ដោះស្រាយសំណូមពរប្រជាពលរដ្ឋ ប្រធានក្រុមការងារថ្នាក់ជាតិឃុំព្រែកហ្លួង រៀបចំកាយប្រឡាយ លើកផ្លូវលំជាងបួនគីឡូម៉ែត្រ

បាត់ដំបងៈឆ្លើយតបនឹងសំណូមពរចាំបាច់របស់ប្រជាពលរដ្ឋឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ឯកឧត្តមខាត់ សាត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំព្រែកហ្លួងនិងសហការីរួមជាមួយអាជ្ញាធរឃុំបានដាក់គ្រឿងចក្រកាយប្រឡាយនិងលើកផ្លូវលំប្របប្រឡាយប្រវែងជាង៤ ០០០ម៉ែត្រ និងធ្វើទំនប់ទប់ច្រាំងស្ទឹងប្រវែងជាង២០០ម៉ែត្រ ។

តាមរយៈសកម្មភាពនេះប្រជាពលរដ្ឋនៅឃុំព្រែកហ្លួង បានបង្ហាញនូវក្តីសប្បាយរីករាយ ពីព្រោះសំណូមពររបស់ពួកគាត់ត្រូវបានឆ្លើយតបទាន់កាលៈទេសៈ។

នៅឃុំព្រែកហ្លួង ស្រុកឯកភ្នំ នារដូវវស្សានិងពេលមានទឹកជំនន់ខ្លាំងម្តងៗទឹកបានហូរចូលភូមិ បណ្ដាលឲ្យដំណាំកសិកម្មរាប់សិបហិកតា និងផលវារីវប្បកម្មត្រូវខូចខាត។ប្រជាពលរដ្ឋរំពឹងថាបន្ទាប់ពីបានប្រឡាយភ្ជាប់ផ្លូវលំនេះ ហើយ នឹងជួយរំដោះទឹកជំនន់បានមួយកម្រិត ហើយក៏អាចអនុញ្ញាតប្រជាកសិករដាំដំណាំចម្ការនិងដំណាំបន្លែក្នុងរដូវប្រាំងបានទៀតផង។ ប្រឡាយនេះក៏ជួយសម្រួលក្នុងការទាញយកប្រភពទឹកពីស្ទឹងសង្កែដើម្បីស្រោចស្រពដំណាំផងដែរ។

លោកស្រី សឿង វណ្ណា មេឃុំព្រែកហ្លួង បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំនិងក្រុមការងារថ្នាក់ជាតិចុះជួយឃុំ។ ជាពិសេសឯកឧត្តមខាត់ សាត ដែលបានផ្តល់ នូវសមិទ្ធផលទាំងនេះ ។

រីឯលោក ខៃ កក្កដា មេភូមិរហាលសួងនិងតំណាងឲ្យមេភូមិទាំងអស់ក្នុងឃុំព្រែកហ្លួង បានថ្លែងអំណរគុណឯកឧត្តមប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំ ដោយចាត់ទុកថាសមិទ្ធផលដែលកើតឡើងនេះ គឺជាការយកចិត្តទុកដាក់របស់ឯកឧត្តមប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំ និង សហការី ព្រមទាំងអាជ្ញាធរមូលដ្ឋាន ដែលបានខិតខំដោះស្រាយនូវបញ្ហាប្រឈមចំពោះមុខនិងកង្វល់នានា របស់ បងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានបានទាន់ពេលវេលា ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប. )

ads banner