយោបាយរបស់ក្រសួងមហាផ្ទៃ ក្នុងការពង្រីក ពង្រឹង និងពន្លឿន កម្មវិធីបង្ការ ការពង្រីក ពង្រឹង ពន្លឿនកម្មវិធី ថែទាំនិងព្យាបាល ការពង្រឹង ពង្រីក និងពន្លឿនកម្មវិធីគាំពារសង្គម បញ្ចប់ការរើសអើង និងមាក់ងាយ និងពង្រឹងប្រសិទ្ធភាពប្រព័ន្ធតាមដាននិងវាយតម្លៃផងដែរ។

ឯកឧត្តមទេសរដ្ឋមន្រ្តីបានថ្លែង អំណរគុណលោកជំទាវប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួងមហាផ្ទៃដែលបានប្រឹងប្រែងបំពេញភារកិច្ច និងបានជូនពរលោកជំទាវ ព្រមទាំងសមាជិកអង្គប្រជុំឱ្យជួប ប្រទះតែជោគជ័យ និងបន្តធ្វើការងារជាមួយគ្នាឱ្យសម្រេចជោគជ័យ៕

អត្ថបទ៖ វណ្ណលុក
ប្រភព-អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner