ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា អំពាវនាវដល់ប្រព័ន្ធផ្សព្វផ្សាយកម្ពុជា និងចិន រួមគ្នា លើកកម្ពស់ផ្សព្វផ្សាយវប្បធម៌ ទេសចរណ៍ វិនិយោគ

(ភ្នំពេញ)៖ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអំពាវនាវដល់ប្រព័ន្ធផ្សព្វផ្សាយកម្ពុជានិងចិន ធ្វើកិច្ចសហប្រតិបត្តិការរួមគ្នាផ្សព្វផ្សាយព័ត៌មានពិតអំពីកម្ពុជានិងប្រទេសចិនដើម្បីចូលរួមពង្រឹងសាមគ្គីភាព និងមិត្តភាពនៃប្រទេសទាំងពីរក៏ដូចជាចូលរួមក្នុងការលើកកម្ពស់ផ្សព្វផ្សាយវប្បធម៌ ទេសចរណ៍ វិនិយោគ។

ការអំពាវនាវនេះធ្វើឡើងនៅក្នុងឱកាសដែលឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ចូលរួមជាមួយលោកជំទាវ ជឹង យៀន សមាជិកអចិន្ត្រៃយ៍និងជាប្រធានផ្នែកឃោសនាការនៃគណៈកម្មាធិការគណបក្សកុម្មុយនិស្តចិនខេត្តយូណាន បើកសម្ពោធកម្មវិធីសំឡេងទីតាំងបេតិកភណ្ឌ«ដើរកម្សាន្តនៅយូណាន ទៅទស្សនានៅអង្គរ» កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងគួនមីង ខេត្តយូណាន ប្រទេសចិន ។

យុទ្ធនាការដ៏សំខាន់ក្នុងការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍បេតិកភណ្ឌ និងវប្បធម៌នៃប្រទេសទាំងពីរ និងដើម្បីជំរុញកំណើនទេសចរណ៍ឱ្យកាន់តែខ្លាំង ហើយប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មានពិតជាដើរតួនាទីសំខាន់ក្នុងការបញ្ជូនព័ត៌មានពិត ពីសក្កានុពលទេសចរណ៍ បេតិកភណ្ឌ និងវប្បធម៌ដល់ប្រជាពលរដ្ឋ។

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា ក្នុងនាមជាស្ថាប័នប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន យើងមានការទទួលខុសត្រូវក្នុងការផ្សព្វផ្សាយអំពីកិច្ចសហប្រតិបត្តិការកម្ពុជា-ចិនទៅកាន់ពិភពលោក តាមរយៈវេទិកាប្រព័ន្ធផ្សព្វផ្សាយចម្រុះទាំងបុរាណនិងទំនើប និងបច្ចេកវិទ្យាឌីជីថល ដើម្បីបង្ហាញនូវភាពទាក់ទាញដ៏ពិសេស និងប្រកបដោយសក្តានុពលនៃបេតិកភណ្ឌពិភពលោកនៅកម្ពុជា និងខេត្តយូណានប្រទេសចិន និងសមិទ្ធផលដែលទទួលបានពីកិច្ចសហប្រតិបត្តិការរវាងភាគីកម្ពុជា-ចិន ក្នុងការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ និងវប្បធម៌ ដើម្បីទាក់ទាញការចាប់អារម្មណ៍និងការគាំទ្រ សំដៅពង្រឹងការការពារនិងអភិរក្សបេតិកភណ្ឌរួមរបស់មនុស្សជាតិ»។

នៅក្នុងឱកាសនៃការបើកសម្ពោធកម្មវិធីសំឡេងទីតាំងបេតិកភណ្ឌ«ដើរកម្សាន្តនៅយូណាន ទៅទស្សនានៅអង្គរ», លោកជំទាវ ជឹង យៀន សមាជិកអចិន្ត្រៃយ៍និងជាប្រធានផ្នែកឃោសនាការនៃគណៈកម្មាធិការគណបក្សកុម្មុយនិស្តចិនខេត្តយូណាន បានបង្ហាញនូវក្តីសង្ឃឹមថា ភាគីចិននិងកម្ពុជានឹងយកព្រឹត្តិការណ៍នេះជាឱកាសដ៏សំខាន់ដើម្បីរួមគ្នាជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យសារព័ត៌មាន។

លោកស្រីបានគូសបញ្ជាក់ថា ក្នុងនាមជាស្ពានសម្រាប់បង្កើនការផ្លាស់ប្តូរប្រជាជននិងប្រជាជន ប្រព័ន្ធផ្សព្វផ្សាយមានតួនាទីដ៏សំខាន់ក្នុងការបង្កើនទំនាក់ទំនងរវាងប្រទេសចិន និងបណ្តាប្រទេសនានាលើពិភពលោក ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner